ធនាគារ​ជាតិ​ហាមឃាត់​គ្រឹះស្ថាន​ធនាគារ​មិន​ឱ្យ​​យក​​សៀវភៅ​​គ្រួសារ​​ធានា​​លើ​ការ​​ខ្ចីប្រាក់

12-03-2016 3:31 pm 5723

ធនាគារ​ជាតិ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ រួម​ទាំង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងអស់ ត្រូវ​បញ្ឈប់​ជាបន្ទាន់ ចំពោះ​ការទទួលយក​នូវ​អត្តសញ្ញាណ​បណ្ណ​ឬ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ សម្រាប់​ជា​វត្ថុ​ធានា​លើ​ការ​ផ្ដល់​ឥណទាន​។ នេះ​បើ​តាម​លិខិត​សេចក្ដីជូនដំណឹង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១១​ខែ​មីនា​។


​ក្នុង​លិខិត​របស់​ធនាគារ​ជាតិ​កម្ពុជាដ​ដែល បានបញ្ជាក់​ថា អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ ជា​ប្រភេទ​លិខិតយថាភូត​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច សម្រាប់​បញ្ជាក់​អត្តសញ្ញាណ​បុគ្គល និង​សម្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។ លិខិតយថាភូត​ទាំងនេះ មិនមែន​ជា​ទ្រព្យ​សម្រាប់​ការ​ដាក់បញ្ចាំ ឬ​ជា​ទ្រព្យ​ធានា​ក្នុង​ប្រតិបត្តិការ​ផ្ដល់​ឥណទាន​ឡើយ ព្រោះ​លិខិត​ទាំងនោះ មិន​មាន​តម្លៃ​សេដ្ឋកិច្ច​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​យក​ឯកសារ​ខាងលើ សម្រាប់​ផ្ដល់​ឥណទាន គឺជា​ការ​អនុត្ត​មិន​ត្រឹមត្រូវ​តាម​ក្រម​រដ្ឋប្បវេណី និង​បទ​ប្បញ្ញត្តិ​ធរមាន​ទេ​។


​ផ្ទុយទៅវិញ បើសិន​គ្រឹះស្ថាន ធនាគារ​និង​ហិរញ្ញាវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ណា មិន​អនុវត្ត​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​នោះ គ្រឹះស្ថាន​នឹង​ត្រូវ​រង​ការពិន័យ​តាមច្បាប់ ស្ដីពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញាវត្ថុ​។​


​សូមបញ្ជាក់​ថា បច្ចុប្បន្ន គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មួយចំនួន ជាពិសេស ប្រតិបត្តិ​ករ​ឥណទាន​ជនបទ បាន​ផ្ដល់​ឥណទាន​ដល់​អតិថិជន​របស់​ខ្លូន ដោយ​យក​នូវ​អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ សម្រាប់​ជា​វត្ថុ​ធានា​ក្នុង​ការ​ផ្ដល់​ឥណទាន​ទៅឱ្យ​ប្រជាពលរដ្ឋ​៕

ព័ត៌មានផ្សេងទៀត