ស្ថានទូត​កម្ពុជា​ច្រានចោល​ព័ត៌មាន​ថា​បាន​យក​ថ្លៃ​សេវា​ពី​សាច់ញាតិ​ពលករ​ស្លាប់​នៅ​ប្រទេស​ថៃ​

26-01-2020 11:49 am 305
  ស្តាប់
ស្តាប់ជាសំឡេង

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បដិសេធ​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក និង សារព័ត៌មាន​មួយចំនួន ដែល​ផ្សព្វផ្សាយ​អំពី​ការផ្ដល់​សេវាកម្ម​របស់​ស្ថានទូត បាន​យក​ថ្លៃ​សេវា​លើ​ឯកសារ ដោយ​ទាមទារ​សំណង​ពី​សាច់ញាតិ​ពលករ នៅពេល​មាន​ករណី​ពលករ​ស្លាប់​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែ មករា ឆ្នាំ ២០២០​។ 

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ច្រានចោល​ព័ត៌មាន​អំពី​ការយកថ្លៃ​សេវា​ពី​សាច់ញាតិ​ពលករ ហើយ​ថែមទាំង​បញ្ជាក់ថា ករណី​ពលករ​ស្លាប់ សាច់ញាតិ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​លិខិត​យក​សព​ទៅ​បូជា​នៅ​ក្នុង​ប្រទេស​ថៃ ឬ​ប្រទេស​កម្ពុជា​នៅ​ស្ថានទូត​ដោយ​ឥតគិតថ្លៃ​សេវាកម្ម​។ ករណី​ពលករ​គ្រោះថ្នាក់​ការងារ​ឬ​ស្លាប់ ដែល​ត្រូវ​ទទួលបាន​ប្រាក់​សំណង ឬ​អត្ថប្រយោជន៍​ផ្សេងៗ ដែល​សាច់ញាតិ​មក​ដាក់​ពាក្យ​ស្នើសុំ​ឯកសារ​ផ្សេងៗ​នៅ​ស្ថានទូត​ដោយ​ឥតគិតថ្លៃ​សេវាកម្ម​។​

​ដើម្បី​ការពារ​កុំ​ឲ្យ​ជន​ឱកាសនិយម ដែល​យកឈ្មោះ​ស្ថានទូត​ទៅ​ប្រើប្រាស់​ក្នុងការ​ឆបោក ដើម្បី​ស្វែងរក​ផលប្រយោជន៍​ពី​ពលករ ស្ថានទូត​បាន​ភ្ជាប់​នូវ​បញ្ជី​ឈ្មោះ និង​រូបថត​មន្ត្រី​ទាំង​១៦​រូប ដើម្បី​ធ្វើ​ការទំនាក់ទំនង ហើយ​ក្នុង​ករណី​មាន​ជនណាម្នាក់​អះអាង​ខ្លួន​ថា​ជា​មន្ត្រី​ស្ថានទូត ដែល​មិន​មាន​ឈ្មោះ និង​រូបថត​ដូច​ក្នុង​បញ្ជី ស្ថានទូត​សុំឲ្យ​ពលក​ររាយការណ៍​ទៅ​ស្ថានទូត ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​យោងតាម​សេចក្ដីប្រកាស ស្ថានទូត​កម្ពុជា​បាន​អះ​អា​ងា​ថា ស្ថានទូត​បាន​នឹង​កំពុង​ជួយ​ដោះស្រាយ​ដល់​ពលករ​ខ្មែរ ដែល​ជួប​ទុក្ខលំបាក​នៅក្នុង​ទីក្រុង​បាងកក និង​នៅតាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​ថៃ ដូច្នេះ​ស្ថានទូត​កម្ពុជា បានប្រកាស​ច្រានចោល​ព័ត៌មាន ដែល​ចុះផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ពី​ការយកថ្លៃ​សេវាកម្ម​លើ​ពលករ​៕

ព័ត៌មានផ្សេងទៀត