​ក្រសួង​ស្ថាប័ន​មួយចំនួន​​ផ្ដើម​ណែនាំ​ពី​វិធានការ​​បង្ការ​ការឆ្លង​ជំងឺ​បង្កដោយ​វីរុស​កូរ៉ូណា​​

29-01-2020 3:13 pm 165

​ក្រោយពី​មាន​ករណី​ផ្ទុះឡើង​ជំងឺ​ប្រភេទ​ថ្មី គឺ​ជំងឺ​រលាក​ទងសួត​ថ្មី​ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា កើតមាន​នៅ​ខេត្ត​មួយ​នៅ​ប្រទេស​ចិន និង​រីក​រាលដាល​ឆ្លង​ដល់​បណ្ដា​ប្រទេស​មួយចំនួន​នោះ ក្រសួង​ស្ថាប័ន​របស់​រដ្ឋាភិបាល បានចេញ​សេចក្ដីណែនាំ​ពី​វិធានការ​បង្ការ ការឆ្លង​ជំងឺ​រលាក​ទងសួត​ថ្មី ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូ​ណានេះ មុន​និង​ក្រោយពេល​ដែល​កម្ពុជា​រកឃើញ​ការឆ្លង​ជំងឺ​នេះ​មួយ​ករណី កើត​លើ​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​។ ក្រសួង​ស្ថាប័ន​ដែល​ចេញ​សេចក្ដីណែនាំ​ពី​វិធានការ​បង្ការ​នោះ​រួមមាន​៖ 

​ក្រសួង​សុខាភិបាល បានចេញ​សេចក្តីណែនាំ ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ លើ​ការបង្ការ​ការ​ចម្លងជំងឺ​រលាក​សួត​ដោយ វីរុស​កូរ៉ូណា​ថ្មី ដោយ​ក្នុងនោះ​រួមមាន​៖

១. ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ ឬ​អ្នកជំងឺ​ដែល​សង្ស័យ​។​

២. លាងដៃ​ឲ្យបាន​ញឹកញាប់ ជាមួយ​សាប៊ូ និង​ទឹកស្អាត​) ជាពិសេស​បន្ទាប់ពី​ប៉ះពាល់​ដោយ ផ្ទាល់​ជាមួយ​អ្នកជំងឺ ឬ​បរិស្ថាន​ជុំវិញ​គាត់​។​

៣, ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ ឬ​ទៅ​ទីផ្សារ ឬ​កសិដ្ឋាន​ដែលមាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹងថា មាន​វីរុស​កំពុង​ចរាចរ​។ ចាំបាច់ត្រូវ​លាងដៃ​ឲ្យបានទៀងទាត់​មុនពេល និង​បន្ទាប់ពី​ការប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេងៗ ដែល​អាចជា​ប្រភព​ចម្លង​រោគ​។​

៤. ប្រកាន់ខ្ជាប់​នូវ​ការអនុវត្តន៍​អនាម័យ​ស្អាត និង​សុវត្ថិភាព​ម្ហូបអាហារ​ល្អ ដូចជាពិសារ​អាហារ​ដែល​ចំអិន​ឆ្អិន​ល្អ​ជាពិសេស សាច់ និង​ស៊ុត​។​

៥. អ្នកមាន​រោគសញ្ញា​ជំងឺ​ផ្លូវដង្ហើម​ ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ​នៅពេល​ក្អក​ឬ​កណ្តាស់ ដោយ​កន្សែង​ក្រ​ម៉ា ឬ​ក្រដាស​ជូ​តមាត់​។​

៧. ត្រូវប្រកាន់យក​នូវ​អនាម័យ​ដៃ​ស្អាត និង​អនាម័យ​ផ្លូវដង្ហើម (​ខ្ទប់មាត់​និង​ច្រមុះ​នៅពេល​ក្អក ឬ​កណ្តាស់​, លាងដៃ​បន្ទាប់ពី​មាន​ប៉ះ​ជាមួយ​ទឹករំអិល​ពី​ផ្លូវ​ដកដង្ហើម និង​រក្សា​ចម្ងាយ​ច្រើនជាង​១​ម៉ែត្រ​ពី​បុគ្គល​ដែលមាន​រោគសញ្ញា​ផ្លូវដង្ហើម​ស្រេច​ស្រាវ ជាដើម​)​។​

