​លោក​អ៊ូរ ច័ន្ទ​រ័ត្ន​​៖​លោក​សម រង្ស៊ី​​អំពាវនាវ​ឱ្យ​រួមគ្នា​​នាពេលនេះ​ហួសពេល​ហើយ​​

28-01-2020 4:33 pm 1422

ក្រោយពី​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឱ្យ​អ្នកប្រជាធិបតេយ្យ​រួមគ្នា ជាពិសេស​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ក្នុង​និង​ក្រៅប្រទេស​នាពេលនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ ថា​ហួសពេល​ទៅហើយ​។ ហួសពេល ដោយ​លោក អ៊ូ ច័ន្ធរ័​ត្ន អះអាងថា ការអំពាវនាវ​របស់​លោក សម រង្ស៊ី គួរ​ធ្វើ​តាំងពី​ដំបូង មិនមែន​ធ្វើ​នៅពេលនេះ​ទេ ហើយ​ត្រូវមាន​យន្តការ​ឱ្យបាន​ច្បាស់ ទើប​គ្មាន​ការបែកបាក់​។

​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទ​រ័ត្ន បានចាត់ទុក​ការ​អំពា​វ របស់​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឱ្យ​អ្នកប្រជាធិបតេយ្យ​រួមគ្នា ជាពិសេស​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ក្នុង​និង​ក្រៅប្រទេស​នាពេលនេះ គឺ​ហួសពេល​ទៅហើយ​។ លោក អ៊ូ ច័ន្ទ​រ័ត្ន ថែមទាំង​លើកឡើងថា មូលហេតុ​ដែល​នាំ​ហួសពេល គឺ​ការអំពាវនាវ​នេះ គួរតែ​ចាប់ផ្ដើម​តាំងពី​ដំបូង និង ត្រូវមាន​យន្តការ​ឱ្យ​បានច្បាស់លាស់ និង​មានការ​ឯកភាពគ្នា​សិន ទើប​គ្មាន​ការបែកបាក់​ផ្ទៃក្នុង​……

​សំឡេង​៖

​ប៉ុន្តែ​យ៉ាងណាក៏ដោយ​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បែរជា​លើកឡើងថា ការបែកបាក់​ផ្ទៃក្នុង​របស់​សកម្មជន​និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ក្នុង​និង​ក្រៅប្រទេស គឺជា​រឿង​ធម្មតា​ទៅវិញ​។ លោក អ៊ូ ច័ន្ទ​រ័ត្ន ថា​ការដឹកនាំ យន្តការ​មិន​ច្បាស់លាស់ និង​គ្មាន​គោលការណ៍​ការឯកភាព​គ្នា ជា​ដើមចម​នាំឱ្យ​មានកា​រ​បែកបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។ ជាមួយគ្នា​នោះ លោក អ៊ូ ច័ន្ទ​រ័ត្ន លើកឡើងថា បើទោះជា​ថ្នាក់ដឹកនាំ​ទាំងពីរ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា មិន​ប្រកាស​ពី​ការបែកបាក់​គ្នា ប៉ុន្តែ​សកម្មភាព​នា​ពេលបច្ចុប្បន្ន វា​បានបង្ហាញ​ពី​ភាព​បែកបាក់​គ្នា​ទៅហើយ​។​

​ងាក​ទៅ​អតីតកាល​មុន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ លោក អ៊ូ ច័ន្ទ​រ័ត្ន បែរជា​និយាយ​បន្ទោស​ថា ការប្រើ​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នាពេលនោះ គឺ​បាន​ដើរ​ខុស​ទាំងស្រុង ទើប​ធ្វើឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ដោយ​តុលាការ​កំពូល​។ លោក អ៊ូ ច័​ន្ធ័​ត្ន ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ពេលនោះ​ដាក់​មេធាវី​ការពារ​ក្ដី​គណបក្ស ដែល​ចោទប្រកាន់​មុន​សម្រេច​រំលាយចោល ប្រហែលជា​អាច​ពន្យារពេល ឬក៏​អូសបន្លាយ ក្នុង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​។​

​សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឱ្យ​អ្នកប្រជាធិបតេយ្យ​រួបរួមគ្នា ជាពិសេស​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ក្នុង​និង​ក្រៅប្រទេស ឱ្យធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​ជា​ការឯកភាព​គណបក្ស​។ លោក សម រង្ស៊ី នៅតែ​ឱ្យ​សកម្មជន និង​អ្នកគាំទ្រ ប្រកាន់​គោលការណ៍ និង​ពាក្យស្លោក សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ​។ លោក សម រង្ស៊ី ថែមទាំង​លើកឡើង​ក្នុង​លិខិត​ផងដែ​រថា លោក​នៅតែ​រក្សា​ទំនាក់ទំនង​ជាមួយ​ជនរួមជាតិ​គ្រប់រូប គ្រប់​ក្រុម គ្រប់​តំបន់ ឬ​ជា​ឯកជន ក្នុង​ទ្រង់ទ្រាយ​តូច​ឬ​ធំ ដែល​រៀបចំ​ដោយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត