លោក​អាសាដ​ថា​​យុទ្ធនាការ​​របស់​រុស្ស៊ី​​នៅ​ស៊ី​រី​​ជា​ការ​ជួយ​សង្គ្រោះ​​តំបន់​​មជ្ឈិមបូព៌ា​

05-10-2015 11:01 am 1785
ប្រធានាធីបតី​រុស្ស៊ី​(ឆ្វេង)​​និងប្រធានាធិបតី​ស៊ីរី

​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ​បាន​និយាយថា ភាព​ជោគជ័យ​នៃ​យុទ្ធនាការ​វាយប្រហា​ររ​បស់​រុស្ស៊ី ស៊ី​រី និង​សម្ព័ន្ធ​របស់ខ្លួន គឺជា​យុទ្ធនាការ​ដ៏​សំខាន់​បំផុត​សង្គ្រោះ​តំបន់​មជ្ឈិមបូព៌ា​ពី​ការបំផ្លិចបំផ្លាញ​។ ការលើកឡើង​របស់​លោក​ប្រធានាធិបតី​ស៊ី​រី​បែបនេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ទីក្រុង​ម៉ូស្គូ​អះអាងថា​យុទ្ធនាការ​វាយប្រហារ​តាម​ជើង​អាកាស​របស់ខ្លួន វាយ​ចំ​គោលដៅ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុងប្រទេស​ស៊ី​រី​។​


​លោក​អាសាដ​បន្ដថា រយៈពេល​មួយ​ឆ្នាំ​កន្លងមកហើយ ដែល​ប្រទេស​លោកខាងលិច​និង​ប្រទេស​នៅ​អារ៉ាប់​មួយចំនួនទៀត បើក​ការវាយប្រហារ​តាម​ជើង​អាកាស​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ប៉ុន្ដែ​មិន​បាន​លទ្ធផល​ឡើយ មានតែ​ផល​ខូចខាត​ប៉ុណ្ណោះ​។ ក្រៅពីនេះ ការវាយប្រហារ​របស់​ប្រទេស​លោក​ខាងលិច​បាន​ជួយ​ឲ្យ​សកម្មភាព​ភេរវកម្ម​រីក​រាលដាល​កាន់តែខ្លាំង ហើយ​ធ្វើឲ្យ​ក្រុម​ភេរ​វករ​ទទួលជោគជ័​យ​លើ​តម្រូវការ​ថ្មីៗ​ជាច្រើន​។ ប៉ុន្ដែ​សម្រាប់​ក្រុម​ចម្រុះ​របស់​ស៊ី​រី រុស្ស៊ី អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​វិញ អាច​ទទួលបាន​លទ្ធផល​ពិតប្រាកដ​។​


​ថ្លែង​ក្នុង​ពេល​ធ្វើ​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ទី​០៤​តុលា លោក​អាសាធ​សង្កត់ធ្ងន់​ថា “​ការវាយប្រហារ​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​ត្រូវ​តែ​ជោគជ័យ បើ​មិន​ដូច្នេះ​ទេ​យើង​នឹង​ប្រឈម​ការបំផ្លិចបំផ្លាញ​ក្នុង​តំបន់​ទាំងមូល មិន​មែន​ក្នុង​រដ្ឋ​មួយ​ឬ​ពីរ​ទេ​។​” សូម​បញ្ជាក់​ផង​ដែរ​ថា ការលើកឡើង​ខាង​លើ​របស់​លោក​ប្រធានាធិបតី​ស៊ី​រី ធ្វើឡើង​បន្ទាប់​ពី​រុស្ស៊ី​ចាប់ផ្ដើម​យុទ្ធនាការ​ក្នុងប្រទេស​ស៊ី​រី​តាំងពី​ថ្ងៃ​ទី​៣០​កញ្ញា​។


​រុស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃ​ទី​០៤​តុលា​ថា យន្ដហោះ​ទម្លាក់​គ្រាប់​របស់ខ្លួន​២០​គ្រឿង​បាន​វាយប្រហារ​ចំ​គោលដៅ​ក្រុម​រដ្ឋ​អ៊ីស្លាម​១០​គោលដៅ​ក្នុង​រយៈពេល​២៤​ម៉ោង​។ ក្នុងនោះ​មាន​ទាំង​ជំរំ​ហ្វឹកហាត់​កងទ័ព និង​រោងចក្រ​ផលិត​គ្រឿងផ្ទុះ​ផងដែរ​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​រៀបចំ​ការវាយប្រហា​រ​បំផ្លាញ​រចនាសម្ព័ន្ធ​ក្រុម​រដ្ឋ​អ៊ីស្លាម និង​ចង់​គ្រប់គ្រង​ប្រព័ន្ធ​របស់​ពួកគេ ដែល​ជា​បណ្ដាញ​ផ្គត់ផ្គង់​ដ៏​សំខាន់​របស់​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ជា​មូលហេតុ​បង្ក​ឲ្យមាន​ការរៀបចំ​ធ្វើ​សកម្មភាព​ភេរវកម្ម​ផ្សេងៗ​គ្នា​។ ប៉ុន្ដែ​សកម្មភាព​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី​ត្រូវ​អាមេរិក បារាំង និង​អង់គ្លេស​ចោទថា ជា​ការគាំទ្រ​ដល់​លោក​អាសាដ​ទៅវិញ មិនមែន​ចង់​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​ឡើយ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត