ការវាយប្រហារ​របស់​អ៊ីរ៉ង់ បន្សល់ទុក​ទាហាន​អាមេរិក​៣៤​នាក់​របួស​ក្បាល​

25-01-2020 11:44 am 267

​មន្ទី​រប​ច្ចុកោណ​និយាយថា ទាហាន​អាមេរិក​ចំនួន ៣៤ នាក់ ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​របួស​ខួរក្បាល (TBI) បន្ទាប់ពី​មាន​ការវាយប្រហារ​របស់​អ៊ីរ៉ង់ ទៅលើ​មូលដ្ឋាន​របស់​ពួកគេ​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០​។ អ្នកនាំពាក្យ​បញ្ជាក់ថា កងទ័ព​១៧​នាក់ ស្ថិតនៅក្រោម​ការតាមដាន​សុខភាព​យ៉ាង​ប្រុងប្រយ័ត្ន​។ កាលពី​ថ្ងៃ​សុក្រ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​លោក Jonathan Hoffman ប្រាប់​អ្នកយកព័ត៌មាន​ថា ទាហាន​ដែល​រង​ផលប៉ះពាល់​ចំនួន ៨ នាក់ ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ ដើម្បី​ទទួល​ការព្យាបាល​បន្ថែម ខណៈ ៩ នាក់​ផ្សេងទៀត កំពុង​ត្រូវបាន​ព្យាបាល​នៅ​ប្រទេស​អាល្លឺម៉ង់​។ ក្រុមមន្ត្រី​និយាយថា​ទាហាន​ចំនួន ១៦ នាក់ ត្រូវបាន​គេ​ព្យាបាល​នៅ​អ៊ីរ៉ាក់ និង​ម្នាក់​នៅ​ប្រទេស​គុយ​វ៉ែត​។​

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​ធ្លាប់បាន​បដិសេធថា គ្មាន​កងទ័ព​អាមេរិក​ណា​ម្នាក់​របួស នៅក្នុង​ការវាយប្រហារ​សងសឹក​របស់​អ៊ីរ៉ង់​ទេ​។ មន្ទី​រប​ច្ចុកោណ​និយាយថា មិនមាន​ជនជាតិ​អាមេរិក​ណា​ម្នាក់ ត្រូវ​បានសម្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​ទៅលើ​មូលដ្ឋាន Ain al-Asad​ទេ ព្រោះ​ក្រុម​ទាហាន​ភាគច្រើន​បាន​ទៅ​ជ្រក​នៅក្នុង​លេនដ្ឋាន នៅពេល​មី​ស៊ី​ល​ផ្លោង​បាន​ធ្លាក់​។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បន្ថែមទៀតថា ដំណឹង​អំពី​ទា​ហ៊ាន​ដែល​រងរបួស​មិនបាន​បញ្ជូន​ប្រាប់​ថ្នាក់លើ​ឲ្យដឹង​ភ្លាមៗ​នោះទេ​។ 

​គួរ​ជម្រាបជូន​ថា អ៊ីរ៉ង់​បាន​បើក​ប្រតិបត្តិ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល លើ​មូលដ្ឋានទ័ព​អាមេរិក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០ ដើម្បី​សងសឹក​នឹង​អាមេរិក​ដែល​បានសម្លាប់​មេទ័ព​របស់ខ្លួន​ម្នាក់​។ ប៉ុន្តែ​អាមេរិក​មិនបាន​វាយប្រហារ​សងសឹក​វិញ​នោះទេ ដោយ​សម្រេច​បញ្ជា​ឲ្យ​កងទ័ព​រក្សា​ការអត់ធ្មត់ ដែលជា​ជំហរ​បន្ថយ​ភាព​តានតឹង​រវាង​ភាគី​ទាំងពីរ និង​ភាព​តានតឹង​នៅក្នុង​តំបន់​៕

 ពាក្យគន្លឹះ  អាមេរិកទាហានអាមេរិក

ព័ត៌មានផ្សេងទៀត