អាមេរិក​និង​បារាំង​រៀបចំ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ពី​ក្រុង​វូ​ហាន ក្រោយ​ផ្ទុះ​ជំងឺ​រលាក​សួត​ថ្មី​

26-01-2020 10:29 am 537

​អាមេរិក​កំពុងតែ​រៀបចំ​ជើងហោះហើរ​នៅ​ថ្ងៃអាទិត្យ​នេះ ដើម្បី​ដឹក​ពលរដ្ឋ​របស់ខ្លួន ក៏ដូចជា​មន្ត្រីការទូត ជម្លៀសចេញ​ពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន ជា​កន្លែង​ដែល​ផ្ទុះ​វីរុស​កូរ៉ូណា​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​កាសែត Wall Street Journal​។ កាសែត​ដដែល​ឲ្យដឹង​បន្តថា ទីក្រុង​វ៉ាស៊ីនតោន​ត្រូវបាន​ផ្តល់​ការយល់ព្រម សម្រាប់​ប្រតិបត្តិ​ការជម្លៀស​នេះ ពី​ក្រសួងការបរទេស​ចិន​និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ដ​ទៃទៀត បន្ទាប់ពី​ការចរចា​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​

​រីឯ​បារាំង​វិញ កំពុង​រៀបចំ​ផែនការ​ជម្លៀស​ប្រជាពលរដ្ឋ​ខ្លួន​ដូចគ្នា​។ ស្ថាន​កុងស៊ុល​បារាំង​ប្រចាំ​នៅ​ទីក្រុង​វូ​ហាន​និយាយថា បារាំង​កំពុង​ពិចារណា​រៀបចំ​សេវាកម្ម​ឡានក្រុង ដែល​អនុញ្ញាតឲ្យព​ល​រដ្ឋបា​រាំង​ទាំងប្តី​ប្រពន្ធ​និងកូន ៗ ចាកចេញ​ពី​ទីក្រុង​វូ​ហាន​។ ប៉ុន្តែ​មុននឹង​ជម្លៀស​ពួកគេ​ទៅកាន់​ទីក្រុង​ផ្សេងទៀត ពលរដ្ឋ​បារាំង​ទាំងនោះ នឹង​ត្រូវគេ​រៀបចំ​ឲ្យ​ដាក់​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សិន ដើម្បី​តាមដាន​ស្ថានភាព​សុខភាព ថា​មាន​ផ្ទុក​វីរុស​ដ៏​កាច​សាហាវ​នោះ​ឬ​យ៉ាងណា ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កាន់តែខ្លាំង​។​

​វិធានការ​ជម្លៀស​នេះ ធ្វើឡើង​នៅពេល​វីរុស​កូរ៉ូណា ដែល​បង្ក​ជា​ជំងឺ​រលាក​សួត​ថ្មី​កំពុងតែ​ផ្ទុះ​រាលដាល​ខ្លាំង​ឡើងៗ ហើយ​ធ្វើឲ្យ​ទីក្រុង​វូ​ហាន ក្លាយជា​ទីក្រុង​គួរឲ្យខ្លាច​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី និង​ករណី​ឆ្លង​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស បើទោះបីជា​រដ្ឋាភិបាល​ចិន ដាក់ចេញ​វិធានការ​ទប់ស្កាត់​តឹងរឹង​យ៉ាងណាក៏ដោយ​។ គណៈកម្មការ​សុខាភិបាល​ចិន បានបញ្ជាក់​ជាថ្មី​នៅ​ថ្ងៃទី​២៦​ខែមករា​នេះ​ថា តួលេខ​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ បាន​ហក់​ឡើងដល់​៥៦​នាក់ និង​ឆ្លង​កើនឡើង​ដល់​ជិត​២,០០០​នាក់​នៅក្នុង​ប្រទេស​ចិន​។ បន្ថែម​លើ​នេះ​វីរុស​នេះ បាន​រាត្បា​តដល់​ប្រទេស​កាន់តែ​ច្រើនឡើងៗ​នៅ​ទូទាំង​ពិភពលោក នៅក្នុង​នោះ​ក៏មាន​អាមេរិក​និង​បារាំង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត