ចិន​៖​ជំងឺ​រលាក​សួត​ថ្មី​សម្លាប់​មនុស្ស​៥៦​នាក់​និង​ឆ្លង​កើន​ដល់​ជិត​២,០០០​នាក់​

26-01-2020 9:36 am 324

​គណៈកម្មការ​សុខាភិបាល​ចិន នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២០ បាន​បញ្ជាក់​ពី​តួលេខ​អ្នកស្លាប់​ដោយសារ​កូរ៉ូណា​វីរុស​ថា បាន​កើនឡើង​ដល់ ៥៦​នាក់​ហើយ ខណៈ​វីរុស​វាយប្រហារ​តាម​ផ្លូវដង្ហើម​នេះ​បាន​ចម្លង​ទៅ​មនុស្ស​ចំនួន ១,៩៧៥​នាក់​។ ការ​ហក់​ឡើង​ដ៏​ខ្លាំង​នៃ​ស្ថិតិ​ចំនួន​អ្នកស្លាប់​នេះ បន្ទាប់ពី​អាជ្ញាធរ​ចិន​បាន​រកឃើញថា​មនុស្ស​ចំនួន ១៣​នាក់​ទើប​នឹង​បាន​ស្លាប់​បន្ថែម ស្រប​ជាមួយនឹង​ការចម្លង​បាន​កើនឡើង​ថែម ៣២៣​ករណី​ទៀត​។ នេះ​បើ​យោង​ទៅតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​Reuters​។ 

​ឆ្លើយតប​នឹង​បញ្ហា​ដ៏​ធំ​នេះ ប្រធានាធិបតី​ចិន​លោក​ស៊ី ជិន​ពីង បាន​អំពាវនាវ​ថា “​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទាំងអស់​ត្រូវ​ខិតខំ​ឲ្យអស់​ពី​លទ្ធភាព ក្នុង​ការចាត់វិធានកា​រណ៍​ទប់ស្កាត់​ជាមួយនឹង​ជំងឺ​បង្ក​ពី​កូរ៉ូណា​វីរុស​នេះ​”​។ ទន្ទឹម​នឹង​ការអំពាវនាវ​នេះ ក្រសួង​សុខាភិបាល​ចិន​បានសម្រេច​សាងសង់​សាល​អ្នកជំងឺ​មួយ​ដែល​អាច​ផ្ទុក​អ្នកជំងឺ​ប្រមាណ ១,០០០​នាក់​។​

​សូមជម្រាបថា ជំងឺ​រលាក​សួត​ថ្មី បាន​រាលដាល​យ៉ាង​ខ្លាំង​នៅ​ភាគ​កណ្ដាល​ប្រទេស​ចិន ពិសេស​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​នៃ​ទីក្រុង​វូ​ហាន ដែល​ជា​ប្រភព​ជំងឺ​។ ជំងឺ​ផ្លូវដង្ហើម​ដ៏​ថ្មី​នេះ បាន​តម្រូវ​ឲ្យ​អាជ្ញាធ​រចិន​បង្ខំចិត្ត​លុបចោល​នូវ​គម្រោង​ប្រារព្ធ​កម្មវិធី​ធំៗ​ជាច្រើន​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​។ ម្យ៉ាងទៀត​សូម្បី​តែ​មធ្យោបាយ​ធ្វើដំណើរ​ទាំងអស់​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ផងដែរ ដើម្បី​បង្ការ​កុំឲ្យ​ប្រជាជន​ចិន​ធ្វើដំណើរ​ចេញពី​ទីក្រុង​វូ​ហាន​ដែល​ជា​ជម្រក​នៃ​មេរោគ​ជំងឺ​រលាក​សួត​ថ្មី​។​

​គួររម្លឹកថា ក្រៅ​ពី​បាន​រាលដាល​ក្នុងប្រទេស​ចិន ជំងឺ​រលាក​សួត​ថ្មី​បាន​រាតត្បាត​ដល់​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​មាន ប្រទេស​ថៃ​, សឹង្ហ​បុរី​, ជប៉ុន​, កូរ៉េខាងត្បូង​, បារាំង​, វៀតណាម​, អូស្ត្រាលី​, នេ​ប៉ាល់ និង​តៃវ៉ាន់​៕​

ព័ត៌មានផ្សេងទៀត