ចិន​៖​ជំងឺ​រលាក​សួត​ថ្មី​សម្លាប់​មនុស្ស​៤១​នាក់​និង​ឆ្លង​កើន​ដល់​ជិត​១,៣០០​នាក់​

25-01-2020 9:25 am 773

ជំងឺ​រលាក​សួត​ថ្មី​បង្ក​ពី​កូរ៉ូណា​វីរុស​បានសម្លាប់​មនុ​ស្ស ៤១​នាក់​ហើយ និង​បាន​ចម្លង​ទៅ​មនុស្ស​ប្រមាណ​១,២៨៧​នាក់ នៅក្នុង​ប្រទេស​ចិន​។ តួលេខ​អ្នកស្លាប់​បាន​ហក់​ឡើងដល់​៤១​នាក់ បន្ទាប់ពី​មាន​អ្នកជំងឺ​១៥​នាក់​បន្ថែមទៀត បាន​ស្លាប់​នៅក្នុង​ខេត្ត Hubei នៃ​ទីក្រុង​វូ​ហាន ជា​កន្លែង​ដែល​ផ្ទុះ​ជំងឺ​នេះ​ដំបូង​គេ​។ គណៈកម្មការ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន​និយាយថា មនុស្ស​វ័យក្មេង​បំផុត​ដែល​បាន​ស្លាប់​ដោយសារ​វីរុស​មាន​អាយុ ៤៨ ឆ្នាំ ហើយ​មនុស្ស​ចាស់​ជាងគេ​គឺ ៨៩ ឆ្នាំ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​សុខាភិបាល​ចិន​នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២០​។ 

​គិត​មក​ទល់​ពេល​នេះ ជំងឺ​រលាក​សួត​ថ្មី​បាន​រាលដាល​ក្នុងប្រទេស​ចិន​រហូតដល់ ៣០​ខេត្ត ក្នុង​នោះ​ទីក្រុង​ចំនួន ១៣ របស់​ខេត្ត​ហ៊ុយ​បេ ដែល​ស្ថិត​នៅក្នុង​ទីក្រុង​វូ​ហាន ត្រូវ​បាន​រដ្ឋាភិបាល​ចិន​បិទ​មិន​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ចេញចូល​ឡើយ​។ គួរបញ្ជាក់​ថា​ខេត្ត​ហ៊ូ​ប៉ី ដែល​គេ​ស្គាល់​ថា​ជា​ជម្រក និង​ប្រភព​ដ៏​ធំ​របស់​កូរ៉ូណា​វីរុស បច្ចុប្បន្ន​ស្ថិតិ​នៃ​ករណី​ឆ្លង​មាន​ដល់​ទៅ ៧២៩​ករណី​ឯណោះ​។ ឆ្លើយតប​ទៅ​ការ​រាលដាល​ដ៏​លឿន​ពី​វីរុស​អម្បូរ​ជាមួយនឹង​វីរុស​SARS នេះ ក្រសួង​សុខាភិបាល​ចិន​បានសម្រេច​សាងសង់​សាល​សម្រាប់​ដាក់​អ្នកជំងឺ​មួយ​ដែល​អាច​ដាក់​អ្នកជំងឺ​ប្រមាណ ១,០០០​នាក់​។​

​អាជ្ញាធរ​ក៏​បាន​បិទ​តំបន់​ទេសចរណ៍​ល្បីៗ​រួមមាន សារមន្ទីរ​រាជវាំង​បុរាណ (Forbidden City) ក្នុង​ទីក្រុង​ប៉េកាំង និង​ផ្នែក​មួយ​នៃ​មហា​កំផែង ព្រមទាំង​លុប​ចោល​ព្រឹត្តិការណ៍​សាធារណៈ​សំខាន់ៗ​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​។ មន្ត្រី​ព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​និង​សៀង​ហៃ បាន​ស្នើសុំ​ឲ្យ​ប្រជាជន​ដែល​វិល​ត្រឡប់​មកពី​តំបន់​រងគ្រោះ ត្រូវ​ស្នាក់នៅ​តែ​ក្នុង​ផ្ទះ​រយៈពេល ១៤ ថ្ងៃ ដើម្បី​តាមដាន​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណាឬ​យ៉ាងណា ក្នុង​បំណង​ការពារ​ការឆ្លង​នៃ​វីរុស​នេះ ដែល​បាន​រាលដាល​ដល់​ប្រទេស​មួយចំនួន​។ 

​យោង​ទៅតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​BBC វីរុស​នេះ​បាន​ពង្រីក​ខ្លួន​ដល់​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប ដែល​នៅ​ក្នុង​នោះ​ប្រទេស​បារាំង​រកឃើញ​៣​ករណី​។ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បារាំង​និយាយ​នៅ​យ​ប់ថ្ងៃ​សុក្រ ថា​ករណី​ទី​មួយ​រកឃើញ​នៅ​ទីក្រុង  Bordeaux និង​ពីរ​ករណី​ទៀត​រកឃើញ​នៅក្នុង​ទីក្រុង​ប៉ារីស​។ រីឯ​នៅ​អាមេរិក​វិញ មន្ត្រី​សុខាភិបាល​និយាយថា ស្ត្រី​ម្នាក់​មាន​អាយុ ៦០ ឆ្នាំ​នៅ​ទីក្រុង​ឈី​កា​ហ្គោ បាន​ក្លាយជា​អ្នកជំងឺ​ទី​ពីរ នៅលើ​ដី​សហរដ្ឋអាមេរិក ដែល​បាន​ឆ្លង​វីរុស​ថ្មី ខណៈ​មនុស្ស​៥០​នាក់​សង្ស័យថា​បាន​ឆ្លង កំពុង​ត្រូវបាន​ដាក់​នៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​ស្ថានភាព​សុខភាព​។ ក្រៅពី​នោះ​ជំងឺ​រលាក​សួត​ថ្មី​បាន​រាតត្បាត​ដល់​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​មាន ប្រទេស​ថៃ​, សឹង្ហ​បុរី​, ជប៉ុន​, កូរ៉េខាងត្បូង​, វៀតណាម​, អូស្ត្រាលី​, នេ​ប៉ាល់ និង​តៃវ៉ាន់​។​

​សូម​រម្លឹក​ឡើងវិញ​ថា ជំងឺ​រលាក​សួត​ថ្មី ឬ​ហៅ​ថា 2019-nCoV កំពុង​ក្លាយ​ជា​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​ពិភពលោក ព្រោះ​ក្រុម​អ្នកស្រាវជ្រាវជំងឺ​ឆ្លង​អះអាង​ថា​ជំងឺ​នេះ​ជា​សែស្រឡាយ​ជាមួយនឹង​ជំងឺ​SARS ដែល​បាន​សម្លាប់​មនុស្ស​ជិត ៨០០​នាក់​ក្នុង​ប្រទេស​ចិន​កាលពី​អំឡុង​ឆ្នាំ ២០០២-២០០៣៕​

ព័ត៌មានផ្សេងទៀត