រដ្ឋ​មន្ត្រី​សុខាភិបាល​ស្នើ​ចាត់វិធានការ​អ្នក​ផ្សាយ​បំផ្លើស​ពី​ជំងឺ​ផ្លូវដង្ហើម​កូរ៉ូណា​

29-01-2020 3:15 pm 168

​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម កុំឲ្យ​មាន​ភាពច្របូកច្របល់ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ស្នើឲ្យ​អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ឲ្យបាន​តឹងរ៉ឹង ចំពោះ​ជន​ណា ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំផ្លើស​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី កូរ៉ូណា នៅលើ​បណ្តាញ​សង្គម​។ ដោយៈ​សៅ វិសាល​


​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ផ្សាយ ព័ត៌មាន​បំផ្លើសការពិត នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូរ៉ូណា ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក នៅ​ថ្ងៃ​ទី​២៩ ខែ​មករា​នេះ​ថា លោក​យល់ថា អ្នក​ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត ពី​ជំងឺ​ផ្លូវដង្ហើម​ថ្មី គឺ​ពួកគេ​មាន​ចេតនា​បំភ័យ​ប្រជាពលរដ្ឋ ពិតប្រាកដ ដូច្នេះ​អា​ជ្ញធរ ត្រូវមាន​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ទាំងនោះ​។​

​ការស្នើឲ្យ​ចាត់វិធានការ ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម នៅ​ថ្ងៃ​ទី​២៩ ខែ​មករា​នេះ​ថា មាន​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​ផ្ទុក​វីរុស​កូរ៉ូណា ត្រូវបាន​គេ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៉ី បណ្តាលឲ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ខណៈ​ដែល​កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ក៏​មាន​ការផ្សាយ​ពី​ករណី​បុរស​ជនជាតិ​ចិន ដែល​សែង​ចេញពី​កាស៊ីណូ ខេត្ត​ព្រះសីហនុ​ថា កើត​មាន​ជំងឺ​ផ្លូវដង្ហើម កូរ៉ូណា​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ ប្រធាន​មន្ទីរពេទ្យ​រុស្ស៉ី និង​លោក​អភិបាល​ខណ្ឌ​បឹង​កេងកង បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ដោយ​បញ្ជាក់​ថា មិន​មាន​ករណី​អ្នកជំងឺ​កូរ៉ូណា នៅក្នុង​មន្ទីរពេទ្យ​រុស្ស៉ី​នោះទេ ខណៈ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បុរស​ជនជាតិ​ចិន ដែល​សែង​ចេញពី​កាស៊ីណូ​នោះ មិនមាន​កើត​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ឡើយ គឺ​គ្រាន់តែ​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ ព័ត៌មាន​មិន​ពិត អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក៏​បាន​ច្រានចោល​នូវ​ការចុះ​ផ្សព្វផ្សាយ​ថា មាន​ករណី​ជំងឺ​ផ្លូវដង្ហើម​ថ្មី​២​ករណី នៅលើ​ខ្លួន​ជនជាតិ​ចិន​២​នាក់ ក្នុង​ទឹកដី​ខេត្តកោះកុង​ផងដែរ​។​

​គួរបញ្ជាក់​ថា រហូតមកដល់​ពេលនេះ តាម​ការបញ្ជាក់​របស់​រដ្ឋ​មន្ត្រី​សុខាភិបាល កម្ពុជា​ទើប​រកឃើញ ករណី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូរ៉ូណា ១​ករណី​តែប៉ុណ្ណោះ កើត​លើ​បុរស​ជនជាតិ​ចិន​ម្នាក់ អាយុ​៦០​ឆ្នាំ ដែល​ធ្វើដំណើរ​ពី​ក្រុង​វូ​ហាន ចូលមក​ដល់​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០​។ ពាក់ព័ន្ធ​នឹង ស្ថានភាព​ជំងឺ​ជនជាតិ​ចិន​ខាងលើនេះ ត្រូវបាន​មន្ត្រី​ជំនាញ បញ្ជាក់ថា ពុំ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើយ ហើយ​កំពុង​វិល​ទៅ​រក​ភាពប្រសើរ​ឡើង​៕

ព័ត៌មានផ្សេងទៀត