ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ បាញ់រះ​លើ​ក្រុមអ្នកតវ៉ា​ប្រឆាំងច្បាប់សញ្ជាតិ​ឥណ្ឌា​

30-01-2020 5:11 pm 417

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា ខ្មាន់កាំភ្លើង​ស្លៀកពាក់​ស៊ីវិល បាន​ស្រែក​ពាក្យស្លោក​ប្រឆាំងនឹង​អ្នក​តវ៉ា មុនពេល​ដក​កាំភ្លើង​បាញ់រះ​លើ​ក្រុមបាតុករ ដែល​ប្រមូលផ្តុំ​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សញ្ជាតិ ក្បែរ​សាកលវិទ្យាល័យ​មួយ នៅក្នុង​ទីក្រុង​ញូ​វ​ឌែ​លី​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០២០​។ ការបាញ់ប្រហារ​នេះ បណ្តាលឲ្យ​អ្នក​តវ៉ា​ម្នាក់​រងរបួស​។ ចំណែក​ខ្មាន់កាំភ្លើង ត្រូវបាន​ប៉ូលិស​ដែល​ដាក់ពង្រាយ​នៅក្បែរនោះ ឃាត់ខ្លួន​បាន​ភ្លាមៗ​។ មូលហេតុ​ច្បាស់លាស់ នៅ​ពីក្រោយ​ការបាញ់ប្រហារ​នេះ មិនទាន់​ដឹង​នៅឡើយ​ទេ​។ ចាប់តាំងពី​ការតវ៉ា​ផ្ទុះឡើង នេះ​ជា​លើក​ទី​១​ហើយ ដែលមានឧ​ប្ប ត្តិ​ហេតុ​បែបនេះ​កើតឡើង​។​

​បាតុកម្ម​ប្រឆាំងនឹង​ច្បាប់​សញ្ជាតិ​នៅ​ឥណ្ឌា បាន​ផ្ទុះឡើង​ស្ទើរ​ទូទាំងប្រទេស និង​អូសន្លាយអ​ស់​រយៈពេ​លជាង​១​ខែ​មកហើយ​។ ពោល ចាប់តាំងពី​ច្បាប់​នេះ ត្រូវបាន​សភាជាតិ​ឥណ្ឌា​អនុម័ត​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​មក​។ ដំបូង​ជា​ការតវ៉ា​ដោយ​អហិង្សា​ប៉ុណ្ណោះ តែ​បាន​រីក​រាលដាល​ជា​អំពើហិង្សា ការប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​និង​ប៉ូលិស បណ្តាលឲ្យមាន​មនុស្ស​ស្លាប់​និង​ចាប់ខ្លួន​ជាច្រើន​នាក់​។ 

​ការ​ងើប​តវ៉ា​ទ្រង់ទ្រាយ​ធំ​នេះ ដោយសារតែ​ប្រជាជន​ឥណ្ឌា​កាន់សាសនា​អ៊ីស្លាម​យល់ថា ច្បាប់​សញ្ជាតិ​ដែល​បាន​កែប្រែ​រួច មាន​ចរិត​រើសអើង ប្រឆាំងនឹង​ប្រជាជន​មូស្លីម ត្បិត​ត​ច្បាប់​សញ្ជាតិ​នេះ បើកផ្លូវ​ឲ្យ​អ្នក​ដែល​មិន​កាន់សាសនា​អ៊ីស្លាម មកពី​ប្រទេស​បង់​ក្លា​ដែស ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គានី​ស្ថាន អាច​ស្នើសុំ​សញ្ជាតិ​ឥណ្ឌា​បាន កាន់តែ​ងាយស្រួល​ជាង​មុន​។ ពីមុន​ជនជាតិភាគតិច​រស់នៅ​ឬ​ធ្វើការ​នៅ​ក្នុងប្រទេស​ឥណ្ឌា បាន​ចំនួន​១១​ឆ្នាំ ទើប​អាចដាក់​ពាក្យស្នើសុំ​សញ្ជាតិ​បាន ប៉ុន្តែ​ច្បាប់​ដែល​ទើបតែ​កែប្រែ​រួច​នេះ បន្ថយ​នៅត្រឹមតែ​៦​ឆ្នាំ​ប៉ុណ្ណោះ​។​

​កន្លងមក​លោក​ណារិន ដ្រា​មូឌី​នាយករដ្ឋមន្ត្រី​ឥណ្ឌា ពន្យល់ថា ច្បាប់​សញ្ជាតិ​ថ្មី មិន​ប៉ះពាល់​ដល់​ប្រជាជន​ឥណ្ឌា ១,៣ ពាន់​លាន​នាក់​ទេ​។ លោក​ប្រាប់​ប្រជាជន​កុំឲ្យ​មាន​ការព្រួយបារម្ភ​ឲ្យសោះ ព្រោះ​ច្បាប់​នេះ​នឹងមិន​ផ្លាស់ប្តូរ​អ្វី​គ្រប់យ៉ាង​សម្រាប់​ពួកគេ​ឡើយ​។ យ៉ាងណាក៏ដោយ ការប្រកាស​នេះ​មិនបាន​ធ្វើឲ្យ​ប្រជាជន​មួយចំនួន​ស្ងប់ចិត្ត​ទេ ដោយ​ពួកគេ​នៅតែ​បន្ត​ប្រមូលផ្តុំ​តវ៉ា​មកទល់​បច្ចុប្បន្ន​៕

ព័ត៌មានផ្សេងទៀត