អ៊ីរ៉ង់​រៀបចំ​ទីតាំង​បាញ់​បង្ហោះ​ផ្កាយរណប តែ​អាមេរិក​ផ្សារភ្ជាប់​ទៅ​មី​ស៊ី​ល​ផ្លោង​

28-01-2020 4:55 pm 339
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​បច្ចេកវិទ្យា ទូរគមនាគមន៍​អ៊ីរ៉ង់​លោក​Mohammad Javad Azari-Jahromi និយាយថា អ៊ីរ៉ង់​កំពុងតែ​រៀបចំ​ទីតាំង​បាញ់​បង្ហោះ​ផ្កាយរណប ដែលមាន​ឈ្មោះថា Zafar ទៅកាន់​គន្លង​តារាវិថី​។ លោក​ថា បន្ទាប់ពី​ផ្កាយរណប Zafar ត្រូវបាន​បាញ់​បង្ហោះ​ដល់​គោលដៅ​ហើយ នឹងមាន​ការបាញ់​ផ្កាយរណប​ផ្សេងទៀត ទៅតាម​ពីក្រោយ​ជា​បន្តបន្ទាប់​។ ប្រទេស​អ៊ីរ៉ង់​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ដំបូង​របស់ខ្លួន​ឈ្មោះ Omid ក្នុង​ឆ្នាំ ២០០៩ ហើយ​ផ្កាយរណប Rasad ត្រូវបាន​បញ្ជូនទៅ​ក្នុង​តារាវិថី​កាលពី​ខែមិថុនា​ឆ្នាំ ២០១១​។ ក្រុងតេអេ​រ៉ង់​និយាយកាល​ពី​ឆ្នាំ ២០១២ ថា បាន​ទទួលជោគជ័យ​នៅក្នុង​ការបាញ់​បង្ហោះ​ផ្កាយរណប​ផលិត​ក្នុងស្រុក​ទី​បី​របស់ខ្លួន​គឺ Navid ចូលទៅក្នុង​គន្លង​។​

​អាមេរិក​ដែល​តាមដាន​សកម្មភាព​អ៊ីរ៉ង់​ឥត​ដាក់​ភ្នែក បានបង្ហាញ​ការបារម្ភ​នៅក្នុង​ការរៀបចំ​បាញ់​បង្ហោះ​ផ្កាយរណប​ជាថ្មី​របស់​អ៊ីរ៉ង់​នេះ ថា បច្ចេកវិទ្យា​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​ត្រូវ​ប្រើប្រាស់​ដើម្បី​បញ្ជូន​ផ្កាយរណប​ទៅកាន់​គន្លង​តារាវិថី ក៏​អាច​ប្រើប្រាស់​ផងដែរ ដើម្បី​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ​។ អ៊ីរ៉ង់​បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​អាមេរិក​ដែលថា សកម្មភាព​របស់ខ្លួន​បែបនេះ ជា​ការបិទបាំង​ការ​អ​ភ​ភិ​វ​ឌ្ឍ​មី​ស៊ី​ល​ផ្លោង ហើយ​និយាយថា ខ្លួន​មិនដែល​បន្ត​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។​

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បានបញ្ជាក់​ជំហរ​ម្តង​ហើយ​ម្តង​ទៀតថា មិន​អនុញ្ញាតឲ្យ​អ៊ីរ៉ង់​មានអាវុធ​នុយក្លេអ៊ែរ​ជាដាច់ខាត​។ អ៊ីរ៉ង់​ត្រូវបាន​ចងរឹត​ដោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ រារាំង​មិនឲ្យ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ដែល​អន្តរជាតិ​ហាមឃាត់​។ អាមេរិក​បាន​ចោទ​អ៊ីរ៉ង់​ថា បំពាន​លើ​កិច្ចព្រមព្រៀង​នោះ ទើប​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ​២០១៨ ហើយ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ដែល​នៅតែមាន​ប្រសិទ្ធភាព​មកទល់​បច្ចុប្បន្ន​៕

ព័ត៌មានផ្សេងទៀត