​​បញ្ហា​ប្រឈម​អ្វីខ្លះ​​​ទើប​កម្ពុជា​ទម្លាក់​ការព្យាករណ៍​​​កំណើនសេដ្ឋកិច្ច​មកនៅត្រឹម៦%?​​

31-01-2020 2:00 pm 288

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០ នឹងមាន​ត្រឹមតែ ៦.១% ប៉ុណ្ណោះ បន្ទាប់ពី​មាន​ហា​នី​ភ័យ​មួយចំនួន​កើតឡើង​ទាំង​នៅក្នុង​ពិភពលោក ក៏ដូចជា​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់ ខណៈ​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧.៥% ឬ ៧.១%​នៅក្នុង​មួយឆ្នាំ​។

​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វ​ត្ថ បាន​ទម្លាក់​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២០ ពី ៦.៥ ភាគរយ​ដែល​ព្យាករណ៍​ពីមុន មក​នៅត្រឹម ៦.១ ភាគរយ​ប៉ុណ្ណោះ​។ ការទម្លាក់​ការព្យាករណ៍​នេះ គឺ​បណ្តាលមកពី​កត្តា​ហានិភ័យ​មួយចំនួន​ដូចជា ការធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក ភាពមិនប្រាកដប្រជា​នៅ​តំបន់​មជ្ឈឹម​បូ​ព៌ា ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក ការប្រែប្រួល​អាកាសធាតុ និង​ការ​ផ្ទុះឡើង​នៃ​ជំងឺឆ្លង ដែល​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស នៅក្នុង​ប្រទេស​ចិន និង​ការ​ប្រឈម​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពី​សហភាព​អឺរ៉ុប EBA ជាដើម​។​

​លោក ផាន ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឲ្យដឹង​នៅក្នុង​វេទិកាសាធារណៈ​ស្ដីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៣០ ខែមករា​ថា ទោះបីជា​ភាព​តានតឹង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក បាន​ធូរស្បើយ​បន្តិច​ក៏ដោយ ក៏​សេដ្ឋកិច្ច​របស់​ពួកគេ​នៅតែ​ធ្លាក់ចុះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ភូមិសាស្ដ្រ​នយោបាយ ហើយ​ជាពិសេស​ការផ្ទុះ​វីរុស​កូរ៉ូណា ដែល​នឹង​រារាំង​កំណើន​សេដ្ឋកិច្ចពិភពលោក​។ មន្ត្រី​ជំនាញ​សេដ្ឋកិច្ច​កម្ពុជា បាន​កត់សំគាល់ថា ការធ្លាក់ចុះ​នេះ គឺ​មិនមែន​មានតែ​កម្ពុជា​នោះទេ ប្រទេស​នៅ​តំបន់​អាស៊ាន​ខ្លះ ក៏បាន​ទម្លាក់​ការព្យាករណ៍​របស់ខ្លួន​ដែរ​។​

​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានលើកឡើង​នៅក្នុង​វេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តីពី​ថវិការ​ជាតិ​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៣០ ខែមករា​ថា ប្រសិនបើ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈមមុខ និង​ហានិភ័យ​ខាងលើនេះ​បាន នោះ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នឹង​នៅ​រក្សាបាន​កំណើន ៦.៥% ដូច​ការព្យាករណ៍​នា​ពេលកន្លងមក នោះ​បើ​ការដាក់ចេញ​នូវ​វិធានការ​នៃ​ការគ្រប់គ្រង​ហានិភ័យ និង​កំណែទម្រង់​បានល្អ​។ ជាមួយគ្នា​នោះ​លោក​ឲ្យដឹងថា ការធ្លាក់ចុះ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​រយៈពេល ២​ខែ​ចុងក្រោយ​កាលពី​ឆ្នាំមុន ដោយសារ​រដ្ឋាភិបាល បាន​ហាមឃាត់​ការលេង​ល្បែងភ្នាល់​អន​ឡាញ ដែល​ជំរុញ​ឲ្យ​វិស័យ​ផ្សេងទៀត​ធ្លាក់ចុះ ជាពិសេស​វិស័យ​សំណង់ អចលនទ្រព្យ និង​ទេសចរណ៍ ហើយ​វា​បន្ត​រហូត​មកដល់ពេលនេះ​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧.៥% ឬ ៧.១%​នៅក្នុង​មួយឆ្នាំ ហើយ​កាលពី​ឆ្នាំ​២០១៩​កន្លងទៅ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា គឺ​ស្ថិតនៅក្នុង​រង្វង់​៧%​។ ប៉ុន្តែ​ដោយ​ផ្អែកលើ​ស្ថានភាព និង​ការប្រែប្រួល រួមទាំង​ការ​ប្រឈម​នឹង​ការបាត់បង់ ឬ​មិន​បាត់បង់​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប កម្ពុជា​បាន​បន្ត​ទម្លាក់​ការព្យាករណ៍​របស់ខ្លួន​ពី ៦.៥% នៅ​ឆ្នាំ ២០១៩ មក​នៅត្រឹម​រង្វង់ ៦% ឬ ៦.១% ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២០៕

ព័ត៌មានផ្សេងទៀត