គណៈប្រតិភូធុរកិច្ចរ៉ូម៉ានី នឹងមកកម្ពុជាដើម្បីស្វែងរកដៃគូរពាណិជ្ជកម្ម

24-01-2020 3:00 pm 156

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មនៃប្រទេសរ៉ូម៉ានី ដែលជាប្រទេសស្ថិតក្នុងតំបន់អឺរ៉ុប នឹងដឹកនាំគណៈប្រតិភូធុរកិច្ចរ៉ូម៉ានីមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកដៃគូរពាណិជ្ជកម្ម ជាមួយនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជា នាអំឡុងខែមេសាខាងមុខ។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត(អ៊ីមីល ហ្គិដទូលេសហ្គូ)Emil Ghitulescu ឯកអគ្គរដ្ឋទូតប្រទេសរ៉ូម៉ានីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសវៀតណាម ក្នុងជំនួបពិភាក្សាជាមួយលោកឧកញ៉ាងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។

ទំព័រហ្វេសប៊ុករបស់សភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គោលបំណងនៃជំនួបនេះធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនង ក៏ដូចជាទំហំពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសកម្ពុជា និងរ៉ូម៉ានី។ ទន្ទឹមនឹងនេះនាខែមេសា ខាងមុខនេះប្រទេសរ៉ូម៉ានី នឹងមានការរៀបចំពិព័ណ៌ពាណិជ្ជកម្ម នៅប្រទេសវៀតណាម បន្ទាប់ពីពិព័ណ៌នេះរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប្រទេសរ៉ូម៉ានី នឹងដឹកនាំគណៈប្រតិភូធុរកិច្ចរ៉ូម៉ានីមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម ជាមួយនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជា។

ជាកិច្ចឆ្លើយតបលោកឧកញ៉ាងួន ម៉េងតិច បានស្នើឲ្យប្រទេសរ៉ូម៉ានី សហការការវិនិយោគជាមួយធុរជនកម្ពុជា លើវិស័យជាច្រើនដូចជា៖ការកែច្នៃម្ហូបអាហារ កសិកម្ម ប្រេង និងឧស្ម័នជាដើម។ សូមជម្រាបថា សភា ពាណិជ្ជកម្មកម្ពុជា ធ្លាប់បានចុះអនុស្សារណៈយោគយល់ ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មរ៉ូម៉ានី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅសភាពាណិជ្ជកម្មនិងឧស្សាហកម្មរ៉ូម៉ានី នាទីក្រុងប៊ូគូរ៉េសប្រទេសរ៉ូម៉ានី៕ 

ព័ត៌មានផ្សេងទៀត