បញ្ហា​ប្រឈម​ធំៗ​​ចំនួន​៥​​ដែល​ពិភពលោក​​មិនគួរ​មើល​រំលង​​ក្នុង​ឆ្នាំ​២០២០

28-01-2020 5:32 pm 419

​ឆ្នាំ​២០១៩​បាន​កន្លងផុតទៅ ឆ្នាំ​២០២០​ក៏​ឈានចូល​មកដល់​។ ក្នុង​ឆ្នាំ​២០១៩​មាន​ទាំង​រឿង​ល្អ​មាន​ទាំង​រឿង​អាក្រក់ ដោយឡែក​នៅក្នុង​ឆ្នាំ​២០២០​ពិភពលោក​ក៏​នឹង​សម្រេចបាន​នូវ​ចំណុច​វិជ្ជមាន ចំណុច​អវិជ្ជមាន​ដូចគ្នា​ដែរ​។ យើង​ងាក​ទៅ​ចាប់អារម្មណ៍​ពី​បញ្ហា​ប្រឈម​ធំៗ ព្រោះ​ជា​រឿង​ដែល​គួរ​ឃ្លាំមើល គួរ​យកចិត្ដទុកដាក់​ដើម្បី​ការរីកចម្រើនរ​បស់​ពិភពលោក​។ ឆ្នាំ​២០២០​មាន​បញ្ហា​ប្រឈម​ធំៗ​ចំនួន​៥ ដែល​គួរ​តាមដាន​ទាំងអស់គ្នា​។ តើ​មាន​អ្វីខ្លះ​? 

១ ការចាត់វិធានការ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​

​ជាក់ស្ដែង​ណាស់​ថា​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​អន្ដរជាតិ​គួរ​រួមគ្នា​ដោះស្រាយ​បន្ដទៀត​ក្នុង​ឆ្នាំ​២០២០​នេះ ដើម្បី​ធ្វើឲ្យ​ពិភពលោក​ទាំងមូល​មាន​សុខសុវត្ថិ​ភាព មាន​ការអភិវឌ្ឍ​ទៅមុខ កាត់បន្ថយ​ហា​នី​ភ័យ​ឬ​គ្រោះមហន្ដរាយ​ផ្សេងៗ​។ ក្នុងចំណោម​៥​ចំណុច​ធំៗ​មាន​មួយ​ចំណុច​ទាក់ទង​នឹង​ការចាត់វិធានការ​ទប់ស្កាត់​ស​ការប្រែប្រួល​អាកាសធាតុ​។ ក្នុង​ទសវត្ស​កន្លងមក​ប្រវត្ដិសាស្ដ្រ​បាន​កត់ត្រា​ទុក​ពី​ការកើនឡើងក​ម្ដៅ​ពិភពលោក​។ ភ្លើង​ឆេះ​ព្រៃ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ក្នុងនោះ​រាប់​បញ្ចូលភ្លើង​ឆេះ​ព្រៃ​កំពុង​កើតឡើង​នៅ​អូស្ដ្រាលី ការវាយប្រហារ​ពី​ព្យុះ​សង្ឃរា គ្រោះ​រញ្ជួយ​ដី ទឹកជំនន់​ជាដើម សុទ្ធតែជា​ព្រឹត្ដិការណ៍​អាកាសធាតុ​ធំៗ ជា​ផល​នៃ​ការប្រែប្រួល​អាកាសធាតុ​។ វា​បាន​បណ្ដាលឲ្យ​មនុស្ស​រងទុក្ខវេទនា​គ្រប់ទី​កន្លែង ដូចជា​ជួប​គ្រោះ​ទុរភិក្ស គ្មាន​កន្លែង​ស្នាក់នៅ និង​ប្រឈម​ជំងឺ​-​ល​-​។ 

​គម្រប​ទឹកកក​ដែល​កំពុង​រលាយ​ដោយសារ​កម្ដៅ​កើនឡើង​ខ្លាំង ក៏​ជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ​ដូចគ្នា ហើយ​ប្រជាជន​រស់នៅ​លើដី​កោះ​កំពុង​រង​ការគំរាមកំហែង​។ ជា​ការពិត​ប្រព័ន្ធ​អេកូឡូស៊ី​ទាំងមូល​ក៏​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ សត្វ​និង​រុក្ខជាតិ​ចំនួន​១​លាន​ប្រភេទ​អាច​នឹង​ផុត​ពូជ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ដែលជា​ការបាត់បង់​អេកូឡូស៊ី​ទ្រង់ទ្រាយ​ធំ​បំផុត​។ 

​ក្នុងន័យ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ពិភពលោក​ស្ថិតក្រោម​ការដឹកនាំ​របស់​អង្គការសហប្រជាជាតិ​កំពុង​រិះរក​គ្រប់​មធ្យោបាយ​មក​អនុវត្ដ​។ តួយ៉ាង​មានការ​កាន់​បន្ថយ​ការបំភាយ​ឧស្ម័ន​ពុល​។ ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​បាន​ឯកភាព​នឹង​កាត់បន្ថយ​ការញ្ចេញឧ​ស្ម័ន​ពុល​ឲ្យបាន​ពាក់កណ្ដាល​នៅត្រឹម​ឆ្នាំ​២០៣០​។ សព្វថ្ងៃ​បណ្ដា​ប្រទេស​ជឿនលឿន​ទាំងនោះ បាននិងកំពុង​ផលិត​រថយន្ដ​ដែល​ប្រើ​អគ្គិសនី ហើយ​កាត់បន្ថយ​បន្ដិច​ម្ដងៗ​រថយន្ដ​ប្រើ​ចំហេះ​ឥន្ធនៈ​ដែល​បញ្ចេញ​ផ្សែង​ពុល​។ ការប្ដេជ្ញាចិត្ដពិត​ជាសំ​ខាន់​ខ្លាំងណាស់ ដូច្នេះ​ចាប់ផ្ដើម​ពី​ឆ្នាំនេះ​ត្រូវ​កាត់បន្ថយ​ការបញ្ចេញ​ផ្សែង​ពុល​៧.៦​ភាគរយ​ជា​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ ដើម្បី​កំណត់​កម្ដៅ​ឲ្យនៅ​ត្រឹម​១.៥​អង្សា​សេ​។​

កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​ក្នុង​ឆ្នាំ​២០១៩ បាន​បង្កើត​ផែនទី​បង្ហាញផ្លូវ​សម្រាប់​អនុវត្ដ ហើយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​បន្ដ​ដើរតួ​ជា​ត្រីវិស័យ​ជំរុញ​ឲ្យ​តួអង្គ​ដទៃទៀត​រួមគ្នា​ជា​ធ្លុង​មួយ​សម្រេច​ឲ្យបាន​ទិសដៅ​រួម​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់​តូ​នី​ញូ ហ្គួ​ទែ​រ៉េ​សបាន​សង្កត់ធ្ងន់ថា ប្រសិនបើ​មិន​រួមគ្នា​ផ្លាស់ប្ដូរ​ទិសដៅ​ត្រឹម​ឆ្នាំ​២០២០ នោះ​ពិភពលោក​នឹង​ប្រឈម​ការបាត់បង់​ដ៏​ធំ ហើយក៏​កាន់តែ​ពិបាក​រក​ផ្លូវ​គេច​ចេញពី​គ្រោះមហន្ដរាយ​សម្រាប់​ប្រជាជន​ទូទាំង​ពិភពលោក​។​

២ ជា​ទសវត្ស​តម្រង់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​

​ឆ្នាំ​២០២០​ជា​ឆ្នាំ​ឈានដល់​ការរាប់​ថយក្រោយ​នៃ​រយៈពេល​១០​ឆ្នាំ ដើម្បី​តម្រង់ទិស​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ជា​ឆ្នាំ​សំខាន់​សម្រាប់​ធានា​គោលនយោបាយ​ហិរញ្ញប្បទាន ជា​មហិច្ឆតា​ឈានដល់​គោលដៅ​នៅ​ឆ្នាំ​២០៣០​។ រយៈពេល​បួន​ឆ្នាំ​ដំបូង​តាំងពី​ផ្ដើម​គោលដៅ​នេះ មាន​ការប្ដេជ្ញាចិត្ដថ្មីៗ​ជាច្រើន​ពី​សំណាក់​រដ្ឋាភិបាល​ប្រទេស​កំពុងអភិវឌ្ឍន៍​និង​ប្រទេស​អភិវឌ្ឍន៍​នៅក្នុង​ពិភពលោក ដែលជា​តួអង្គ​និង​ជា​អ្នកដឹកនាំ​ផ្សេងទៀត​ក្នុង​ចលនា​នេះ​។ និយាយ​ពី​អង្គការសហប្រជាជាតិ​ក៏បាន​ខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់​ដ៏​សំខាន់​មួយ ដើម្បី​ផ្ដល់ឲ្យ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កាន់តែ​ប្រសើរឡើ​ង​។ 

​ដើម្បីឲ្យ​ច្បាស់​ថា​ពិភពលោ​កបាន​បោះជំហាន​ទៅមុខ​គួរឲ្យកត់សម្គាល់ អត្រា​ភាពក្រីក្រ​ខ្លាំង​បាន​ធ្លាក់​ចុះក្រោម​៨​ភាគរយ​ដែលជា​កម្រិត​ទាប​បំផុត​នៅក្នុង​ប្រវត្ដិសាស្ដ្រ​មនុស្សជាតិ​។ ជា​លើកដំបូង​តាំងពី​ចាប់ផ្ដើម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ចំនួន​ប្រជាជន​ក្រីក្រ​ខ្លាំង​នៅ​អាហ្វ្រិក​កំពុង​ថយចុះ​។ ប្រទេស​ឥណ្ឌា​ដែល​ធ្លាប់ជា​ប្រទេស​មាន​ប្រជាជន​ក្រីក្រ​ខ្លាំង បច្ចុប្បន្នកំពុង​ឈានទៅ​បញ្ចប់​ភាពក្រីក្រ​ខ្លាំង​នេះហើយ​។ ក្មេងៗ​នៅ​ជុំវិញ​ពិភពលោក​ក៏​កំពុង​រស់នៅ​បានយូរ​និង​មាន​សុខភាព​ល្អ​។ តែ​ទោះបីជា​មាន​ចំណុច​វិជ្ជមាន​ក៏ដោយ ពិភពលោក​កំពុង​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្លូវ​ឆ្ពោះទៅ​សម្រេច​គោលដៅ​ធំ​ដដែល​។ តាម​គន្លង​សព្វថ្ងៃនេះ​មនុស្ស​ជិត​កន្លះ​ពាន់​លាន​នាក់​នឹង​នៅតែ​រស់នៅក្នុង​ភាពក្រីក្រ​នៅ​ឆ្នាំ​២០៣០ គឺ​៥៨៩​លាន​នាក់​កំពុង​រស់នៅក្នុង​ភាពក្រីក្រ​ខ្លាំង​សព្វថ្ងៃ ហើយ​មនុស្ស​៤៧៩​លាន​នាក់​នឹង​នៅតែ​រស់ក្នុង​ភាពក្រីក្រ​ខ្លាំង​ដដែល​នៅ​ឆ្នាំ​២០៣០​។ ភាគច្រើនៃ​ពួកគេ​នឹង​ជា​ប្រជាជន​រស់នៅក្នុង​ទ្វីប​អាហ្វ្រិក ដែល​រង​ឥទ្ធិពល​ពី​ការឡើង​កម្ដៅ​ពិភពលោក​និង​សង្គម​គ្មាន​ស្ថិរភាព​។ ជារួម​ឆ្នាំ​២០២០​ត្រូវតែ​ជា​ផ្នែក​មួយ​នៃ​ការផ្ដោត​យកចិត្ដទុកដាក់​ជាអាទិ​ភាពនិង​ជាក់លាក់​បំផុត នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

៣ វិសមភាព​និង​ការមិន​យកចិត្ដទុកដាក់​

​វិសមភាព​គឺជា​ចំណុច​សំខាន់​នៃ​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន ដែល​សហគមន៍​អន្ដរជាតិ​កំពុង​ជួបប្រទះ ដោយ​វា​បាន​ជះឥទ្ធិពល​ដល់​ប្រជាជន​និង​រចនាសម្ព័ន្ធ​ក្នុងសង្គម និង​គំរាមកំហែង​យ៉ាងខ្លាំង​ដល់​ការរីកចម្រើន​។ តើ​នេះ​មានន័យ​យ៉ាងដូចម្ដេច​? នៅក្នុង​របាយការណ៍​អង្គការសហប្រជាជាតិ​ទើប​ចេញ​ថ្មីៗ​បង្ហាញថា ២០​ភាគរយ​នៃ​ការអភិវឌ្ឍ​ត្រូវ​បាត់បង់​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដោយសារតែ​ការចំណាយ​មិន​ស្មើភាព​លើ​វិស័យ​អប់រំ សុខភាព និង​ការរស់នៅ​ប្រចាំថ្ងៃ​។ 

​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​គណនា​ថា ស្ដ្រី​អាច​ត្រូវការពេល​១០០​ឆ្នាំ​ដើម្បី​ឈានដល់​សមភាព​យេនឌ័រ​។ ការ​អនុវត្ដ​ដែល​មិន​រាប់បញ្ចូល​ក្នុង​វិស័យ​សន្ដិសុខ យុត្ដិធម៌ និង​នយោបាយ គឺជា​បេះដូង​នៃ​ជម្លោះ​និង​អំពើហិង្សា​ដែល​កើតឡើង​សព្វថ្ងៃ​។ វា​ក៏​ត្រូវបាន​គេ​មើលឃើញថា​ជា​កត្ដា​ចម្បង​នាំឲ្យ​កើនឡើង​ការតវ៉ា​នៅ​ជុំវិញ​ពិភពលោក ដែល​គ្មាន​សញ្ញា​ថា​នឹង​អាច​បញ្ឈប់​បានទេ​នៅ​ឆ្នាំ​២០២០​នេះ​។ ការ​ប្រែក្លាយ​ឧបសគ្គ​ឲ្យទៅជា​ឱកាស គឺជា​គន្លឹះ​មួយ​ក្នុង​ការធ្វើឲ្យមាន​ការរីក​ចម្រើន ហើយ​ជា​រឿង​ត្រូវ​ការចាំបាច់​ក្នុង​ឆ្នាំ​២០២០​។ 

​ដូច​បានបញ្ជាក់​នៅក្នុង​របាយការណ៍​ឆ្នាំ​២០១៩ គឺ​ត្រូវ​វិវឌ្ឍ​ការយល់ដឹង​ពី​វិ​សមភាព ដូចគ្នា​នឹង​ការធ្វើឲ្យមាន​ការអភិវឌ្ឍ​ប្រកបដោ​យ​ចីរភាព​ដែរ​។ ត្រូវតែ​ធ្វើយ៉ាងណា​កំណត់ឲ្យ​ច្បាស់លាស់​ពី​និយម​វិសមភាព ដើម្បី​ដោះស្រាយ​ឧបសគ្គ​នៅក្នុង​សតវត្ស​ទី​២១​។ វី​ធី​សាស្ដ្រ​ក្នុង​ការដោះស្រាយ​វិសមភាព​ផ្សេងទៀត គឺ​ការពង្រីក​វិធានការ​សេដ្ឋកិច្ច​ដើម្បី​ទទួលយក​នូវ​លក្ខខណ្ឌ​សង្គម ខណៈ​អ្នកជំនាញ​ឈានមុខ​ជាច្រើន​កំពុង​ចាប់​ផ្ដើមធ្វើ​។ ឧទាហរណ៍​ណូវែល​ហ្សេ​ឡង់​បានបង្កើត​កញ្ចប់​ថវិកា​សុខមាលភា​ព​លើកដំបូង​ក្នុង​លោក ដែល​ធ្វើឲ្យមាន​តុល្យភាព​រវាង​វិធាន​ការ​សេដ្ឋកិច្ច​និង​សូចនាករ​សង្គម​។​

៤ វិបត្ដិ​លើ​ជ្រុង​មួយ​នៃ​ជម្លោះ សន្ដិភាព និង​ការឆ្លើយតប​នៃ​ជំនួយ​មនុស្សធម៌​

​ឆ្នាំ​២០២០​គឺជា​ខួប​៩​ឆ្នាំ​នៃ​សង្គ្រាម​នៅ​ស៊ី​រី និង​ជា​ខួប​៥​ឆ្នាំ​នៃ​សង្គ្រាម​នៅ​យេមែន​។ ចំណែក​វេ​ណេ​ហ្ស៊ូ​អេ​ឡា​អាច​ក្លាយជា​ប្រភព​នៃ​វិបត្ដិ​ជនភៀសខ្លួន​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​។ អំពើ​ដ៏​សាហាវឃោឃៅ​និង​ឧក្រិដ្ឋ​កម្មហិង្សា​កំពុងតែ​កើនឡើង ដែល​វា​បាន​ជះឥទ្ធិពល​ដល់​ទីក្រុង​កំពុង​រីកចម្រើន​ទូទាំង​ពិភពលោក​។ ចំពោះ​ហា​នី​ភ័យ​នៃ​ជម្លោះ​នយោបាយ​បាន​ឈានដល់​ដំណាក់កាល​កណ្ដាល​ហើយ​។ កត្ដា​ទាំងនេះ​បង្កើតជា​និន្នាការ​គួរឲ្យ​ព្រួយបារម្ភ​ចាប់តាំងពី​ឆ្នាំ​២០១៩ ធ្វើឲ្យ​ប្រជាជន​ត្រូវ​ការជំនួយ​ច្រើនជាងការ​ព្យាករណ៍​ព្រោះតែ​ជម្លោះ និង​គ្រោះមហន្ដរាយ​ទាក់ទង​នឹង​អាកាសធាតុ​។​

​ស្ដ្រី​និង​កុមារ​បាន​រង​ផលប៉ះពាល់​មិន​សមាមាត្រ និង​ស្ថិតក្នុង​ការ​ហា​នី​ភ័យ​ខ្ពស់​នៃ​អំពើហិង្សា​ផ្លូវភេទ​និង​យេនឌ័រ​។ ជាង​៦០​ភាគរយ​នៃ​ប្រជាជន​ដែល​គ្មាន​សុវត្ថិភាព​ម្ហូបអាហារ រស់នៅ​ក្នុងប្រទេស​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជម្លោះ​។ យោងតាម​របាយការណ៍​មនុស្សធម៌​ពិភពលោក​ឆ្នាំ​២០២០ មនុស្ស​ម្នាក់​ក្នុងចំណោម​៤៥​នាក់​នៅលើ​ផែនដី នឹង​ត្រូវការ​ជំនួយ​និង​ការការពារ​នៅ​ឆ្នាំ​២០២១​។ ក្នុង​ឆ្នាំ​២០២០​មនុស្ស​ជិត​១៧០​លាន​នាក់​ក្នុងប្រទេស​៥០​នឹង​ត្រូវការ​ជំនួយ​និង​ការការពារ ដែល​នេះ​ជា​តួលេខ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុង​ទសវត្ស​កន្លងមក​។​

​គេ​ទើបតែ​បានឃើញ​ឆ្នាំ​ដំបូង​នៃ​ការ​អនុវត្ដ​កំណែទម្រង់​របស់​អង្គការសហប្រជាជាតិ ក្នុង​គោលបំណង​ភ្ជាប់​ការងារ​អភិវឌ្ឍន៍​កាន់តែ​ប្រសើរ​ជាង​មុន​ជាមួយ​ការថែរក្សា​សន្ដិភាព​និង​សន្ដិសុខ ដោយ​ផ្ដោតលើ​ការការពារ​ជម្លោះ​។ អង្គការសហប្រជាជាតិ​ក៏​បាននិងកំពុង​ធ្វើការ​ដើម្បី​ពង្រឹង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពិភពលោក​ក្នុងពេល​មាន​វិបត្ដិ រាប់បញ្ចូល​ការគាំទ្រ​តាមរយៈ​មូលនិធិ​ឆ្លើយតប​កណ្ដាល​របស់​អង្គការសហប្រជាជាតិ​ផងដែរ​។ មូលនិធិ​នេះ​ផ្ដល់​ថវិកា​២០០​លាន​ដុល្លារ​ចំពោះ​វិបត្ដិ​ដែល​គ្មាន​មូលនិធិ​ដោះស្រាយ​នៅ​ជុំវិញ​ពិភពលោក​។ ប៉ុន្ដែ​ទំហំ​នៃ​ការឆ្លើយតប​នៅតែ​មិន​គ្រប់គ្រាន់​នឹង​តម្រូវការ​សកល ហើយ​ត្រូវ​យកចិត្ដទុកដាក់​ឲ្យ​កាន់តែខ្លាំង​ដោះស្រាយ​ជម្លោះ និង​ផ្ដល់​សន្ដិភាព​នៅក្នុង​ឆ្នាំ​២០២០​។​

