ព្រោះ​មូលហេតុ​មួយ​​ហ្វីលីពីន​​គំរាម​​លុបចោល​​កិច្ចព្រមព្រៀង​​យោធា​​ជាមួយ​អាមេរិក​

24-01-2020 2:46 pm 410
  ស្តាប់
រូបភាព​កងទ័ព​ម៉ារីន​អាមេរិក​ពេលធ្វើ​សមយុទ្ធជាមួយហ្វីលីពីន
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​បានព្រមាន​សហរដ្ឋអាមេរិ​កកាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា លោក​អាច​នឹង​លុបចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ដាក់ពង្រាយ​កងទ័ព​និង​ឧបករណ៍​សម្រាប់ធ្វើ​សមយុទ្ធ ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​មួយរូប​វិញ​ទេ​។ កំហឹង​របស់លោក​ឌុយ​ទែ​តេ​នៅពេលនេះ បន្ទាប់ពី​អាមេរិក​សម្រេច​មិនឲ្យ​លោក​Ronaldo dela Rosa អតីត​មេ​ប៉ូលិស​ហើយ​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា ធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក​។​

​លោក​Dela Rosa​និយាយថា​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ហ្វីលីពីន​មិន​ពន្យល់​ច្បាស់លាស់​ទេ ថា​ហេតុអ្វី​ទិដ្ឋាការ​របស់លោក​ត្រូវបាន​លុបចោល ប៉ុន្ដែ​លោក​ជឿជាក់ថា​វា​ទំនង​ដោយសារតែ​ការចោទប្រកាន់​ពី​អាមេរិក​លើ​ហ្វីលីពីន ថា​ហ្វីលីពីន​បានសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​អំឡុងពេល​លោក​ធ្វើជា​ប្រធាន​ប៉ូលិស​រយៈពេល​ជាង​ពីរ​ឆ្នាំ​។ ការសម្លាប់​មនុស្ស​ស្ថិតក្រោម​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ឬ​ហៅថា​ជា​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ចេញ​បញ្ជា​ផ្ទាល់​ពី​លោក​ប្រធានាធិបតី​ឌុយ​ទែ​តេ​។​

លោក​Dela Rosa​គឺជា​អ្នក​អនុវត្ដ​ច្បាប់​បង្ក្រាប​គ្រឿងញៀន​រប​ស់លោក​ឌុយ​ទែ​តេ ដែល​បានសម្លាប់​មនុស្ស​ជាង​៥​ពាន់​នាក់ ភាគច្រើន​ជា​អ្នកជួញដូរ​គ្រឿងញៀន​។ ប៉ូលិស​និយាយថា​ជនរងគ្រោះ​ត្រូវបាន​បាញ់សម្លាប់ ដោយសារតែ​ប៉ូលិស​ការពារ​ខ្លួន​ប៉ុណ្ណោះ​។​

​និយាយ​ពី​លោក​ឌុយ​ទែ​តេ​ក្រោយ​ទទួលបាន​ដំណឹង​អាមេរិក​លុបចោល​ទិដ្ឋាការ​មន្ដ្រី​របស់លោក លោក​ក៏​ប្រតិកម្ម​ខ្លាំងៗ​។ លោក​ថា​ប្រសិនបើ​អាមេរិក​មិន​កែតម្រូវ​ទេ នោះ​លោក​នឹង​បញ្ចប់​មូលដ្ឋានទ័ព​ដែលជា​កិច្ចព្រមព្រៀង​ឈ្មោះថា​VFA​ជាមួយ​អាមេរិក​ភ្លាម​។ លោក​ប្រកាស​ទុកពេល​មួយខែ​ដើម្បីឲ្យ​អាមេរិក​គិតគូរ​ឡើងវិញ​។ កិច្ចព្រមព្រៀង​VFA​ឬ​ប្រែជា​ខ្មែរ​ថា​កិច្ចព្រមព្រៀង​ទស្សនកិច្ច​កងកម្លាំង​យោធា បាន​ចុះ​ក្នុង​ឆ្នាំ​១៩៩៨ ព្រមព្រៀង​ឲ្យ​កងទ័ព​អាមេរិក​រាប់ពាន់នាក់​អាច​ចល័ត​នៅក្នុង​ប្រទេស​ហ្វីលីពីន សម្រាប់​ហេតុផល​សមយុទ្ធ​និង​ប្រតិ​ប​ត្ដិ​ការផ្ដល់ជំនួយ​មនុស្ស​ធម៌​។​

លោក​ឌុយ​ទែ​តេមិន​ដែល​លាក់បាំង​ទេពី​ការ​ស្អប់ខ្ពើម​របស់លោក​ចំពោះ​អាមេរិក ហើយ​លោក​ចាត់ទុក​អាមេរិក​កំពុង​លាក់ពុត​និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ហ្វីលីពីន ទោះជា​លោក​ដឹងថា​ប្រជាជន​ហ្វីលីពីន​និង​យោធា​ភាគច្រើន គោរព​យ៉ាងខ្លាំង​ចំពោះ​អតីត​មេដឹកនាំ​អាណានិគម​ហ្វីលីពីន​មួយ​នេះ​ក៏ដោយ​។ អាមេរិក​គឺជា​សម្ព័ន្ធមិត្ដ​ការពារជាតិដ៏​ធំ​របស់​ហ្វីលីពីន ហើយ​ប្រជាជន​ហ្វីលីពីន​រាប់លាន​នាក់​មាន​សាច់ញាតិ​ជា​ពលរដ្ឋ​អាមេរិក​៕

ព័ត៌មានផ្សេងទៀត