៨. បុគ្គលិក​សុខាភិបាល ដែល​ផ្តល់​ការថែទាំ​អ្នកជំងឺ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការណ៍​បង្ការ​ការចម្លង​រោគ ក្នុង​គ្រឹះស្ថាន​សុខាភិបាល ឲ្យបាន​ហ្មត់ចត់​និង​ត្រឹមត្រូវ​តាម បច្ចេកទេស​សុខាភិបាល ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​នេះ​មក​បុគ្គល​ខ្លួនឯង​។​

៩. ប្រសិនបើ​មាន​សង្ស័យថា ឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ដោយមាន​រោគសញ្ញា​ដូចជា គេ​នក្តៅ​លើសពី ៣៨ អង្សា​សេ និង​មាន​រោគសញ្ញា​មួយ​យ៉ាងតិច​ក្នុងចំណោម ក្អក ហូរ​សំបោរ ឈឺ​បំពង់ក ដង្ហើម​ខ្លី និង​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ចិន ដោយបាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម ប៉ះពាល់​ជាមួយ​សត្វ​ឈឺ ក្នុងអំឡុង​១៤​ថ្ងៃមុន​ចេញ​រោគសញ្ញា ឬ​ដោយបាន​ប៉ះពាល់​ជាមួយ​អ្នកស្លាប់ ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ មិនដឹង​អំពី​អត្តសញ្ញាណ (​ប្រភេទ​មេរោគ​) ច្បាស់លាស់ ត្រូវ​ប្រញាប់​រាយការណ៍ ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ។​

ដោយឡែក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បានចេញ​សេចក្តីណែនាំ​ចំនួន​១១ ចំណុច ស្តីពី​ការអនុវត្ត​វិធានការ​បង្ការ​ជំងឺ​រលាក​ទងសួត​ថ្មី​ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា នៅតាម​រោងចក្រ សហគ្រាស និង​តាម​គ្រឹះស្ថាន​ក្នុង​គោលបំណង​ដើម្បី​ចូលរួមចំណែក​ក្នុង​ការបង្ការ និង​ទប់ស្កាត់​វីរុស​កូរ៉ូណា​ថ្មី ដោយ​ក្នុងនោះ​រួមមាន​៖

១.​និយោជក កម្មករ​និយោជិត ដែល​ធ្វើដំណើរ​មកពី​តំបន់ ដែល​មានការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ថ្មី ( 2019-nCoV ) និង​មាន​ប្រវត្តិ​ធ្វើដំណើរ​ពី​ប្រទេស​ចិន ដែលមាន​រោគសញ្ញា​មួយចំនួន ដូចជា ការឡើង​កំដៅ​ខ្លួន ចាប់ពី ៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺ​បំពង់ក ដង្ហើម​ខ្លី ឬ​ពិបាក​ដកដង្ហើម ត្រូវធ្វើ​ការត្រួតពិនិត្យ និង​តាមដាន​ក្នុង​រយៈពេល ១៤​ថ្ងៃ នៅតាម​សេវា​សុខាភិបាល ដែល​នៅ​ជិត ឬ​ទូរស័ព្ទ មក​លេខ ១១៥

២.​ប្រសិនបើ​មាន និយោជិក កម្មករ​និយោជិត ដែលមាន​អាការៈ ដូចជា​គ្រុនក្តៅ ក្អក កណ្តា​ស់ ផ្តាសាយ ហៀរ​សំបោរ ឬ​ឈឺបំពង់ក ត្រូវ​បញ្ជូនទៅ រក​សេវា​ព្យាបាល ឱ្យបាន​ទាន់ពេលវេលា ឬ​ទូរស័ព្ទ​មក​លេខ ១១៥

