គណបក្ស​​​សង្គ្រោះ​ជាតិ​​​នឹង​ចូល​ធ្វើ​កិច្ចការ​នៅ​រដ្ឋសភា​ដោយ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ទាំង​៤​ចំណុច​

11-12-2015 6:29 pm 2247

​នៅក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​ទី​១០ ធ្នូ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស បាន​ណែនាំ ដល់​មន្ត្រី​ក្រោម​ឱវាទ របស់ខ្លួន តាមរយៈ​វីដេអូ Conference ថា គួរតែ​ចូលធ្វើ​កិច្ចការ នៅក្នុង​រដ្ឋសភា​វិញ ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​សេចក្តី​ព្រាង និង​សកម្មភាព​របស់​រដ្ឋាភិបាល​។ ឆ្លើយតប​នឹង​ការណែនាំ​នេះ លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ទៅ​តាម​កិច្ចព្រមព្រៀង​ទាំង​៤​ចំណុច ដែល​គណបក្ស​ទាំង​២ បាន​ឯកភាព នា​ថ្ងៃ​ទី​១០​ធ្នូ​។

សំឡេង​លោក​យឹម សុវណ្ណ​

 

​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៤ គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​ចូលប្រជុំ​សភា បន្ទាប់​ពី​បាន​ធ្វើ​ពហិកា​រយៈពេល​១​ឆ្នាំ​។ កាល​នោះ​ថ្នាក់​ដឹកនាំ​គណបក្សប្រឆាំង បាន​អះអាង​ថា ការសម្រេចចិត្ត​ចូល​សភា គឺ​ដើម្បី​កុំអោយ​គណបក្សកាន់អំណាច បន្ត​ជិះសេះ​លែង​ដៃ ក្នុង​ការបង្កើត និង​អនុម័ត​ច្បាប់​នានា​។ ហើយ​សមិទ្ធផល​ជាច្រើន ត្រូវ​បាន​សម្រេច ក្រោយ​ការចូល​សភា ក្នុងនោះ​រួម​មាន​ការកែប្រែ​ច្បាប់បោះឆ្នោត ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ រដ្ឋសភា គជប រួម​នឹង​ច្បាប់​នានា​ជាច្រើន​ទៀត​។ នេះ​ជា​ការលើកឡើង​ពី​លោក​កឹម សុខា​។​

សំឡេង​លោក​កឹម សុខា​ណ​

ប៉ុន្តែ កាលពី​ចុង​ខែ​តុលា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប បាន​ធ្វើពហិការ កិច្ចប្រជុំ​សភា​ជា​ថ្មី​ម្តងទៀត បន្ទាប់ពី​មាន​ករណី​វាយ​តំណាងរាស្ត្រ ការដកតំណែង​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ការចេញ​ដី​ការបង្គាប់​ចាប់ខ្លួន​លោក​សម រង្ស៊ី​។ ការធ្វើ​ពិ​ហិកា​នេះ បានធ្វើអោយ​សេចក្តីព្រាងច្បាប់​មួយចំនួន ដូចជា​សេចក្តីព្រាងច្បាប់ ស្ថិតិ , ទូរគមនាគមន៍ និង​ច្បាប់​ថវិកាជាតិ ត្រូវបាន​អនុម័ត​តែ​ពី​គណបក្ស​កាន់អំណាច  ដោយ​គ្មាន​វត្ត​មាន​គណបក្សប្រឆាំង​។​

​យ៉ាងណាក៏ដោយ ការសម្រេច​មិន​ចូល​សភា ពី​តំណាងរាស្ត្រ​គណបក្សប្រឆាំង ក្នុង​រយៈពេល​ចុងក្រោយ​នេះ ត្រូវបាន​លោក​យឹម សុវណ្ណ បញ្ជាក់ថា មក​ស្ថានភាព​នយោបាយ មានការ​អាប់អួរ​។ ហើយ​អ្នកតំណាងរាស្ត្រ​មាន​ការបារម្ភ​ពី​សុវត្ថិភាព​។​

សំឡេង​លោក​យឹម សុវណ្ណ​​

ដោយឡែក លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​បញ្ជាក់ថា  រដ្ឋសភា​មិន​ដែលធិបសមាស​ភាព​របស់​គណបក្សស​ង្គ្រោះ​ជា​តិ ចោល​នោះ​ទេ ហើយ​ថា ការចូលរួម ឬ​មិន​ចូលរួម​ជា​សិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ហើយ​ការសម្រេច​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​មួយចំនួន ដែល​គ្មាន​វត្ត​មាន​គណបក្សប្រឆាំង មិន​អាច​និយាយថា សភា​ឯក​បក្ស​បានទេ​។​

ព័ត៌មានផ្សេងទៀត