«​របាំ​ព្រះ​រាជទ្រព្យ​»​ជា​អ្នកថែរក្សា​ប្រពៃណី នាដកម្ម​បុរាណ​ខ្មែរ​

25-01-2020 9:05 am 1133
  ស្តាប់
ស្តាប់ជាសំឡេង

​របាំ​ព្រះ​រាជទ្រព្យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​អ្នកថែរក្សា​ប្រពៃណី នាដកម្ម​បុរាណ​ខ្មែរ ដែល​ជា​ចំណែក​មួយ​យ៉ាង​ជិតស្និទ្ធិ នៃ​ក្រុម​បរិ​ពារ របស់​ព្រះមហាក្សត្រ​អស់​រយៈពេល ជាង​មួយ​ពាន់​ឆ្នាំ​មកហើយ​។​

​បើ​តាម​បណ្ឌិត​ទស្សនវិជ្ជា វិទ្យាសាស្ត្រ​សិល្បៈ អ្នកស្រី កែវ ណា​រុំ បាន​មានប្រសាសន៍ថា គេ​បាន​រកឃើញ​ភស្តុតាង​រូបចម្លាក់​ស្រី​របាំ និង​ហនុមាន​ធ្វើ​ពី​ដី​ដុត​ផលិត​នៅ​សតវត្ស​ទី​២ ជា​លទ្ធផល​នៃ​ការសន្និដ្ឋាន​បានឱ្យដឹង​ថា របាំ​ព្រះ​រាជទ្រព្យ​ចាប់​ពន្លក​តាំង​ពី​សតវត្ស​ទី​១ ក្នុង​រជ្ជកាល​ព្រះបាទ កៅឌិ​ញ្ញ មកម្ល៉េះ ក្នុងនាម​ជា​របាំ​រាំ​ថ្វាយ​អាទិទេព​។ ម្យ៉ាងទៀត បើ​តាម​សិលាចារឹក​នៅ​សតវត្ស​ទី​៦​ក៏​បាន​ចារ​រួច​ហើយ​ដែរ ស្ដី​អំពី​របាំ​ដែល​គេ​រាំ​ថ្វាយ​អាទិទេព​។​

​របាំ​ព្រះ​រាជទ្រព្យ ជា​របាំ​ក្បាច់បុរាណ​ខ្មែរ ដែល​ជា​ទម្រង់​សិល្បៈ​សក្ការៈ​(​សិល្បៈ​ទេវៈ​) មួយ​ដែល​មាន​វ័យ​ចំណាស់ ដ៏​យូរលង់​ណាស់​មកហើយ នៅក្នុង​ចំណោម​ទម្រង់​សិល្បៈ​សក្ការៈ ហើយក៏​ជា​ទម្រង់​សិល្បៈ​មួយ ដែល​មាន​តម្លៃពិត​ខាង​ស្មារតី និង​ខាង​បច្ចេកទេស​កំរិត​ខ្ពស់ ក្នុងចំណោម​ទម្រង់​សិល្បៈ ទស្សនីយភាព នៅ​កម្ពុជា​។​

កាលដើមឡើយ​នា​សម័យ​មហានគរ នាដ​ការ នាដ​ការិនី ប្រចាំ​ប្រាសាទ មាន​តួនាទី​សម្រាប់​រាំ​ឧទ្ទិស​ដល់​អាទិទេព ឬ​រាំ​ថ្វាយ​ទេវៈ​រាជា គឺជា​និ​រសាសន្តិភាព ពី​ស្ថាន​មនុស្សលោក ទៅ​ស្ថាន​ទេវតា និង​សិល្បៈការិនី​សន្តិភាព ឬ​ជា​សន្តិ​ភាវ​ការិនី​ខាង​ផ្លូវ ដួងចិត្ត គំនិត ដែល​ធ្លាប់បាន​រាំ​ផ្សព្វផ្សាយ​ពី សីលធម៌ និង​គុណធម៌ ដើម្បី​សុំ​សេចក្តីសុខ សន្តិភាព អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ​មកហើយ​។​

​បើ​តាម​អ្នកស្រី​កែវ ណា​រុំបាន​មានប្រសាសន៍​បញ្ជាក់​បន្ថែម​ថា អ្នករាំ​របាំ​ព្រះ​រាជទ្រព្យ​នៅក្នុង​សម័យ​មុនៗ គេ​ចាត់ទុកថា​ជា​កូន អាទិទេព ដូច្នេះ​មានតែ​បុត្រ​ស្ដេច និង​កូន​មន្ត្រី​ធំៗ​ទេ ទើប​គេ​ឱ្យ​រៀន​រាំ​របាំ​នេះ ដូចនេះហើយ​បានជា​គេ​ឃើញ​បុត្រ​ស្ដេច​ទន់ភ្លន់​និង​សុភាពរាបសា​រណាស់ ព្រោះតែ​ទទួលបាន​ការអប់រំ​យ៉ាង​ល្អ​ឱ្យ​សាកស​ម​ជា​កូន​អាទិទេព នេះ​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន ។​

​របាំ​ព្រះ​រាជទ្រព្យ មានការ​ដើរតួ​បួន​ប្រភេទ​ដូចជា​៖​តួ​នាង​(​ស្រី្ត​) តួ​នាយរង​(​បុរស​) តួ​យក្ស​(​សភាវៈ​អាក្រក់​) តួ​ស្វា​(​សត្វ​) ព្រមទាំង​តួ​បន្ទាប់បន្សំ មាន​តួស​ត្វ​សុទ្ធតែ​ជា​នារី ដែល​សម្តែង​ជា​តួអង្គ​ទាំងនោះ លើកលែង​តែ​តួ​តា​ឥសី និង​តួ​ត្លុក​ប៉ុណ្ណោះ ដែល​សម្តែង​ដោយ​បុរស​។​ប៉ុន្តែ​ដោយសារតែ​មាន​ការវិវត្ត​ន៍ របស់​ទម្រង់​សិល្បៈ​នេះ តួអង្គ​ស្វា​ត្រូវ​បាន​សម្តែង ដោយ​ប្រុសៗ​រហូតមកដល់​បច្ចុប្បន្ន​។​

​ពិតណាស់ តួអង្គ​នីមួយៗ​មាន​លក្ខណៈ និង​មាន​ពណ៌​ដោយឡែកៗ​ពីគ្នា ដោយ​មាន​ការ​ស្លៀកពាក់ លាប​ម្សៅ ការ​តុបតែង​ខ្លួន ទាំង​ក្បាំងមុខ និង​កាយវិការ​ផ្ទាល់​ខ្លួន​ផង​ដែរ​។​កាយវិការ និង​ក្បាច់​រាំ​ទាំងនេះ នាដករ​ត្រូវ​ហាត់រៀន​យ៉ាងសកម្ម និង​ស្ទាត់ជំនាញ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ទើប​ចេះ​ចាំ និង​មាន​អត្ថន័យ​ដូចជា ការ​រំជួលចិត្ត​នានា ការភិតភ័យ ស្នេហា ការសប្បាយ​រីករាយ ឬ​ការ​ខឹងសម្បារ​ជាដើម​។​

​ចំពោះ​ការសម្តែង​វិញ គឺ​ប្រព្រឹត្តទៅ​តាម​ចង្វាក់ភ្លេង​នៃ​ក្រុម​តន្ត្រី​សក្ការៈ ដោយ​ពួក​នាដករ​កាច់ក្បាច់​រាំ តម្រូវ​ទៅ​តាម​សំឡេង​បកស្រាយ​សាច់រឿង និង​មនោសញ្ចេតនា​ដែល​រៀបរាប់​បញ្ជាក់​ដោយ​ទំនុកច្រៀង​នៃ​ក្រុម​ចម្រៀង​ជា​ពួក ដែល​មាន​តួនាទី​ច្រៀង​ជូន​របាំ​នេះ ជាមួយនឹង​វង់​ភ្លេងពិណពាទ្យ ដែល​មាន​នាទី​ប្រគំ​ជូន​របាំ​នេះ​ផង​ដែរ​។​

សូម​ជម្រាប​ជូន​ដែរ​ថា របាំ​ព្រះ​រាជទ្រព្យ​ស្ទើរតែ​បាត់បង់​អស់​ទាំងស្រុង នៅពេល​ដែល​ប្រទេស​កម្ពុជា ស្ថិត​នៅក្នុង​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ ដែល​បាន​ធ្វើឲ្យ​បាត់បង់​គ្រូបង្រៀន​ផ្នែក​នាដកម្ម និង​តូរ្យតន្ត្រី​ជាច្រើន​នាក់​។​ក្រោយ​ការដួលរលំ នូវ​របប​ដ៏​ខ្មៅ​ងងឹត​នេះ (៧.​មករា .១៩៧៩)​មក ក្រុម​របាំ​ព្រះ​រាជទ្រព្យ​ក៏​ត្រូវបាន​គេ​បណ្តុះបណ្តាល​ឡើងវិញ និង​បាន​ដំឡើង​កម្រង​នាដកម្ម​ពី​ដើមៗ​មកវិញ​។​របាំ​បុរាណ ដែល​ជា​ផ្លូវការ  ត្រូវ​បាន​ផ្សារភ្ជាប់​ជាថ្មី ជាមួយ​មហាក្សត្រ និង​សាសនា ចាប់តាំងពី​ពេលនោះ​មក​បាន​ក្លាយទៅជា​ធាតុ​ស្នូល​មួយ​សម្រាប់​កសាង​ប្រទេស និង​កសាង​អត្តសញ្ញាណ​ខ្មែរ​ជា​ថ្មី​៕

-​ឯកសា​រយោង​៖

http://news.sabay.com.kh/

https://www.popular.com.kh/

https://km.wikipedia.org/

 ពាក្យគន្លឹះ  របាំព្រះរាជទ្រព្យ

ព័ត៌មានផ្សេងទៀត