៣.​ត្រូវ​ដាស់តឿន និង​រំលឹក​ជាប្រចាំ ដល់​កម្មករនិយោជិត​ឲ្យ​ពាក់​ម៉ាស់​ការពា​រទាំង​ក្នុង និង​ក្រៅ​កន្លែងធ្វើការ ដូចជា ប្រភេទ​៖ ម៉ាស់​វេជ្ជសាស្ត្រ ( Medical Mask )

៤.​ចៀសវាង​ប៉ះពាល់​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់ ដែលមាន​អាការៈ ដូចជា គ្រុ​នក្តៅ ក្អក និង​កណ្តាស់ ឬ​ផ្តាសាយ និង​ត្រូវ​រក្សា​ចម្ងាយ​ច្រើនជាង​មួយ​ម៉ែត្រ​ពី​បុគ្គល ដែលមាន​រោគសញ្ញា​ទាំងនេះ​

៥.​ចៀសវាង​ទៅ​ទីផ្សារ​លក់​សត្វ​រស់ ឬ​ទៅ​កសិដ្ឋាន​ចិញ្ចឹមសត្វ ឬ​ប៉ះពាល់​សត្វព្រៃ ឬ​ទៅ​កន្លែង ដែល​សង្ស័យថា មាន​មេរោគ​ឆ្លង​

៦.​ចៀសវាង​ការ​ខាកស្តោះ​ក្នុង​កន្លែងធ្វើការ​ទីធ្លា​សហគ្រាស គ្រឹះស្ថាន និង​ទីសាធារណៈ​។​

៧.​ចៀសវាង​ការប៉ះពាល់​ភ្នែក ច្រមុះ មាត់ បន្ទាប់ពី​ប៉ះពាល់​សត្វ និង​ផលិតផល​សត្វ សត្វ​ឈឺ សាច់​ខូចគុណភាព កាកសំណល់​សត្វ ទឹក​សរីរៈ​សត្វ និង​វត្ថុ​ប្រើប្រាស់​ក្នុង​ផ្សារ ឬ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ របស់​អ្នកជំងឺ​ផ្លូវដង្ហើម​។​

៨.​ត្រូវ​លាងដៃ​ឲ្យបាន​ទៀងទាត់ និង​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់​កុល បន្ទាប់ពី​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកមាន​អាការៈ ដូចជា​គ្រុនក្តៅ ក្អក និង​កណ្តាស់ ឬ​ផ្តាសាយ ឬ​វត្ថុ​ផ្សេងៗ ដែល​អាចជា​ប្រភព​មេរោគ ឬ​នៅពេល​ឃើញ​ដៃ​កខ្វក់ ឬ​ប្រឡាក់ ឬ​ក្រោយពី​ប៉ះពាល់​សត្វ និង​ត្រូវ​លាង​សម្អាត​ដៃ​ភ្លាម​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់​កុល ក្រោយពី​ក្អក ឬ​កណ្តាស់​។ ត្រូវ​លាងដៃ បន្ទាប់ពី​មាន​ប៉ះ​ជាមួយ​សំ​បោរ ឬ​ទឹករំអិល​ពី​ផ្លូវ​ដកដង្ហើម​។​

៩.​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនាម័យ​ស្អាត សុវត្ថិភាព​ចំណីអាហារ ដោយ​បរិភោគ​អាហារ ដែល​ឆ្អិន​ល្អ ពិសេស​សាច់ និង​ស៊ុត​។ ចំពោះ​អ្នក​ចម្អិត​អាហារ ត្រូវ​ប្រើប្រាស់​ជ្រុញ និង​កាំបិត​ផ្សេងគ្នា សម្រាប់​អាហារ​ឆៅ និង​អាហារ​ឆ្អិន និង​លាងដៃ​នៅ​ចន្លោះពេល​ចាប់​កាន់​អាហារ​ឆៅ និង​អាហារ​ឆ្អិន​។​

១០.​អ្នកមាន​អាការ​ក្អក ឬ​កណ្តាស់ ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ ដោយ​ប្រើ​កន្សែង ក្រមា ក្រដាស ឬ​យ៉ាងហោចណាស់ ត្រូវ​ប្រើ​គន្លាក់​កែងដៃ ជំនួស​បាតដៃ​។​

១១.​ត្រូវ​បន្ត​អប់រំ និង​ផ្សព្វផ្សាយ​ដល់​កម្មករនិយោជិត អំពី​វិធាន​បង្ការ​ការពារ និង​សារ​អប់រំ​សុខភាព ស្តីពី ការការពារ​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូណា​ថ្មី ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល ឬ​រៀង​រាល់ពេល ដែល​ក្រសួងសុខាភិបាល ចេញ​សេចក្តីណែនាំ​ថ្មី​អំពី​វិធាន​បង្ការ​ការពារ និង​ទប់ស្កាត់​។​

ជាមួយគ្នានោះ ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ចេញ​សេចក្ដីណែនាំ​ពី​វិធានការ ដល់​គ្រឹះស្ថាន​អប់រំ​នានា ដើម្បី​ចូលរួមចំណែក​ក្នុង​ការបង្ការ និង​ទប់ស្កាត់​វីរុស​កូរ៉ូណា​ថ្មី​ផងដែរ ដោយ​ក្នុង​រួមមាន​៖

១.​ចៀសវាង​ប៉ះពាល់ អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ ដែលមាន​អាការ​ដូចជា​គ្រុ​នក្តៅ ក្អក និង កណ្តា​ស់ ឬ​ផ្តាសាយ និង​ត្រូវ​រក្សា​ចម្ងាយ​ច្រើនជាង​មួយ​ម៉ែត្រ ពី​បុគ្គល​ដែលមាន​រោគសញ្ញា​ទាំងនេះ​។​

២.​ចៀសវាង​ទៅ​ទីផ្សារ​លក់​សត្វ​រស់ ឬ​ទៅ​កសិដ្ឋាន​ចិញ្ចឹមសត្វ ឬ​ប៉ះពាល់​សត្វព្រៃ ឬ​ទៅ​កន្លែង​ដែល​សង្ស័យថា មាន​មេរោគ​ឆ្លង​។​

៣.​ចៀសវាង​ការ​ខាកស្តោះ ក្នុង​បន្ទប់​សិក្សា ទីធ្លា​គ្រឹះស្ថានសិក្សា និង​ទីសាធារណៈ​។​

៤.​ចៀសវាង​ការប៉ះពាល់​ភ្នែក ច្រមុះ មាត់ បន្ទាប់ពី​ប៉ះពាល់​សត្វ និង​ផលិតផល​សត្វ សត្វ​ឈឺ សាច់​ខូចគុណភាព កាកសំណល់​សត្វ ទឹក​សរីរៈ​សត្វ និង​វត្ថុ​ប្រើប្រាស់​ក្នុង​ផ្សារ ឬ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ របស់​អ្នកជំងឺ​ផ្លូវដង្ហើម​។​

៥. ត្រូវ​លាងដៃ​ឲ្យបាន​ទៀងទាត់ និង​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់​កុល បន្ទាប់ពី​ប៉ះពាល់​ផ្ទាល់ ជាមួយ​អ្នកមាន​អាការៈ​ដូចជា គ្រុ​នក្តៅ ក្អក និង​កណ្តាស់ ឬ​ផ្តាសាយ ឬ​វត្ថុ​ផ្សេងៗ ដែល​អាចជា​ប្រភព​មេរោគ ឬ​នៅពេល​ឃើញ​ដៃ​កខ្វក់ ឬ​ប្រឡាក់ ឬ​ក្រោយពី​ប៉ះពាល់​សត្វ និង​ត្រូវ​លាង​សម្អាត​ដៃ​ភ្លាម​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់​កុល ក្រោយពី​ក្អក ឬ​កណ្តាស់​។ ត្រូវ​លាងដៃ​បន្ទាប់ពី​មាន​ប៉ះ​ជាមួយ​សំ​បោរ ឬ​ទឹករំអិល​ពី​ផ្លូវ​ដកដង្ហើម​។​

