ម្តាយមីង​ដ៏​មាន​ឥទ្ធិពល​របស់លោក​គីម ​បង្ហាញខ្លួន​លើកដំបូង​ចាប់តាំងពី​ស្វាមី​ត្រូវ​ប្រហារជីវិត​

26-01-2020 3:16 pm 1404

​លោកស្រី​Kim Kyong Hui ម្តាយមីង​បង្កើត​របស់លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង ត្រូវបាន​ប្រទះឃើញ​អង្គុយក្បែ​រលោក​គីម ជុង​អ៊ុន​អំឡុងពេល​ចូលរួម ពិធី​អបអរ​បុណ្យចូលឆ្នាំថ្មី នៅ​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​។ វត្តមាន​លោកស្រី​Kim Kyong Hui នៅក្បែរ​លោក​គីម ជុង​អ៊ុន ធ្វើឲ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​លោកស្រី​មិនដែល​បង្ហាញខ្លួន​ជា​សាធារណៈ​បែបនេះ អស់​រយៈពេល​៦​ឆ្នាំ​មកហើយ​។ ពោល ចាប់តាំងពី​លោក​គីម ជុង​អ៊ុន​បញ្ជា​ឲ្យ​ប្រហារជីវិត​ស្វាមី​លោកស្រី គឺ​លោក​Jang Song Thaek ក្នុង​ខែធ្នូ​ឆ្នាំ​២០១៣​។ 

​ស្វាមី​លោកស្រី​ត្រូវបាន​ប្រហារជីវិត បន្ទាប់ពី​រង​នូវ​ការចោទប្រកាន់ ពីបទ​ក្បត់ជាតិ​និង​អំពើពុករលួយ​។ រយៈពេល​៦​ឆ្នាំ​នៃ​ការ​អវត្តមាន​ជា​សាធារណៈ លោកស្រី​Kim Kyong Hui ត្រូវបាន​អ្នកឃ្លាំមើល​កូរ៉េខាងជើង​ជាច្រើនរូប​សន្និដ្ឋានថា បើ​លោកស្រី​មិន​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស ក៏ត្រូវ​បានសម្លាប់​ដែរ​។ ដូច្នេះ ការបង្ហាញ​ខ្លួន​របស់​លោកស្រី​នាពេលនេះ ធ្វើឲ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​លោកស្រី​Kim Kyong Hui​និង​ស្វាមី ត្រូវបាន​គេ​ស្គាល់​ថា ជា​គូ​ស្វាមីភរិយា​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​ពិភព​នយោបាយ​កូរ៉េខាងជើង នៅ​ពីក្រោយ​លោក​គីម ជុង​អ៊ុន​ដែល​កាលនោះ ទើបតែ​ចូល​កាន់តំណែង​បន្ត​ពី​ឪពុក​ក្នុង​ឆ្នាំ​២០១១​។ លោក​គីម ជុង​អ៊ុន​ស្ថិតក្នុង​វ័យ​២៧​ឬ​២៨​ឆ្នាំ បាន​ក្លាយជា​មេដឹកនាំ​វ័យក្មេង​នៃ​ប្រទេស​កូរ៉េខាងជើង ក្រៅពី​មន្ត្រី​ជំនិត​មួយចំនួន​នៅក្បែរ​និង​ជួយ​ផ្តល់យោបល់ គឺមាន​លោកស្រី​Kim Kyong Hui​និង​ស្វាមី​នៅ​ពីក្រោយ​។​ 

​ការ​លេចមុខ​ជាថ្មី​របស់​លោកស្រី​Kim Kyong Hui នៅក្នុង​ជំហរ​លេចធ្លោ​មួយ បាន​បង្ហាញថា​លោកស្រី​នៅតែ​រក្សា ឬ​យ៉ាងហោចណាស់​ក៏​ទទួលបាន​ឋានៈ ជា​បុគ្គល​មាន​ឥទ្ធិពល​មួយ​នៅ​ពីក្រោយ​ឆាក​។ មតិ​ខ្លះ​លើកឡើងថា ការបង្ហាញ​ខ្លួន​របស់​លោកស្រី​Kim Kyong Hui ដោយ​អង្គុយ​ខាងស្តាំ​ដៃ​លោក​គីម ជុង​អ៊ុន បង្ហាញថា​ស្ត្រី​វ័យ​៧៤​ឆ្នាំ​រូបនេះ ប្រហែលជា​ត្រូវ​បានផ្តល់​តួនាទី​ថ្មី អាចជា​អ្នកផ្តល់យោបល់​ដ៏​មាន​សក្តានុពល ដល់​លោក​គីម ជុង​អ៊ុន ទាំង​លើ​បញ្ហា​សេដ្ឋកិច្ច​និង​នយោបាយ​។ ជា​អ្នកផ្តល់​ប្រឹក្សា​ដ៏​មាន​សក្តានុពល ត្បិត​លោក​គីម ជុង​អ៊ុន​កំពុង​ប្រឈមមុខ​នឹង​បញ្ហានយោបាយ​អន្តរជាតិ​និង​នយោបាយ​ក្នុងស្រុក ដោយសារតែ​កិច្ចពិភាក្សា អំពី ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក នៅតែ​ជាប់គាំង ហើយ​ទណ្ឌកម្ម​អន្តរជាតិ នៅតែ​រឹតត្បិត​សេដ្ឋកិច្ច​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត