សន្តិសុខ​មិច​ស៊ិក​ឃាត់ខ្លួន​ជន​ចំណាកស្រុក​មកពី​អាមេរិក​កណ្តាល​៨០០​នាក់​

24-01-2020 4:23 pm 306
  ស្តាប់
ស្តាប់ជាសំឡេង

​អាជ្ញាធរ​មិច​ស៊ិក​និយាយ​នៅ​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០២០​ថា ខ្លួន​បានអនុម័ត​ឲ្យប្រើ​ប្រាស់​វិធានការ​រឹតបន្តឹង​ប្រឆាំងនឹង​ជន​ចំណាកស្រុក​មកពី​អាមេរិក​កណ្តាល ដោយបាន​ឃាត់ខ្លួន​ពួកគេ​ចំនួន​៨០០​នាក់ ដែល​ព្យាយាម​ធ្វើដំណើរ​ចូល​ប្រទេសមិក​ស៊ិក​ដោយ​ខុសច្បាប់​។ ​នៅ​ព្រឹក​ថ្ងៃដដែលកម្លាំង​សន្តិសុខ​មិច​ស៊ិក ដែលមាន​ខែល​ការពារ​កុបកម្ម បាន​គៀង​ជន​ចំណាកស្រុក​ទាំង​ក្មេង ចាស់ ប្រុស​ស្រី បន្ទាប់ពី​ពួកគេ​ធ្វើដំណើរ​ចូល​ប្រទេស​មិច​ស៊ិក ដោយ​ឆ្លងកាត់​ទន្លេ Suchiate ពី​ប្រទេស​ហ្គា​តេ​ម៉ាឡា​។ ជនអន្តោប្រវេសន៍​ឆ្លងដែន​ចូលទៅក្នុង​ប្រទេស​មិច​ស៊ិកនៅ​សប្តាហ៍​នេះ បាន​ប្រឈម​នឹង​ឧស្ម័ន​បង្ហូរទឹកភ្នែក ពី​កងកម្លាំង​សន្តិសុខ​ផងដែរ ដែល​នេះ​ជាការ​ទប់ទល់​យ៉ាង​ឆាប់រហ័ស​ពី​កងកម្លាំង​សន្តិសុខ បើ​ធៀ​នឹង​ការទប់ស្កាត់​ពីមុន​។ 

​វិទ្យាស្ថាន​ជាតិ​ទេ​សន្ត​ប្រវេសន៍ (INM) និយាយថា​ខ្លួន​បាន​ផ្ទេរ​ជន​ចំណាកស្រុក​ចំនួន ៨០០ នាក់​ទៅ​មជ្ឈមណ្ឌល​អន្តោប្រវេសន៍ ដើម្បី​ទទួលបាន​អាហារ​បរិភោគ រួមទាំង​ទទួល​សេ​វ៉ា​ខាង​ផ្នែក​វេជ្ជសាស្ត្រ​និង​ជម្រក ខណៈ​រង់ចាំ​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​។ ប្រសិនបើ​ស្ថានភាព​ស្របច្បាប់​របស់​ពួកគេ នៅតែ​មិនអាច​ដោះស្រាយបាន ជន​ចំណាកស្រុក​ទាំងនោះ​នឹង​ត្រូវបញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។ វិទ្យាស្ថាន​ជាតិ​ទេ​សន្ត​ប្រវេសន៍ ក៏​និយាយ​ផងដែ​រថា ខ្លួន​កំពុង​ស្វែងរក​ជន​ចំណាកស្រុក​ចំនួន ២០០ នាក់​ផ្សេងទៀត ដែល​បាន​ស្នាក់នៅ​ក្នុង​តំបន់​នោះ​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​មិច​ស៊ិ​កលោក Marcelo Ebrard និយាយថា អ្នក​មកដល់​ថ្មី​រាប់រយ​នាក់ ត្រូវបាន​និរទេស​ត្រឡប់​ទៅវិញ​ភ្លាមៗ​។​

​ប្រទេស​ម៉ិក​ស៊ិក កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដើម្បី​ទប់ស្កាត់​ចលនា​ប្រជាជន​ចំណាកស្រុក ដែល​ចង់យក​ប្រទេសមិក​ស៊ិកជា​ផ្លូវ​ឆ្លងកាត់ ទៅ​ព្រំដែន​អាមេរិក ក្នុង​បំណង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ទីនោះ​។ លោក​ត្រាំ​បាន​គំរាម​ដាក់ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច​លើ​ប្រទេស​មិច​ស៊ិក និង​បណ្តា​ប្រទេស​អាមេរិក​កណ្តាល ប្រសិនបើ​ពួកគេ​បរាជ័យ​ក្នុង​ការទប់ស្កាត់​លំហូរ​ជន​ចំណាកស្រុក​។ ប្រធានាធិបតី​មិច​ស៊ិ​កលោក Andres Manuel Lopez Obrador បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​លោក​ត្រាំ និង​រដ្ឋាភិបាល​អាមេរិក​កណ្តាល​មួយចំនួនទៀត ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​លំហូរ​ជន​ចំណាកស្រុក កាន់តែ​តឹងរឹង​ជាង​មុន ដើម្បី​ចៀសវាង​រង​ទណ្ឌកម្ម​របស់លោក​ត្រាំ​៕

 ពាក្យគន្លឹះ  មិកស៊ិកជនចំណាកស្រុក

ព័ត៌មានផ្សេងទៀត