ជប៉ុន​នឹង​បញ្ជូន​យន្តហោះ​ទៅ​ដឹក​ប្រជាជន​ខ្លួន​ចេញ​ពី​ចិន​

28-01-2020 3:11 pm 512

​រដ្ឋាភិបាល​ជប៉ុន​នឹង​បញ្ជូន​យន្តហោះ​របស់ខ្លួន ទៅ​កាន់​ទីក្រុង​អូ​ហាន ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា នេះ ដើម្បី​ជម្លៀស​ប្រជាជន​របស់​ខ្លួន​ចេញពី​ប្រភព​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក​Toshimitsu Motegi បានបញ្ជាក់​ថា ក្នុង​មួយ​ជើងហោះហើរ យន្តហោះ​អាច​ផ្ទុក​មនុស្ស​ប្រមាណ ២០០​នាក់​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ គេ​រំពឹងថា​ប្រជាជន​ជប៉ុន​ចំនួន ៦៥០​នាក់​អាច​នឹង​ត្រឡប់​ទៅ​កាន់​មាតុភូមិ​វិញ​មិនខានឡើយ​។ លោក​បន្តថា ភាគី​រដ្ឋាភិបាល​ចិន​បាន​ទទួល​សំណើរ ដែល​អនុញ្ញាត​នាំយក​ប្រជាជន​ជប៉ុន​ចេញពី​ក្រុង​អូ​ហាន​រួចរាល់​ហើយ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការបញ្ជូន​ជើងហោះហើរ​នេះ​ទៀតសោត ខាង​ក្រសួង​សុខាភិបាល​ជប៉ុន​នឹង​ដាក់​ឲ្យមាន​វេជ្ជប​ណ្ឌិ​ត​ម្នាក់ រួម​ជាមួយបុគ្គលិក​ពេទ្យ​ចំនួន​២​នាក់ រាល់​ជើងហោះហើរ​ទាំងអស់ ដើម្បី​ពិនិត្យ​លើ​ស្ថានភាព​សុខភាព​ប្រជាជន​ជប៉ុន​ទាំងអស់ ដែល​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​កំណើត​វិញ​។​

​គួរ​រម្លឹក​ឡើងវិញ​ថា មកទល់ពេលនេះ​ជំងឺ​រលាក​សួត​ថ្មី​ក្រៅពី​បាន​រាលដាល​ក្នុង​ប្រទេស​ចិន ជំងឺ​បង្ក​ពី​កូរ៉ូណា​វីរុស​កំពុង​បាន​រាត​ត្បា​តដល់​ប្រទេស​ជាច្រើន​រួមមាន ប្រទេស​ថៃ​, អូស្ត្រាលី​, សហរដ្ឋអាមេរិក​, ជប៉ុន​, ម៉ាឡេស៊ី​, សឹង្ហ​បុរី​, បារាំង​, កូរ៉េខាងត្បូង​, តៃវ៉ាន់​, វៀតណាម​,​នេ​ប៉ាល់​,​កម្ពុជា និង​អាឡឺម៉ង់​៕​

ព័ត៌មានផ្សេងទៀត