៦.​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនាម័យ​ស្អាត​_​សុវត្ថិភាព​ចំណីអាហារ ដោយ​បរិភោគ​អាហារ​ដែល​ឆ្អិន​ល្អ ពិសេស​សា​ច់នឹង​ស៊ុត​។ ចំពោះ​អ្នក​ចម្អិន​អាហារ​ត្រូវ​ប្រើប្រាស់​
​ជ្រុញ​និង កាំបិត​ផ្សេងគ្នា​សម្រាប់​អាហារ​ឆៅ និង​អាហារ​ឆ្អិន និង​លាងដៃ​នៅ​ចន្លោះពេល ចាប់​កាន់​អាហារ​ឆៅ និង​អាហារ​ឆ្អិន​។​

៧.​អ្នកមាន​អាការ​ក្អក ឬ​កណ្ដាស់ ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ ដោយ​ប្រើ​កន្សែង​ក្រមា​ក្រដាស ឬ​យ៉ាងហោចណាស់​ត្រូវ​ប្រើ​គន្លាក់​កែងដៃ​ជំនួស​បាតដៃ​។​

៨.​ប្រសិនបើ​មាន​សិស្ស ដែលមាន​អាការ​ដូចជា គ្រុ​នក្តៅ ក្អក កណ្តាស់​ផ្តាសាយ​ហៀរ​សំបោរ ឬ​ឈឺបំពង់ក ត្រូវ​ជូនដំណឹង​ទៅ​អ្នកអាណាព្យាបាល ដើម្បី​បញ្ជូន​ទៅរក​សេវា​ព្យាបាល ឱ្យបាន​ទាន់ពេលវេលា និង​ត្រូវ​អនុញ្ញាតឱ្យ​សម្រាក​ពី​ការសិក្សា រហូតដល់​ជាសះស្បើយ​។​

៩.​ប្រសិនបើ​សង្ស័យថា​មាន ជំងឺ​រលាក​សួត​ប្រភេទ​វីរុស​កូរ៉ូណា​ថ្មី (2019-Cov) ដោយមាន កំដៅ​ខ្លួន ៣៨ អង្សា​សេ និង​មាន​រោគសញ្ញា​មួយ​យ៉ាងតិច ដូចជា​ក្អក ហៀរ​សំបោរ ឈឺ​បំពង់ក ដង្ហើម​ខ្លី ឬ​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​ពី​ប្រទេស​ចិន ដោយបាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម ឬ​អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ មិនដឹង​ពី​អត្តសញ្ញាណ ឬ​ប៉ះពាល់​ជាមួយ​សត្វ​ឈឺ ក្នុងអំឡុងពេល ១៤​ថ្ងៃមុន​ចេញ​រោគសញ្ញា ត្រូវ​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ 115​។​

​និង​ក្រសួងបរិស្ថាន ក៏បានណែនាំ​អំពី​វិធាន​បង្ការ​ការពារ និង​សារ​អប់រំ​សុខភាព ស្តីពី ការការពារ​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូណា​ថ្មី​ផងដែរ ដោយ​ក្នុងនោះ​រួមមាន​៖

១. ចៀសវាង​ឬ​ផ្អាក​ការធ្វើដំណើរ ប្រសិនបើ​មាន​ជំងឺ​គ្រុនក្ដៅ និ​ក្អក​។​

២. ចៀសវាង​នៅ​ជិត ឬ​ប៉ះពាល់​ផ្ទាល់​អ្នកមាន​ជំងឺ​ផ្លូវ​ដ​ហ្ហើម​ស្រួចស្រាល ឬ​អ្នកមាន​ជំងឺ​ដែល​ស្ថិតក្នុង​បន្ទិល​សង្ស័យ​។​