៥ ពិភពលោក​ដែលមាន​ការរួបរួម

​ឆ្នាំ​២០២០​គឺជា​ពេលវេលា​ដើម្បី​ផ្លាស់ប្ដូរ​ពិភពលោក​ឲ្យ​កាន់តែខិត​ទៅរក​អនាគ​ត​ប្រកបដោយ​ចីរភាព សមធម៌​។ ប្រការនេះ​កើតឡើង​នៅពេលដែល​អង្គការសហប្រជាជាតិ​ជិត​ដល់​ខួប​៧៥​ឆ្នាំ​របស់ខ្លួន ជា​ការឆ្លុះបញ្ចាំង​ពី​រយៈពេល​មួយ​ដែល​មានការ​រួបរួមគ្នា សម្រេចបាន​សមិទ្ធផល​រួមគ្នា​។ វា​ក៏​ជា​ឱកាស​មួយ​ដើម្បី​ទន្ទឹងរង់ចាំ​លទ្ធផល​រួមគ្នា​បន្ដទៀត​។ អង្គការសហប្រជាជាតិ​កំពុងបើក​ការសន្ទនា​ជា​សកល​មួយ​ស្ដីពី​អនាគត​ដែល​ចង់បាន និង​បញ្ហា​ដែល​សំខាន់បំផុត​ដោយ​មានបំណង​ស្នើ​គ្រប់​ប្រទេស​ទាំងអស់​ជួយ​កំណត់​នូវ​អ្វីដែល​ត្រូវការ​ដើម្បី​ឈានដល់​គោលដៅ​។ 

​អង្គការសហប្រជាជាតិ​ក៏​កំពុង​ស្វែងរក​វី​ធី​សាស្ដ្រ​ថ្មីៗ និង​ភាពជា​ដៃគូ​ដែលមាន​សារសំខាន់ សម្រាប់​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ដូច​បាន​រៀបរាប់​ខាងលើ​។ ស្ថាប័ន​កំពូល​របស់​ពិភពលោក​មួយ​នេះ​ក៏​លើក​ទឹកចិត្ដ​ឲ្យមាន​ការពិចារណា​លើ​បញ្ហា​ទាក់ទង​គ្នា និន្នាការ​សំខាន់ៗ​ដែល​នឹង​កំណត់​ពី​ជោគវាសនា​ពិភពលោក​។ ក្នុងនោះ​មាន​បច្ចេកវិទ្យា​ឌីជីថល ជម្លោះ​និង​អំពើហិង្សា ការប្រែប្រួល​អាកាសធាតុ ការផ្លាស់ប្ដូរ​ប្រជាសាស្ដ្រ និង​សុខមាលភាព​សកល​។ 

​សរុបមក​បញ្ហា​ប្រឈម​ទាំង​៥ ពិតជា​មាន​ផលប៉ះពាល់​ជាក់ស្ដែង​និង​ធ្ងន់ធ្ងរ​ណាស់​នាពេល​សព្វថ្ងៃ​។ ការ​បោះពួយ​យ៉ាង​លឿន​នៃ​វិបត្ដិ​ទាំងអស់នេះ ទាមទារ​ឲ្យមាន​កិច្ចសហការ​ជា​សកល​។ មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ខែកញ្ញា​ឆ្នាំ​២០២០​នេះ នឹង​ដើរតួនាទី​ជា​ចំណុច​ឆ្លុះបញ្ចាំង​មួយ​លើ​វឌ្ឍនភាព ចន្លោះប្រហោង​ដែល​នៅ​សេសសល់ ការប្រមូល​ព័ត៌មាន​បន្ថែម​ដើម្បី​ដោះស្រាយ​ភាពក្រីក្រ បញ្ហា​ប្រែប្រួល​អាកាសធាតុ​និង​វិសម​ភាព​។ វា​ក៏​ជា​ពេលវេលា​សម្រាប់​អង្គការសហប្រជាជាតិ​ត្រូវ​ទន្ទឹង​ចាំមើល​បញ្ហា​មួយចំនួនទៀត​ដែល​ពិភពលោក​នឹង​ជួបប្រទះ គឺ​មិន​ត្រឹមតែ​ឆ្នាំ​២០២០​នេះ​ទេ​តែ​នៅ​ឆ្នាំ​បន្ដបន្ទាប់​ទៀត​៕

ព័ត៌មានផ្សេងទៀត