សេដ្ឋី​ហ្ស៊ី​មបា​វ៉េ​ផ្តល់ប្រាក់​មួយខែ​៣០០​ដុល្លារ​ដល់​គ្រូពេទ្យ ដើម្បី​បញ្ចប់​កូដកម្ម​ប្រឆាំង​រដ្ឋាភិបាល​

24-01-2020 3:02 pm 187

​មហាសេដ្ឋី​Strive Masiyiwa ដែលជា​ម្ចាស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំជាងគេ​របស់​ហ្ស៊ី​មបា​វេ និង​មាន​អាជីវកម្ម​ជាច្រើន​ផ្សេងទៀត​នៅក្នុង​ដៃផង​នោះ បានសម្រេច​ផ្តល់​ប្រាក់ឧត្ថម្ភ​ប្រចាំខែ ដល់​ក្រុមគ្រូពេទ្យ ដែល​បម្រើការ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ប្រហែល​៣០០​ដុល្លារ​ក្នុង​មួយខែ រយៈពេល​ចំនួន​៦​ខែ ដើម្បីឲ្យ​ក្រុមគ្រូពេទ្យ​ទាំងនោះ បញ្ចប់​ការធ្វើ​កូដកម្ម​ប្រឆាំង​រដ្ឋាភិបាល​។ អ្នកនាំពាក្យ​នៃ​សមាគម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យហ្ស៊ី​មបា​វេ (ZHDA) ថ្លែងថា បើទោះបី​នេះ​មិនមែនជា​ដំណោះស្រាយ​រយៈពេល​វែង​ក៏ដោយ ពួកគេ​យល់ព្រម​ទទួលយក​ប្រាក់ឧត្ថម្ភ ហើយ​ត្រឡប់​ទៅ​បំពេញការងារ​វិញ​។ ប៉ុន្តែ​ទន្ទឹមនឹងនោះ ពួកគេ​នៅតែ​ត្រូវការ​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​ដដែល​។​

​គួរ​ជម្រាបជូន​ថា ក្រុមគ្រូពេទ្យ​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា តាំងពី​ខែកញ្ញា​ឆ្នាំ​២០១៩ ដើម្បី​ទាមទារ​ដំណោះស្រាយ​ពី​រដ្ឋាភិបាល ចំពោះ​បញ្ហា​មួយចំនួន​ដូចជា ប្រាក់ខែ​មាន​កម្រិត​ទាប កង្វះខាត​សម្ភារ​បរិក្ខារ​និង​ថ្នាំពេទ្យ ដែល​បាន​រុញឲ្យ​ប្រជាជន​ក្រីក្រ​ជាច្រើន មិនអាច​ទទួល​ការព្យាបាល​បាន​។ ចាប់តាំងពី​ការតវ៉ា​ផ្ទុះឡើង រដ្ឋាភិបាល​បាន​បណ្តេញ​គ្រូពេទ្យ​ចំនួន​៤៥០​នាក់​នៅ​អំឡុង​ខែវិច្ឆិកា ដោយ​ចោទប្រកាន់ថា គ្រូពេទ្យ​ទាំងនោះ​ធ្វើ​សកម្មភាព​ខុសច្បាប់​។ មាន​គ្រូពេទ្យ​ប្រហែល​ជិត​២,០០០​នាក់ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ហ្ស៊ី​មបា​វេ​។ គ្រូពេទ្យ​ក្មេងៗ​នៅ​ហ្សីម​បាវេ​ទាំងនោះ រកចំណូលបាន​ជា​មធ្យ​ម​ជាង ២០០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ បូករួម​ទាំង​ប្រាក់ឧបត្ថម្ភ​៕ 

 ពាក្យគន្លឹះ  ហ្ស៊ីមបាវេគ្រូពេទ្យ

ព័ត៌មានផ្សេងទៀត