៣. លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹកស្អាត ឬ​អាកុល​ហ្សែ​ល​ឱ្យបាន​ញឹកញាប់ ជាពិសេស​បន្ទាប់ពី​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ ឬ​បរិស្ថាន​ជំវិញ​គាត់​។​

៤. ចៀសវាង​ប៉ះពាល់​ផ្ទាល់ ឬ​ទៅ​ផ្សារ ឬ​កសិដ្ឋាន​ដែលមាន​សត្វ​រស់នៅ ឬ​ទីកន្លែង​ដែល​សង្ស័យ​មាន​វត្តមាន​វីរុស​កូរ៉ូណា​ថ្មី​កំពុង​រាតត្បាត​។ ត្រូវ​លាងដៃ​ឱ្យបាន​មុនពេល និង​បន្ទាប់ពី​ការប៉ះពាល់​សត្វ​ឬ​វត្ថុ​ផ្សេងៗ ដែល​ចាត់ទុក​ប្រភេទ​ចម្លងរោគ​។​

៥. ប្រកាន់​ភ្ជាប់​នូវ​ការអនុវត្ត​អនាម័យ​ស្អាត និង​សុវត្ថិភាព​ម្ហូបអាហារ​ល្អ ដូចជា ពិសា​អាហារ​ចម្អិន​ឆ្អិន​ល្អ ជាពិសេស​សាច់​និង​ស៊ុត​។​

៦. បើ​មាន​អា​ការៈក្អក ឬ​កណ្ដាស ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ​ដោយ​ប្រើ​កន្សែង ក្រ​ម៉ា ក្រដាស ឬ​យ៉ាងហោចណាស់​ប្រើ​គន្លាក់​កែងដៃ​ជំនួស​បាតដៃ​។​

៧. ម៉ាស់ ឬ​ក្រដាស​ជូត​មាត់​ច្រមុះ ដែល​ប្រើប្រាស់​ហើយ ត្រូវ​ខ្ចប់ ឬ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ រួច​បោះចោល​ក្នុង​ធុងសំរាម​។​

៨. ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ដៃ​ស្អាត និង​អនាម័យ​ផ្លូវដង្ហើម​។​

​និង​៩. ក្នុងករណី​មាន​មន្ត្រី ឬ​សមាជិកគ្រួសា​របស់​មន្ត្រី​មាន​សញ្ញាណ​សង្ស័យ ដូចជា កើត​ជំងឺ​គ្រុនក្ដៅ​លើសពី ៣៨​អង្សារ​សេ ឬ​មាន​មុខសញ្ញា​មួយ​យ៉ាងតិច​ក្នុងចំណោម​ជំងឺ​ក្អក ឈឺ​បំពង់ក ដង្ហើម​ខ្លី ឬ​ពិបាក​ដកដង្ហើមសូម​ប្រញាប់​ទៅ​មន្ទីរពេទ្យ ឬ​គ្លីនិច​ដែល​នៅ​ជិត​បំផុត ដើម្បី​ពិនិត្យ និង​ធ្វើ​ការវិភាគ​រោគវិនិច្ឆ័យ​ឱ្យបាន​ទាន់ពេលវេលា​។​

​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា បាន​រកឃើញ​ករណី​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ដែល​បង្កឡើង​ដោយ​មេរោគ​កូរ៉ូណា​១​ករណី​ដំបូង​គេ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ មេរោគ​នេះត្រូវបាន​រកឃើញ​នៅលើ​ខ្លួន​ជន​ជាតិចិន​ម្នាក់ ដែល​ធ្វើដំណើរ​ពី​ក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២០៕

 

 ពាក្យគន្លឹះ  ​វីរុស​កូរ៉ូណា

ព័ត៌មានផ្សេងទៀត