​លោក​ផៃ ស៊ី​ផាន​​ច្រានចោល​របាយការណ៍​​ចំណាត់ថ្នាក់​អំពើពុករលួយ​កម្ពុជា​​

24-01-2020 2:47 pm 2143

​កម្ពុជា​នៅតែ​ស្ថិតក្នុង​ចំណោម​ប្រទេស ដែលមាន​អំពើពុករលួយ​ខ្ពស់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដោយ​ក្នុងនោះ​កម្ពុជា​ទទួលបាន​២០​ពិន្ទុ និង​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​១៦២ ក្នុងចំណោម​ប្រទេស​ចំនួន​១៨០ នា​ឆ្នាំ​២០១៩ ហើយ​កម្ពុជា​គ្រាន់បើ​ជាង​ប្រទេស​២​ប៉ុណ្ណោះ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​។ នេះ​បើតាម​លទ្ធផល​ស​ន្ទ​ស្សន៍ នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​នៅ​ជុំវិញ​ពិភពលោក របស់​អង្គការ​តម្លាភាព​អន្តរជាតិ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ច្រានចោល​របាយកាណ៍​នេះ ថា​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​។

​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២០ បាន​ចេញផ្សាយ​លទ្ធផល​ស​ន្ទ​ស្សន៍ នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​នៅ​ជុំវិញ​ពិភពលោក​ឆ្នាំ​២០១៩ ដោយ​រកឃើញថា កម្ពុជា​នៅ​ស្ថិតក្នុង​ចំណោម​ប្រទេស ដែលមាន​អំពើពុករលួយ​ច្រើនជាងគេ​។ លទ្ធផល​ស​ន្ទ​ស្សន៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ នៅ​ឆ្នាំនេះ​បង្ហាញថា កម្ពុជា​ទទួលបាន​២០​ពិន្ទុ និង​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី ១៦២ ក្នុងចំណោម​ប្រទេស​ចំនួន​១៨០​។ ពិន្ទុ​និង​ចំណាត់ថ្នាក់​នេះ មានន័យថា ស្ថានភាព​អំពើពុករលួយ​នៅ​កម្ពុជា នៅតែមាន​កម្រិត​ខ្ពស់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។​

​អ្វីដែល​គួរឱ្យកត់សម្គាល់​ក្នុង​របាយការណ៍ ស្តីពី​លទ្ធផល​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​ស្ថានភាព​អំពើពុករលួយជំវិញពិភពលោក​ របស់​អង្គការ​តម្លាភាព​អន្តរជាតិ កម្ពុជា​គ្រាន់បើ​ជាង​ប្រទេស​២ តែប៉ុណ្ណោះ គឺ ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន និង​ប្រទេស​កូរ៉េខាងជើង នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​។ ដោយឡែក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​វិញ កម្ពុជា​អន់ថយ​ជាងគេ​បង្អស់ ពោលគឺ​នៅក្រោម​ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា​ទៅទៀត​។ ពិន្ទុ​និង​ចំណាត់ថ្នាក់​នេះ មានន័យថា ស្ថានភាព​អំពើពុករលួយ​នៅ​កម្ពុជា នៅតែមាន​កម្រិត​ខ្ពស់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ឆ្នាំ​២០១៨ ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​នៅ​កម្ពុជា គឺមាន​២០​ពិន្ទុ និង​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​១៦១ ក្នុងចំណោម​ប្រទេស​ចំនួន​១៨០ ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​របាយការណ៍​នេះ​។​

​ប៉ុន្តែ​របាយការណ៍​ខាងលើនេះ ត្រូវបាន​ច្រានចោល​ដោយ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រា​រដ្ឋាភិបាល​កម្ពុជា​។ លោក ផៃ ស៊ី​ផាន បន្តថា លទ្ធផល​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​នៅ​ជុំវិញ​ពិភពលោក​ឆ្នាំ​២០១៩ របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ មិនអាច​យកជាការបាន​ឡើយ ហើយ​វាជា​របាយការណ៍​ដែលមាន​ទិសដៅ​ក្នុង​បំណង​អ្វីមួយ​។ សម្រាប់​រដ្ឋាភិបាល​បាន​កំណែទម្រង់ ក្នុងនោះ មាន​អង្គភាព​ប្រឆាំង​អំពើ​រលួយ និង​ចំណាត់ការ​របស់​រដ្ឋាភិបាល​មួយចំនួន​ផងដែរ​។ ដូច្នេះរ​បាយ​ការ​ណ៍នេះ មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​ឡើយ​………

​សំឡេង​៖

​ដោយឡែក​អង្គការ​តម្លាភាព​កម្ពុជា​វិញ បានលើកឡើង​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២០ ថា លទ្ធផល​នេះ​បង្ហាញថា ទោះបីជា​កម្ពុជា​សម្រេចបាន​នូវ​លទ្ធផល​ជាក់លាក់​មួយចំនួន ដូចជា ភាពប្រសើរឡើង​នៃ​ការ​កៀរគរ​ធនធាន និង​កំណែលម្អ​ការផ្តល់​សេវាសាធារណៈ​ក៏ដោយ ក៏​រឿងនេះ​មិនទាន់​អាច​ផ្លាស់ប្ដូរ​ទស្សនៈ​ជារួម​របស់​អ្នកជំនាញ និង​ធុរជន​នោះដែរ ជាពិសេស​ជុំវិញ​បញ្ហា​អំពើពុករលួយ​ទ្រង់ទ្រាយ​ធំ និង​អំពើពុករលួយ​ផ្នែក​នយោបាយ​។ ម្យ៉ាងវិញទៀត កំណែទម្រង់​ជា​ប្រព័ន្ធ និង​ស៊ីជម្រៅ​សំខាន់ៗ​មួយចំនួន ជាពិសេស​ទាក់ទង​នឹង​នីតិរដ្ឋ និង​ប្រព័ន្ធយុត្តិធម៌ មាន​ភាពប្រសើរឡើង​តិចតួច ឬ​មិន​ប្រសើរឡើង​ទាល់តែសោះ​។ ជាមួយគ្នានេះ​កម្ពុជា ជា​ប្រទេស​ដែលមាន​បញ្ហា​តុល្យភាព​អំណាច បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​រដ្ឋាភិបាល ហើយនឹង​ង​ខ្វះ​ការចូលរួម​ទូលំទូលាយ​ក្នុង​ដំណើរការ​សម្រេច​ចិត្តជា​ដើម​។​

​នាយក​ប្រតិបត្តិ​ស្ដីទី​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ប្រសិនបើ​អំពើពុករលួយ​ទ្រង់ទ្រាយ​ធំ និង​អំពើពុករលួយ​ផ្នែក​នយោបាយ មិន​ត្រូវបាន​ដោះស្រាយ​ឱ្យ​ត្រឹមត្រូវ​ទេនោះ អំពើពុករលួយ​នឹង​បន្ត​បង្កើត​ភាពអយុត្តិធម៌​សង្គម និង​បង្ក​ជា​ហានិភ័យ​ដល់​ការអភិវឌ្ឍ​ជាតិ​។ លោក​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​ជា​ប្រព័ន្ធ និង​ឱ្យបាន​ស៊ីជម្រៅ​។​

​យ៉ាងណាមិញ បើ​ផ្អែក​តាម​លទ្ធផល​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ ដែល​ចេញផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ែរ​ឡាំង ប្រទេស​អាឡឺម៉ង់ នៅ​ថ្ងៃទី​២៣ ខែ​មករា បានផ្តល់​ចំណាត់ថ្នាក់​ឲ្យ​ប្រទេ​សដា​ណឺ​ម៉ាក និង​ប្រទេស​នូវែ​លសេ​ឡង់ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១ មាន​៨៧​ពិន្ទុ​ដូចគ្នា ក្នុងចំណោម​ប្រទេស​ចំនួន​១៨០ ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​របាយការណ៍​នេះ​។ ចំណែកឯ​ប្រទេស​ចំនួន​១០​ដែលមាន​ពិន្ទុ​ទាប​បំផុត គឺ​ភាគច្រើន​ជា​ប្រទេស​នៅ​តំបន់​អាហ្វ្រិក តួយ៉ាង​ដូចជា​ប្រទេស​យេ​ម៉េន ស៊ី​រី ស៊ូដង់​ខាងត្បូង និង​សូ​ម៉ាលី ជាដើម​៕

ព័ត៌មានផ្សេងទៀត