​លោក​សម រង្ស៊ី​ថា​​លោក​ហ៊ុន សែន​​មិន​បិទ​ជើងហោះហើរ​​ពី​ចិន​គឺ​ដើម្បី​រក្សា​អំណាច​​

31-01-2020 5:00 pm 1872

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទាត់ចោល​ការលើកឡើងរ​បស់​លោក​សម រង្ស៊ី ដែលថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​មិន​បិទ​ជើងហោះហើរ​ពី​ចិន​មក​កម្ពុជា ដោយ​សុខចិត្ត​ទទួលយក​ហានិភ័យ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ដោយ​ជំងឺ​វីរុស​កូរ៉ូណា ដើម្បី​ការពារ​អំណាច​របស់ខ្លួន គឺ​មិន​ពិត​នោះទេ​។

​លោក សម រង្ស៊ី អតីត​ប្រធាន​អតីគណ​បក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ការសម្រេចចិត្ត​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មិន​បិទ​ជើងហោះហើរ​ពី​ចិន​មក​កម្ពុជា ជាការ​សុខចិត្ត​ទទួលយក​ហានិភ័យ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ដោយ​ជំងឺ​វីរុស​កូរ៉ូណា​មកពី​ប្រទេ​សចិន ដើម្បី​ការពារ​អំណាច​របស់ខ្លួន​។ 

​លោក សម រង្ស៊ី បានលើកឡើង​ក្នុង​ហ្វេ​សប៊ុក​របស់លោក​យ៉ាង​ដូច្នេះ​ថា «​ប្រទេស​វៀតណាម ប្រទេស​រុស្ស៊ី និង​ប្រទេស​មួយចំនួន ដែលមាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​ប្រទេស​ចិន ក៏​គេ​បិទ​ព្រំដែន​គេ មិនឲ្យ​អ្នកធ្វើដំណើរ​ពីប្រ​ទេសចិន ចូលមកក្នុង​ប្រទេស​គេ​ដែរ​។ ហ៊ុន សែន សុខចិត្ត​ទទួលយក​ហានិភ័យ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ដោយ​ជំងឺ​មកពី​ប្រទេស​ចិន ពីព្រោះ​គាត់​ត្រូវការ​ចិន ដើម្បី​ការពារ​អំណាច​ផ្តាច់ការ ពុករលួយ និង​ក្បត់ជាតិ ដែល​គាត់​ដឹកនាំ​សព្វថ្ងៃ​»​។​

​អតីត​ប្រមុខ​ដឹកនាំ​នៃ​អតីគណ​បក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​បន្ថែមថា «​គាត់​នៅតែ​បន្ត​ឲ្យ​ទេសចរ និង​អ្នកធ្វើដំណើរ​ផ្សេងៗ មកពី​ប្រទេស​ចិន ចូលមក​ប្រទេស​កម្ពុជា តាមចិត្ត ដូច​ធម្មតា ក្នុងខណៈដែល​ពិភពលោក​ទាំងមូល ប្រកាស​ភាពអាសន្ន ដើម្បី​ទប់ស្កាត់​វីរុស​កូរ៉ូណា កុំឲ្យ​រាលដា​លពី​ប្រទេ​សចិន ចូលមក​ប្រទេស​នានា​ផ្សេងទៀត​។​

​ឆ្លើយតប​នូវ​អ្វីដែល​លោក សម រង្ស៊ី លើកឡើង​ខាងលើនេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ច្រានចោល​ផងដែរ ដោយ​លោក​ថា ការលើកឡើង​នេះ​គ្រាន់​ជាការ​មួលបង្កាច់​មកលើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ ហើយ​ការលើកឡើង​នេះ​ទៀតសោធ ក៏​មិន​ឆ្លុះបញ្ចាំង​អំពី​ការពិត​នៃ​ការសម្រេច​របស់លោក ហ៊ុន សែន ផងដែរ​។ ជាមួយគ្នា​នោះ លោក​បាន​គូសបញ្ជាក់ ការសម្រេចចិត្ត​បិទ​ព្រំដែន​ជាមួយ​ចិន របស់​ប្រទេស​ដ៏​ទៃ វា​ជា​រឿង​របស់​ប្រទេស​នោះ មិន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​ប្រទេស​កម្ពុជា​ទេ ព្រោះ​វា​ការសម្រេចចិត្ត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​…………

​សំឡេង​៖

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​នៅ​ថ្ងៃទី​៣០ មករា ឆ្នាំ​២០២០​ថា កម្ពុជា​មិន​បិទ​ជើងហោះហើរ​មកពី​ប្រទេស​ចិន​ឡើយ​។ លោក​ថា ការស្នើឲ្យ​មាន​ការបិទ​ការហោះហើ​រទាំ​ង​អស់ពី​ចិន​មក​កម្ពុជា គឺជា​ការសម្លាប់​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ចជាតិ និង​ជា​ការកាត់បន្ថយ​ទំនាក់ទំនង​កម្ពុជា​-​ចិន​។ ប្រតិកម្ម​របស់លោក ហ៊ុន សែន ដូច្នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Right Watch) ដែលថា​គួរ​មាន​ការស្តីបន្ទោស​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុញ្ញាតឲ្យ​មានជើ​ង​ហោះហើ​យ​ពី​ចិន​មក​កម្ពុជា ហើយ​បាន​ឆ្លង​មេរោគ​។ ការឆ្លើយតប​នេះ ក៏​សំដៅ​ទៅលើ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែលមាន​សំណូមពរ ឲ្យមាន​ការជន្លៀស​ពលរដ្ឋ​ខ្មែរ​ចេញពី​ប្រទេស​ចិន​ដែរ​។ ជាមួយគ្នានេះ លោក​នាយករដ្ឋមន្ត្រី ក៏​បានបញ្ជាក់​ដែ​រឲ្យមន្ត្រី​ការទូតក​ម្ពុ​ជា​គ្រប់​ជាន់ថ្នាក់​ប្រចាំ​នៅ​ប្រទេស​ចិន និង​និស្សិត​ខ្មែរ​ផង​ស្ថិតនៅ​ទីនោះ ដែល​នេះ​បង្ហាញ​ពី​ការរួម​សុខ​រួមទុក្ខ​ជាមួយ​មិត្ត​ចិន​។​

​សូមបញ្ជាក់ថា ក្រោយពី​ប្រទេស​ចិន កំពុង​ផ្ទុះ​នៅ​ការឆ្លង​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​វីរុស​កូរ៉ូណា បណ្ដាលឱ្យ​ឆ្លង និង​ស្លាប់​មនុស្ស​ជាច្រើន​នាក់​នោះ មាន​ប្រទេស​មួយចំនួន បាន​បិទ​ជើងហោះហើរ​មក​ប្រទេស​ចិន ចូលមក​ប្រទេស​ខ្លួន និង​បាន​ជម្លៀស​ប្រជាជន​របស់គេ​ចេញពី​ប្រទេស​ចិន​ផងដែរ​។ ជាមួយគ្នា​ប្រទេស​ដែល​ជាប់​ព្រំដែន​ជាមួយនឹង​ចិន មានដូចជា​ប្រទេស​រុស្ស៊ី និង​វៀតណាម បានសម្រេច​បិទ​ច្រកព្រំដែន​ផងដែរ ដើម្បី​បង្កា​រកា​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​វីរុស​កូរ៉ូ​ណានេះ​៕  

ព័ត៌មានផ្សេងទៀត