កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥៤នៅឆ្នាំ២០១៩

26-01-2020 3:22 pm 147

យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) គិតត្រឹមឆ្នាំ ២០១៩ កន្លងទៅ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥៤តំបន់ ក្នុងនោះតំបន់មានអនុក្រឹត្យចំនួន៣៥តំបន់ ដែលមានរដ្ឋបាលតំបន់បំពេញការងារជាអចិន្រ្តៃយ៍សរុប១៨តំបន់ មានក្រុមហ៊ុនវិនិយោគចំនួន ៤៦៥ ក្រុមហ៊ុននិងមានកម្មករកំពុងបម្រើការងារចំនួន១២៥,០៩៤នាក់។ ដោយឡែកតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងក្នុងខណ្ឌកំបូលលើផ្ទៃដី៣៥៣ហិចតា មានក្រុមហ៊ុនវិនិយោគចំនួន១២១ក្រុមហ៊ុន និងប្រើប្រាស់កម្លាំងពលកម្មប្រមាណជា២១,៧១៧នាក់។ កាលពីឆ្នាំ២០១៩ កន្លងទៅ ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសមានទំហំទឹកប្រាក់២៦៨៨លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណជា២៧ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពវិនិយោគ និងពាណិជ្ជកម្មនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយបានពិនិត្យមើលទៅលើការបំពេញការងាររបស់មន្រ្តីរដ្ឋបាលតំបន់នៃច្រកចេញចូលតែមួយ ដែលជាយន្តការសម្រាប់សម្រួលក្នុងការផ្តល់សេវាសាធារណៈនាៗជូនអ្នកវិនិយោគរួមមានការចុះបញ្ជីក្រុមហ៊ុន ការផ្តល់ការលើកទឹកចិត្ត ការសម្រួលនីតិវិធីនាំចេញ-នាំចូល ការផ្តល់វិញ្ញាបនបត្រប្រភពដើមទំនិញនិងនិតិវិធីផ្សេងៗទាក់ទងនឹងការគ្រប់គ្រងកម្មករជាដើម។

ក្នុងដំណើរចុះពិនិត្យនេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្តែងនូវការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលសម្រេចបាននូវការនាំចេញប្រមាណ៥១៨លានដុល្លារអាមេរិក និងបានអរគុណចំពោះរាល់ដៃគូពាណិជ្ជកម្មសំខាន់ៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ ដែលរួមមានក្រុមហ៊ុនមកពីប្រទេសថៃ វៀតណាម ចិន ជប៉ុន ប៊ែលហ្ស៊ិក ហុងកុង ម៉ាឡេស៊ី សិង្ហបុរី សហរដ្ឋអាមេរិក និងហ្វីលីពីនជាដើម។ 

ព័ត៌មានផ្សេងទៀត