រដ្ឋាភិបាល​ប្ដូរ​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម​ទៅជា​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​

25-01-2020 11:46 am 326
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល បាន​ឯកភាព​ជា​គោលការណ៍​ក្នុង​ការប្ដូរឈ្មោះ ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម​ទៅជា “​ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​” វិញ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី ២៤ មករា ឆ្នាំ ២០២០​។ 

​រដ្ឋាភិបាល​បាន​យល់ព្រម​ជា​គោលការណ៍​មួយចំនួន​ដូចជា ទី​១ ផ្លាស់​ប្ដូរ​ឈ្មោះ ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម ទៅជា «​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​»​។​ទី​២​ឲ្យធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ឡាយ​និង​ឯកសារ​គតិយុត្ត​ផ្សេងៗ ដែល​មាន​ការពាក់ព័ន្ធ​ដល់​រចនាសម្ព័ន្ធ និង​ការប្រព្រឹត្តទៅ​នៃ​ក្រសួង​ថ្មី​។​

​ទី​៣ បង្កើត​អង្គភាព​ថ្មី​ពីរ គឺ អគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែល​មាន​ថ្នាក់​ស្មើ​អគ្គនាយកដ្ឋាន ដោយ​ការបង្កើត​អង្គភាព​ទាំងពីរ​នេះ គឺ​ពុំ​តម្រូវ​ឲ្យ​បន្ថែមនូវ​ក្រមខណ្ឌ​រដ្ឋ​ទេ ពោល​គឺ​ប្រើប្រាស់​ក្រប​ខណ្ឌ​ទាំងឡាយ​ដែល​កំពុង​មាន ហើយ​ពាក់ព័ន្ធ​ដល់​ការងារ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​។​

​ទី​៤​ការដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ជា​មួយ​បណ្ដា​ក្រសួង​ពាក់ព័ន្ធ​ជុំវិញ​ការរៀបចំ​សេចក្ដីព្រាង​ស្ដីពី​រចនាសម្ព័ន្ធ អង្គការលេខ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​ថ្មី​។ ទី​៥ បើកទូលាយ​ឲ្យមាន​ឥស្សរជន​សំខាន់ៗ បញ្ញាវន្ត ដែល​មាន​សញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ក៏​ដូចជា​គំនិត​ផ្ដួចផ្ដើម ដែល​មាន​លក្ខណៈ​នវានុវត្តន៍​។​

​ទី​៥ ផ្ដល់​ការយកចិត្តទុកដាក់ គាំទ្រ និង​បង្ក​លទ្ធភាព​ទៅតាម​សភាព​ជាក់ស្ដែង​នៃ​តម្រូវការ​របស់​អង្គភាព​ទាំងពីរ​នៃ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ពី​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ ដើម្បី​ធ្វើ​ឲ្យ​ផ្នែក​ស្រាវជ្រាវ​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​របកគំហើញ​ផ្សេងៗ​របស់​កម្ពុជា ឲ្យទទួល​បាល​ប្រសិទ្ធភាព​ក្នុង​ប្រយោជន៍​ជុំវិញ​ឲ្យ​វិស័យ​វិទ្យាសាស្ត្រ​មាន​ការរីកចម្រើន និង​ផ្ទេរ​បច្ចេកវិទ្យា ស្រប​តាម​បរិបថ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤.០​៕

ព័ត៌មានផ្សេងទៀត