តែមួយ​ខែ​​វីរុស​​កូរ៉ូណា​​ធ្វើឲ្យ​ចិន​​ខាតបង់​​សេដ្ឋកិច្ច​​ប្រមាណ​​៤៣​​ពាន់​លាន​ដុល្លារ​

31-01-2020 3:22 pm 229

​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខា​ស៊ី​ខន​(Kasikorn)​បានបញ្ជាក់​ពី​លទ្ធផល​ស្រាវជ្រាវ​របស់ខ្លួន ទៅលើ​ការខាតបង់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ក្នុងអំឡុងពេល​ផ្ទុះ​វីរុស​កូរ៉ូណា​រយៈពេល​មួយ​ខែមករា​។ តាម​តួលេខ​បង្ហាញថា​ដោយសារតែ​ផ្ទុះ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ពី​វីរុស​កូរ៉ូណា​ចេញពី​ទីក្រុង​វូ​ហាន បានធ្វើឲ្យ​ចិន​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ​៣០០​ពាន់​លាន​យ័ន ស្មើនឹង​ប្រមាណ​៤៣​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ប្រទេស​ចិន​បាន​ហាមឃាត់​ពលរដ្ឋ​មិនឲ្យ​កក់ដំណើរ​កម្សាន្ដ​ក្រៅប្រ​ទេស មិនឲ្យ​កក់​ជើងហោះហើរឬ​សណ្ឋាគារ​នៅក្រៅ​ស្រុកឡើយ​ចន្លោះពេល​ផ្ទុះ​វី​រុសនេះ ខណៈ​វា​កំពុង​រីក​រាលដាល​ទៅក្នុង​ប្រទេស​ជាច្រើន​ទៀត​ក្រៅពី​ដែនដី​ចិន​។ ចិន​ក៏​រឹតបន្ដឹង​ការធ្វើដំណើរ​ទៅកាន់​ខេត្ដ​ហ៊ូ​ប៉ី​ផងដែរ ជា​ខេត្ដ​ដើមកំណើត​នៃ​ការផ្ទុះ​វីរុស​កូរ៉ូណា​។ 

​ការស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ខា​ស៊ីខន​បង្ហាញ​ឲ្យដឹង​ដែរថា ជាមួយនឹង​ការ​ផ្ទុះឡើង​នូវ​វីរុស​ដែល​ពុំទាន់​រកឃើញ​ទីបញ្ចប់​នេះ ធ្វើឲ្យ​ខាត់​បង់​សេដ្ឋកិច្ច​ដល់​៣០០​ពាន់​លាន​យ័ន​ក្នុង​រយៈពេល​មួយខែ ដោយ​កាត់បន្ថយ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន​ចំនួន​០.៣​ភាគរយ​។ ក្នុងនោះ​ប៉ះពាល់​ដល់​វិស័យ​លក់រាយ ដឹកជញ្ជូន និង​វិស័យ​សេវាកម្ម​មួយចំនួនទៀត​។ ក្រុម​ស្រាវជ្រាវ​និយាយថា​ការខាតបង់​នៅក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​គិត​ជា​ទឹកប្រាក់​ប្រហែល​២១៥​ពាន់​លាន​យ័ន​ឬ​៧០​ភាគរយ​នៃ​ការខាតបង់​សរុប​ក្នុង​ខែមករា​។ 

​ចំពោះ​ការ​លក់រាយ​ត្រូវបាន​សន្និដ្ឋានថា​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ​បំផុត ដោយសារតែ​ការផ្ទុះ​វីរុស​កូរ៉ូណា ព្រោះ​ពលរដ្ឋ​ចិន​ចៀសវាង​ការទិញ​ទំនិញ​តាម​អន​ឡា​ញ ហើយ​ការលក់ទំនិញ​ប្រណីតៗ​ផ្សេងទៀត​ក៏​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ការខាតបង់​ដែល​បាន​ប៉ាន់ស្មាន​លើ​វិស័យ​លក់រាយ​មាន​ចំនួន​១៣០​ពាន់​លាន​យ័ន​។ ដោយសារតែ​ការធ្វើដំណើរ​កំពុង​រឹត​បន្ដឹង​ហើយ​ផែនការ​ធ្វើដំណើរ​មួយចំនួន​ត្រូវ​លុបចោល ការខាតបង់​រួម​សម្រាប់​វិស័យ​ដឹកជញ្ជូន​និង​សេវាកម្ម​នានា​សរុប​ប្រមាណ​១៧០​ពាន់​លាន​យ័ន​។ 

​យោងតាម​ការស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ខា​ស៊ី​ខន​ឬ​K-Research កំណើនសេដ្ឋកិច្ច​ចិន​នៅ​ឆ្នាំ​២០២០​អាច​ធ្លាក់​ចុះក្រោម​៥​ភាគរយ ប្រសិនបើ​ការ​ផ្ទុះឡើង​នូវ​វីរុស​កូរ៉ូណា​នៅតែ​បន្ដ​រីករា​លដាល​ក្នុង​រយៈពេល​ជាង​៣​ខែ​។ វា​ក៏​នឹង​ទំនងជា​ជះឥទ្ធិពល​ដល់​ប្រាក់ចំណូល​នៃ​វិស័យ​ជាច្រើន​ផ្សេងទៀត​។  ការភ័យខ្លាច​នៃ​ការឆ្លង​រាលដាល​ត្រូវបាន​រកឃើញ​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​តាមរយៈ​ការលក់​ភាគហ៊ុន​។ ប្រទេស​ចិន​មាន​ចំណែក​ខ្ពស់​នៃ​សេដ្ឋកិច្ចពិភពលោក និង​កាន់​តែមាន​ទំនាក់ទំនង​គ្នា​ជាមួយ​សេដ្ឋកិច្ច​ប្រទេស​ដទៃ​ចាប់តាំងពី​ឆ្នាំ​២០០២-២០០៣ ដែល​កាលនោះ​ក៏មាន​ផ្ទុះ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​មួយ​ឈ្មោះ​ជ​ងឺ​SARS​។​

​អ្នកជំនាញ​ផ្នែក​វិនិយោគ​បាន​និយាយថា ប្រសិនបើ​ការរីក​រាលដាល​វីរុស​កូរ៉ូ​ណា​មានខ្លាំង​នៅ​ខាង​ក្រៅប្រទេស​ចិន នោះ​បន្ទុក​លើ​វិស័យ​ថែទាំ​សុខភាព​នៅក្នុង​ប្រទេសរ​ង​ផលប៉ះពាល់​នឹង​កើនឡើង​ខ្លាំង​។ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​និង​វិស័យ​ដែល​ពឹងផ្អែក​លើ​តម្រូវការ​របស់​ចិន​នឹងត្រូវ​រង​ការប៉ះពាល់ នៅពេល​តម្រូវការ​នោះ​កាន់តែ​ចុះខ្សោយ​៕

ព័ត៌មានផ្សេងទៀត