មេដឹកនាំ​ហុងកុង​ប្រកាសអាសន្ន​វីរុស ដែល​កំពុង​ផ្ទុះឡើង​ខ្លាំង​នៅ​ប្រទេស​ចិន​

25-01-2020 5:41 pm 248
  ស្តាប់
ស្តាប់ជាសំឡេង

​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម​នៅ​ថ្ងៃ​សៅរ៍ បាន​ប្រកាសអាសន្ន​វីរុស​មួយ នៅក្នុង​ទីក្រុង​ហុងកុង ដោយ​ចាត់​វិធានការមួយចំនួន ដើម្បី​កំណត់​ការភ្ជាប់​ការធ្វើ​ចរាចរ​ឆ្លងកាត់​រវាង​ទីក្រុង​ហុងកុង​ជាមួយ​ចិន​ដីគោក​។ ​ហុងកុង​ដែលជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន បានសម្រេច​ប្រកាសអាសន្ន​ពី​វីរុស​កូរ៉ូណា ដែល​បង្ក​ជា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​។ ការប្រកាស​នេះ​បន្ទាប់ពី​មន្ត្រី​ហុងកុង បាននាំគ្នា​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​ដីគោក ដើម្បី​ស្ទាបស្ទង់​ពី​ស្ថានភាព​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​រលាក​សួត​ថ្មី​នេះ​។ វិធានការ​ចំពោះមុខ​ហុងកុង​នឹង​បិទទ្វារ​សាលារៀន ដែល​កំពុង​ផ្អាក​ដំណើរការ​ស្រាប់ អំឡុងពេល​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ចិន រហូតដល់​ថ្ងៃទី​១៧​ខែ​កម្ភៈ​ឆ្នាំ​២០២០​។ 

​បន្ថែម​ពីលើ​នេះ ហុងកុង​រឹតបន្តឹង​ការធ្វើដំណើរ​ទៅនឹង​មក រវាង​ហុងកុង​និង​ចិន​ផងដែរ​។ នៅក្នុង​នោះ​ជើងហោះហើរ និង ផ្លូវ​រថភ្លើង​ល្បឿន​លឿន ដែល​ត​ភ្ជាប់​រវាង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​និង​ហុងកុង ត្រូវបាន​ផ្អាក​សេវាកម្ម​ដឹកជញ្ជូន​បណ្តោះអាសន្ន​។ យោងតាម​មន្ត្រី​ហុងកុង ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន ហុងកុង​ស្វែងរក​ជំនួយ​មួយចំនួន​ពី​ចិន ដែល​នៅ​ក្នុងនោះ​មាន​ការស្នើ​ម៉ាស​ពាក់​ការពារ​ដែលមាន​គុណភាព ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​នេះ​។​

​អាជ្ញាធរ​សុខាភិបាល​ក្រុង​ហុងកុង បានបញ្ជាក់​ពី​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន ៥ ករណី ហើយ​រាល់​ការរីក​រាលដាល​នេះ មាន​ប្រភព​មកពី​ក្រុង​វូ​ហាន ជា​កន្លែង​ដែល​វីរុស​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​។ ក្រៅពីនោះ​ហុងកុង​បាន​រកឃើញ​មនុស្ស ១២២ នាក់​ផ្សេងទៀត សង្ស័យ​ផ្ទុក​វីរុស​កូរ៉ូ​ណានេះ​។​

​ជំងឺ​រលាក​សួត​ថ្មី​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា គិត​ត្រឹម​ពេលនេះ​ឆ្លង​នៅ​ចិន​ជិត​១៣០០​នាក់ ស្លាប់​៤១​នាក់ ព្រមទាំង​ឆ្លង​រាល​ដល់​ទៅ​ប្រទេស នៅ​ប៉ែក​អឺរ៉ុប​និង​អាស៊ី​មួយចំនួន រួមទាំង​នៅ​អាមេរិក​ផងដែរ​។ ដំបូង​ឡើយ​អាជ្ញាធ​រថា ហាង​លក់​គ្រឿង​សមុទ្រ​និង​សាច់​សត្វព្រៃ​នៅក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន ជា​ប្រភព​ចម្លងជំងឺ​នេះ​។ ក្រោយមក​អាជ្ញាធរ​សុខាភិបាល​បានបញ្ជាក់​បន្ថែមថា កន្លែង​ទាំងនោះ មិនមែនជា​ប្រភព​ចម្លង​ដ៏​សំខាន់​នោះទេ  ព្រោះតែ​ជំងឺ​នេះ​ក៏​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​បានដែរ​។ 

​ជំងឺ​រលាក​សួត​ថ្មី​បង្កដោយ​វីរុស​កូរ៉ូណា ចាត់ទុក​ក្នុង​សែស្រឡាយ​នៃ​ជំងឺ​សារ​(SARS) ដែល​ធ្លាប់បាន​ផ្ទុះឡើង​យ៉ាង​កក្រើក កាល​អំឡុង​ឆ្នាំ​២០០២-២០០៣ សម្លាប់​មនុស្ស​ជិត​៨០០​នាក់​នៅ​ប្រទេស​ចិន​។ រោគសញ្ញា​នៃ​ជំងឺ​រលាក​សួត​ថ្មី​នេះ មានដូចជា កម្ដៅ​ក្នុង​ខ្លួន​យ៉ាងហោចណាស់​៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺ​បំពង់ក ពិបាក​ដកដង្ហើម​៕

 ពាក្យគន្លឹះ  ហុងកុងវីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត