លោក​ស ខេង​​ប្រកាស​ឲ្យ​មន្ដ្រី​និង​កម្លាំង​​អនុវត្ត​ច្បាប់​ចរាចរណ៍​ត្រូវ​រឹតបន្តឹង​​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​​

24-01-2020 3:32 pm 128

លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រាប់​ឲ្យ​មន្ដ្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់​និង​កងកម្លាំង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ត្រូវយក​អស់​ស្មារតី​ទទួលខុសត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ដោយ​ស្មើភាព ដោយ​តម្លាភាព គ្មាន​ការលើកលែង និង​ប្រកបដោយ​សីលធម៌​វិជ្ជាជីវៈ សំដៅ​ជំរុញ​អ្នកប្រើប្រាស់​ផ្លូវ​ត្រូវតែ​គោរព​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់​។​

​បើតាម​ប្រសាសន៍​របស់លោក​ស ខេង ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើកឡើងថា ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​ដែល​ត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​គោល ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែលមាន​ការកើនឡើង​គួរ​ព្រួយបារម្ភ​។ លោក បានលើកឡើង​ដូចនេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ នា​ថ្ងៃទី​២០​ខែ​មករា ឆ្នាំ​២០២០​ថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​នៅ​កម្ពុជា បាន​ឈានដល់​កម្រិត​ប្រកាសអាសន្ន​ហើយ ដូច្នេះ​លោក​ស្នើឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បង្កើន​ស្មារតី​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ឲ្យ​តឹងរឹ​ងជាង​ឆ្នាំ​ណាៗ​ទាំងអស់​។  

លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​លើកឡើងថា យោងតាម​សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឆ្នាំ​២០១៩ កន្លងទៅនេះ បាន​បង្ហាញឲ្យឃើញថា គ្រោះថ្នាក់​ចរាចរណ៍ មាន​កំណើន​យ៉ាងគំហុក ទាំង​ស្លាប់ ទាំង​របួស និង​ទាំង​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ ទ្រព្យសម្បត្តិ​ឯកជន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។ ជាក់ស្តែង អ្នកស្លាប់ កើនឡើង​ចំនួន ២២០ នាក់ ស្មើនឹង ១២% និង​អ្នករបួស​កើនឡើង​ចំនួន ១៣៧១​នាក់ ស្មើនឹង ២៩%​។ ទាំងនេះ មូលហេតុ​ដោយសារ​កត្តា​សំខាន់​បីយ៉ាង គឺ​កត្តា​កំណើន​យានយន្ត ( ប្រមាន ៣៧% ) កត្តា​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មិនមាន​តុល្យភាព​នឹង​កំណើន​យានយន្ត និង​កត្តា​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​ផ្លូវ ដែល​មិន​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ម៉ឺងម៉ាត់​៕

ព័ត៌មានផ្សេងទៀត