រដ្ឋាភិបាលកំណត់យកខេត្តបាត់ដំបងដើម្បីប្រារព្ធពិធីបុណ្យទន្លេលើកទី៦

28-01-2020 2:04 pm 292
  ស្តាប់
ស្តាប់ជាសំឡេង

 រដ្ឋាភិបាលសម្រេចធ្វើបុណ្យទន្លេជារៀងរាល់ឆ្នាំ ដោយធ្វើការផ្លាស់ប្តូរខេត្ត ដែលជាប់ តាមដងទន្លេផ្សេងៗគ្នា ក៏ដូចជាបឹងទន្លេសាបដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍នៅតាមតំបន់ទន្លេនៃប្រទេសកម្ពុជាដោយឆ្នាំ២០២០ខាងមុខនេះ ពិធីបុណ្យទន្លេលើកទី៦ នឹងត្រូវប្រាព្វនៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១៣,១៤ និង១៥ មីនា ឆ្នាំ២០២០ ខាងមុខនេះ

ក្រសួងទេសចរណ៍ សម្រេចរៀបចំពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ក្នុងនោះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា ត្រូវតែកំណត់យកពិធីបុណ្យទន្លេនេះ ជាព្រឹត្តិការណ៍ជំរុញចលនាទេសចរណ៍ជាតិ-អន្តរជាតិ និងដើម្បីលើកកម្ពស់គុណភាពគោលដៅទេសចរណ៍ ខេត្តបាត់ដំបងបន្ថែមទៀត។ការលើកឡើងនេះធ្វើឡើងនាឱកាសលោករដ្ឋមន្ត្រី ថោង ខុន ដឹកនាំកិច្ចប្រជុំក្រុមការងារលើកដំបូងដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ការងារចម្បងដែលត្រូវជំរុញឱ្យមានការអនុវត្តនោះ មានដូចជាការផ្សព្វផ្សាយពីវប្បធម៌ និងរមណីយដ្ឋានទេសចរណ៍ ការតាំងពិព័រណ៍ពីផលិតផលក្នុងស្រុក ពិសេសគឺការបន្តចុះពង្រឹងគុណភាពសេវាកម្មទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានាក្នុងខេត្ត និងនៅតាមរមណីយដ្ឋាននានា។ជាមួយគ្នានោះក៏នឹងមានព្រឹត្តិការណ៍និងសកម្មភាពកីឡា ទេសចរណ៍ វប្បធម៌ជាច្រើនដូចជា ការប្រកួតកីឡា ការតាំងពិព័រណ៍កសិ-ទេសចរណ៍ និងផលិតផលខ្មែរ ពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការប្រគំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន ។

លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យមូលដ្ឋានអាជីវកម្មក្នុងខេត្ត ត្រូវកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយជំនួសមកវិញនូវការប្រើប្រាស់វត្ថុដែលផលិតពីរពាក់ ផ្ដៅ ឫស្សី ក្រដាសជាដើម ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងជំរុញការអនុវត្តស្ដង់ដា «ស្អាត និងបៃតង»។លោករដ្ឋមន្ត្រីក៏សង្ឃឹមថា ពិធីបុណ្យទន្លេនេះ នឹងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត បានច្រើនកុះករផងដែរ៕ 

ព័ត៌មានផ្សេងទៀត