និយ័ត​ករ​ទូរគមនាគមន៍​៖​ការទទួល​លេខ​អាណាមិក​ពី​បណ្តា​ប្រទេស​មួយចំនួ​ន មិន​ជួប​ហានិភ័យ​នោះទេ​

25-01-2020 11:38 am 210
  ស្តាប់
ស្តាប់ជាសំឡេង

​និយ័ត​ករ​ទូរគមនាគមន៍ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា​ឆ្នាំ​២០២០ បាន​ចេញ​សេចក្តីបំភ្លឺ​មួយ​ជូន​សាធារណជន​ទាក់ទង​នឹង​ការ​បំភ្លៃ​ថា ការទទួល​លេខ​ទូរស័ព្ទ​អាណាមិក​ពី​ប្រទេស​សាម័រ និង​បណ្តា​ប្រទេស​មួយចំនួន នឹង​ជួប​នូវ​ហានិភ័យ​។​

​នៅក្នុង​សេចក្តីបំភ្លឺ​ខាងលើ បាន​បញ្ជាក់​ឲ្យដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា និង​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​ភាគច្រើន បាន​សង្កេតឃើញថា មាន​លេខ​ទូរស័ព្ទ​អាណាមិកមួ​យ​ចំនួន ដែល​រួមមាន​លេខ​៖+៦៨៥ ៧២១ ៥៤៥៨,+៦៨៥ ៧៣២ ០០១៤,+៦៨៦ ៧៣៣ ០០២១,+៦៨៥ ៧២១ ៥៤១១ ដែល​ជា​លេខ​ទូរស័ព្ទ បាន​ស៊ីញ៉ូ​ហៅ​មកពី​ប្រទេស​សាម័រ ចូល​មក​កាន់​លេខ​ទូរស័ព្ទ​ចល័ត​គ្រប់​ប្រព័ន្ធ​របស់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត នៅ​កម្ពុជា​។​

​ជាមួយគ្នានេះដែរ ដោយសារតែ​មិន​បានដឹង​ពី​មូលហេតុ​បច្ចេកទេស និង​ហានិភ័យ​ពិតប្រាកដ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ទូរស័​ព្ទ​ចល័ត​នៅ​កម្ពុជា ពី​ការ​ស៊ីញ៉ូ​នេះ ទើប​មាន​អ្នក​កាន់​គេហទំព័រ និង​គណនី​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុក​មួយចំនួន បាន​បង្ហោះ​និង​ចុច​ស៊ែ​រតៗ​គ្នា​នូវ​សារ​បំភ្លៃ បំភ័ន្ត និង​បំភ័យ​ល់​សាធារណជន ដោយ​ដាក់​ថា​៖«​សូម​ប្រយ័ត្ន​!​សាហាវ​ណាស់ គ្រាន់តែ​លើក​លេខ​នេះ​ភ្លាម លុយ​ក្នុង​កុង​កាត់​អស់រលីង ពិត​ជា​សាហាវ​កំពូល​»​។​

​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ខាងលើ​នេះ​ដែរ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​អះអាង​ថា មិន​ត្រឹមត្រូវ និង​មាន​លក្ខណៈ​បំភ័យ​ទាំងស្រុង ព្រោះតែ​ការ​ស៊ីញ៉ូ​នេះ មិន​មាន​ផលប៉ះពាល់ នឹង​ធ្វើ​ឲ្យ​ខាតបង់​អ្វីៗ ដូច​ក៏​បង្ហោះ​តាម​បណ្តាញ​សង្គម​នោះទេ​។​តាម​ការស្រាវជ្រាវ និង​ការបញ្ជាក់​ពី​បណ្តា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​នៅ​កម្ពុជា បានបង្ហាញ​ជា​លក្ខណៈ​បច្ចេកទេស​ថា ក្នុង​ការលើក​ទទួល ឬ​ហៅ​ទៅ​លេខ​អាណាមិក​ទាំងនោះ​វិញ មិនបាន​ធ្វើឲ្យប៉ះពាល់​ដល់​អ្នកប្រើប្រាស់ ដូចជា​ការបាត់បង់​ទិន្នន័យ​ដែល​ផ្ទុក​ក្នុង​ទូរស័ព្ទ ឬ​ថវិកា​ក្នុង​គណនី​សេវា​ទូរស័ព្ទ ឬ​ថវិកា​នៅក្នុង​កុង​ធនាគារ​ឡើយ​។​

​នៅក្នុង​សេចក្តីបំភ្លឺ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ក៏​បាន​បញ្ជាក់បន្ថែម​ដែរ​ថា បញ្ហា​នេះ​បាន​កើតឡើង​រួច​ម្តងមកហើយ នៅក្នុង​ឆ្នាំ​២០១៧ ហើយ​និយ័ត​ករ ក៏​បាន​បញ្ជាក់​និង​បកស្រាយ​រួច​ម្តងមកហើយ តែ​ពីរ​ឆ្នាំក្រោយ ទើប​កក្រើក​ឡើង​ម្តងទៀត​នា​ពេល​ថ្មីៗ​នេះ​។​មួយវិញទៀត​ចាប់តាំងពី​ការបំភ្លឺ និង​ក​កើត​នៅក្នុង​ឆ្នាំ​២០១៧ រហូតមកដល់​បច្ចុប្បន្ន មិនទាន់​មាន​ករណី​ណាមួយ បង្ហាញថា មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ណា​ម្នាក់ ទទួល​ផល​ប៉ះពាល់​ពី​រឿង​នេះ​ឡើយ​៕

ព័ត៌មានផ្សេងទៀត