ហាត់យូហ្កាផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងទាំងសុខភាពនិងសម្រស់

29-01-2020 4:18 pm 145
  ស្តាប់
ស្តាប់ជាសំឡេង

ហាត់យូហ្កា គឺជាការផ្ដល់ជំនួយមួយផ្នែកដល់សុខភាពរាងកាយ និងជំនួយមួយផ្នែកធំទៀតដល់សុខភាពផ្លូវចិត្តនឹងសម្រស់។ យូហ្គា អាចជួយឲ្យអ្នកកាត់បន្ថយបាននូវភាពតានតឹង ពង្រឹងសាច់ដុំ ធ្វើឲ្យខ្លួនអ្នកមានសុវត្ថិភាពនិងសុខុមាលភាពកាន់តែប្រសើរជាងមុន។

យូហ្កាជាលំហាត់ប្រាណដ៏អស្ចារ្យមួយ ដែលមនុស្សជាច្រើនជាពិសេសស្រ្តីនិយមនាំគ្នាហាត់ស្ទើរជាប្រចាំ។ អស់រយៈពេលជាយូរមកហើយ មនុស្សបានអនុវត្តការហាត់យូហ្គា ព្រោះវាពិតជាអាចភ្ជាប់ទំនាក់ទំនងរវាងចិត្តនិងរាងកាយ។ ក្រៅពីការជួយបន្ធូរអារម្មណ៍ យូហ្គាអាចជួយបង្កើនចលនាឈាមរត់និងជំនួយសាច់ដុំនិងសន្លាក់ ជួយបង្កើនភាពរហ័សរហួននិងកម្លាំងមាំមួននៃសាច់ដុំ ថែមទាំងជួយកាត់បន្ថយការពឹងផ្អែកលើថ្នាំបំបាត់ការឈឺចាប់បានផងដែរ។ ក្រៅពីនេះការហាត់យូហ្កាក៏មានគុណសម្បត្តិជាច្រើនទៀតដូចជា៖

១ ជួយបង្កើនកំលាំងនិងភាពទន់ភ្លន់ នៃរាងកាយ

បានជាយូហ្កាជួយបង្កើនកម្លាំងនិងភាពទន់ភ្លន់នៃរាងកាយ ក៏ព្រោះតែវាបានដាស់ផ្នែកជាច្រើននៃរាងកាយ។ វាអាចជួយឲ្យរាងកាយដែលរឹងមិនអាចបត់មកជាបត់បែនបាន។ នៅពេលដែលអ្នកហាត់យូហ្គា កាន់តែច្រើន នោះរាងកាយរបស់អ្នកនឹងកាន់តែរឹងមាំនិងទន់ភ្លន់។

២ ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត

វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលមនុស្សប្រើយូហ្កាដើម្បីលើកកម្ពស់សុខភាពរាងកាយ។ មិនតែប៉ុណ្ណោះយូហ្កាត្រូវបានគេទទួលស្គាល់ថា មានឥទ្ធិពលដល់ផ្លូវចិត្តផងដែរ។ ការសិក្សាពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យDukeបានរកឃើញថា យូហ្កាអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលរស់នៅជាមួយជំងឺធ្លាក់ទឹកចិត្ត ជំងឺវិកលចរិត និងស្ថានភាពវិកលចរិតដ៏ទៃទៀតផងដែរ។ ការហាត់យូហ្កាជាប្រចាំអាចបង្កើនឱ្យមានកម្រិត Serotonin ខ្ពស់ជាងអរម៉ូនសុភមង្គល ដែលធ្វើឲ្យអារម្មណ៍ប្រសើរឡើងនិងប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។

៣ ជួយផ្លាស់ប្តូរសាច់ដុំដែលទន់ជ្រាយ

នៅពេលដែលសាច់ដុំរបស់អ្នកកាន់តែរឹងមាំជាមួយយូហ្កា នោះរាងកាយរបស់អ្នកកាន់តែតាន់ ហើយវានឹងជួយកម្ចាត់ភាពធាត់លើសកម្រិត។ វាមិនត្រឹមតែជួយថែរក្សារាងរបស់អ្នកឲ្យស្អាតនោះទេ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អនិងមើលទៅស្រស់ស្រាយទៀតផង។

៤ ជួយឲ្យអារម្មណ៍ស្ងប់នឹងគេងលក់ស្រួល

អ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រ Harvard បានរកឃើញថា ការអនុវត្តយូហ្កាប្រចាំថ្ងៃអាចបន្ធូរអារម្មណ៍ឲ្យស្រស់ថ្លា ធ្វើឲ្យគេងលក់ស្រួលពិសេសស្រ្តីដែលអស់រដូវនឹងអ្នកដែលមានជំងឺគេងមិនលក់រ៉ាំរ៉ៃ។ ហាត់យូហ្កាធ្វើឱ្យអ្នកគេងលក់ស្រួលដោយស្វ័យប្រវត្តិ និងជួយបង្កើតទម្លាប់គេងឲ្យបានទៀងទាត់។ 

