កាណាដា​រកឃើញ​ការឆ្លង​ជំងឺ​រលាក​សួត​ថ្មី​១​ករណី​លើកដំបូង​

26-01-2020 10:41 am 255

​អាជ្ញាធរ​កាណាដា កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២០ បាន​ប្រកាសថា​ខ្លួន​បាន​រកឃើញ​នូវ​ការឆ្លង​កូរ៉ូណា​វីរុស​មួយ​ករណីលើកដំបូងបំផុត​។ ការឆ្លង​មួយ​ករណី​នេះ​ដែរ ជា​ជនជាតិ​កាណាដា​ម្នាក់ ដែល​ទើប​នឹង​ធ្វើដំណើរ​មកពី​ទីក្រុង​វូ​ហាន​ចូលមក​ខេត្ត​Ontario ប្រទេស​កាណាដា​វិញ​។​

​បើ​តាម​ការបញ្ជាក់​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​Ontario បានបញ្ជាក់​ថា​បុរស​ដែល​មាន​ផ្ទុក​កូរ៉ូណា​វីរុស​មាន​អាយុ​៥០​ឆ្នាំ និង​បាន​ធ្វើដំណើរ​មក​ដល់​ទី​ក្រុង​Toronto តាំងពី​ថ្ងៃ​ទី​២២ ខែ​មករា មក​ម្លេះ​។ 

​ទោះបីជា​យ៉ាងណា​ក៏ដោយ​ខាង​អាជ្ញាធរ​សុខាភិបាល​កាណាដា កំពុង​ស៊ើបសួរ​បុរស​នេះ បាន​ធ្វើដំណើរ​ទៅ​កន្លែង​ណា​ខ្លះ និង​បាន​ធ្វើ​អ្វីខ្លះ តាំង​ពី​លោក​បាន​ទៅដល់​ទីក្រុង​Toronto​។ តែ​បច្ចុប្បន្ន​បុរស​នេះ កំពុងតែ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​មួយ​កន្លែង ដើម្បី​តាមដាន​ស្ថានភាព​សុខភាព​បន្តទៀត​។​

​ទាក់ទង​ទៅនឹង​ការឆ្លង​លើកទីមួយ​នេះដែរ អាជ្ញាធរ​កាណាដា​កំពុង​បង្កើន​វិធានការណ៍​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង ដោយសារ​កាណាដា​ធ្លាប់​ត្រូវបាន​ជំងឺ​ផ្លូវដង្ហើម​SARS ដែល​ជា​សែស្រឡាយ​ជាមួយ​នឹង​ជំងឺ​រលាក​សួត​ថ្មី​នេះ វាយប្រហារ និង​ឆក់យក​ជីវិត​ប្រជាពលរដ្ឋ​កាណាដា​ប្រមាណ ៤៤​នាក់ កាលពី​អំឡុង​ឆ្នាំ​២០០២-២០០៣៕​

ព័ត៌មានផ្សេងទៀត