៥ ជួយសម្រាលភាពតានតឹង

នេះជាគុណសម្បត្តិមួយដ៏ធំរបស់យូហ្កា។ ដោយសារតែវិធីសាស្រ្តក្នុងការដកដង្ហើមនិងការពត់ខ្លួនដែលអ្នកបានអនុវត្តនៅពេលហាត់យូហ្កា អ្នកនឹងមានអារម្មណ៍ថាភាពតានតឹងពិតជាបានចាកចេញពីរាងកាយរបស់អ្នកពិតមែន។

៦ ជួយសម្រកទម្ងន់

គ្រាន់តែហាត់យូហ្កាងាយៗនៅផ្ទះឲ្យបានទៀតទាត់ជាប្រចាំ នោះចង្កេះរបស់អ្នកនឹងរួមតូចទៅជារឿយៗ គីឡូរបស់អ្នកនឹងស្រកចុះជាលំដាប់ ពេលនោះសម្រស់រូបរាងស្អាតដែលអ្នកតែងប៉ងប្រាថ្នាចង់បាន លែងជាបញ្ហាចោទទៀតហើយ។

៧ ជំនួយសុខភាពបេះដូង

យូហ្កាអាចជួយកាត់បន្ថយកត្តាហានិភ័យនៃជំងឺរ៉ាំរ៉ៃបានមួយចំនួន ជាពិសេសជំងឺបេះដូង។ សមាគមបេះដូងរបស់អាមេរិកបានឲ្យដឹងថាសកម្មភាពរាងកាយ១៥០នាទីក្នុងមួយសប្តាហ៍ នៃការធ្វើលំហាត់ប្រាណយូហ្កាកម្រិតកម្លាំងមធ្យម គឺជាទម្រង់នៃការហាត់ប្រាណដែលមានសុខភាពល្អដើម្បីពង្រឹងសុខភាពបេះដូង។

៨ កាត់បន្ថយជំងឺប្រកាំង

តាមការស្រាវជ្រាវមួយបានបង្ហាញថា អ្នកដែលមានជំងឺឈឺក្បាលប្រកាំងតិចជាងមុននិងកាត់បន្ថយការឈឺចាប់ជាងមុន បន្ទាប់ពីហាត់យូហ្កាបានរយៈពេល៣ខែ។ វាត្រូវបានគេអះអាងថាអាចជួយបញ្ចេញភាពតានតឹងនៃរោគសញ្ញាឈឺក្បាលនិងប្រកាំង។

៩ ជួយព្យាបាលអាការឈឺឆ្អឹងខ្នងបានយ៉ាងមានប្រសិទ្ធភាព

ការសិក្សាជាច្រើនបានបង្ហាញថា យូហ្គាជាជម្រើសមួយដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលការឈឺឆ្អឹងខ្នង។ នៅក្នុងការសិក្សាដែលចេញផ្សាយដោយ Annals of Internal Medicine និយាយថាអ្នកដែលមានអាការៈឈឺឆ្អឹងខ្នង នឹងមានភាពប្រសើរឡើងវិញបន្ទាប់ពី២-៣ខែនៃការហាត់យូហ្កាទៀងទាត់។ យូហ្កាក៏ជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការកែលម្អរការបត់បែនឆ្អឹងខ្នងនិងការពារការរងរបួសខ្នងផងដែរ។

១០ ជួយឲ្យជំងឺហឺតធូរស្រាល

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ បានឲ្យដឹងថាជនជាតិអាមេរិកាំងជិត១៩លាននាក់ ដែលមានជំងឺហឺតនិងដកដង្ហើមខ្លីៗដែលត្រូវបានគេហៅថាជាជំងឺផ្លូវដង្ហើម។ ការហាត់យូហ្កាជួយសម្រួលរោគសញ្ញាឲ្យធូរស្បើយនិងបង្កើនលំហូរខ្យល់ដកដង្ហើមបានស្រួល។ ការសិក្សាឆ្នាំ២០១២បានរកឃើញថាការហ្វឹកហាត់យូហ្កាក្នុងរយៈពេល១០សប្តាហ៍ ធ្វើឲ្យប្រសើរឡើងសម្រាប់ស្ត្រីដែលមានជំងឺហឺតស្រាលនិងមធ្យម។

១១ ជួយដល់អ្នកជំងឺរលាកសន្លាក់

លំហាត់ប្រាណរាងកាយទៀងទាត់ គឺជាផ្នែកសំខាន់មួយនៃការព្យាបាលប្រកបដោយប្រសិទ្ធភាពនៃជំងឺរលាកសន្លាក់ឆ្អឹង និងរលាកសន្លាក់រ៉ាំរ៉ៃ។ ចលនាទន់ភ្លន់នៃយូហ្កា ពិតជាអាចជួយបង្កើនភាពបត់បែនរាងកាយបានប្រសើរនិងជួយបង្វឹកភាពស៊ាំនៃសាច់ដុំ៕ 

ព័ត៌មានផ្សេងទៀត