ក្រុម​អ៊ីស្លាម​​IS​​ដុត​​សម្លាប់​​អាកាស​យានិក​​ហ្ស៊កដានី​​ហាក់​ដូច​ជា​ដុ​ត​​ខ្លួនឯង​

05-02-2015 12:47 pm 3274
រូបភាព​ដែល​ក្រុម​អ៊ីស្លាមISដុត​សម្លាប់​អ្នកបើក​យន្ដហោះ​ហ្ស៊កដានីទាំងរស់

នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ យើង​មាន​កិច្ចសន្ទនា​រវាង​អ៊ុន សុខ​ឡា​ជាមួយ​ពេញ ផេង ស្ដីពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ចំពោះ​អ្នក​បើក​យន្ដហោះ​ហ្ស៊កដានី​។ អ្នកបើក​យន្ដហោះ​ហ្ស៊កដានី​បន្ទាប់ពី​ត្រូវ​ក្រុម​អ៊ីស្លាម​ISIS​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤ លោក​ក៏​ត្រូវ​ក្រុម​អ៊ីស្លាម​សម្លាប់​ដោយ​ដុត​ទាំង​រស់​។ វីដេអូ​នៃ​ការសម្លាប់​អាកាសយានិក​រូបនេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេត ធ្វើឱ្យ​ពិភពលោក​និង​ហ្ស៊កដានី​តក់ស្លុត​យ៉ាង​ខ្លាំង​។ ហ្ស៊កដានី​បានប្រកាសថា នឹង​មិន​ឱ្យ​ឈាម​អ្នកបើក​យន្ដហោះ​របស់គេ​ស្រក់​ដោយ​ឥត​ប្រយោជន៍​ឡើយ​? តើ​ហ្ស៊កដានី​នឹង​ឆ្លើយតប​យ៉ាងណា ចំពោះ​ការសម្លាប់​អ្នកបើក​យន្ដហោះ​ចម្បាំង​របស់គេ​? តើ​ស្ថានការណ៍​នឹង​ទៅជា​យ៉ាងណា​ទៀត​ជុំវិញ​បញ្ហា​នេះ​?


​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​កិច្ចសន្ទនា​រវាង​អ៊ុន សុខ​ឡា​ជាមួយ​ពេញ ផេង​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖

សំឡេង៖


១ ឃើញ​ថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ក្រុម​សកម្មប្រយុទ្ធ​មក​ពី​រដ្ឋ​អ៊ីស្លាម​(IS) ឬ​ក៏​ក្រុម​ដែល​គេ​ស្គាល់ ភាគច្រើន​ថា​ISIS​នោះ បានបង្ហាញ​វីដេអូ​ដុត​សម្លាប់​អ្នកបើក​យន្ដហោះ​ចម្បាំង​ហ្ស៊កដានី​ម្នាក់​ដែល​ពួក​គេ​ចាប់បាន​។ វីដេអូ​នេះ​បានធ្វើឱ្យ​កក្រើក​ពេញ​ពិភពលោក​តែម្ដង ព្រោះ​ថា​អ្នកបើក​យន្ដហោះ​ហ្ស៊កដានី​លោក​Moaz al-Kasasbeh ត្រូវបាន​ក្រុម​ជ្រុលនិយម​នេះ​ដុត​ទាំង​រស់​តែម្ដង​។ ការធ្វើ​ទារុណកម្ម​ទៅលើ​លោក Kasasbeh​ហាក់ដូចជា​ប្លែក​ពី​អ្នក​ត្រូវ​សម្លាប់​កាលពី​លើក​មុន ជាក់ស្ដែង​ដូច​ជា​ការសម្លាប់​ជនជាតិ​ជប៉ុន​ពីរ​នាក់​គឺ​ត្រូវ​កាត់​ក្បាល​ទេ​។ តើ​ស្ថិតក្នុង​មូលហេតុ​អ្វី​បានជា​ក្រុម​អ៊ីស្លាម​មួយ​នេះ​ដុត​លោក Kasasbeh​ទាំង​រស់​ដូច្នេះ​?


​បើ​តាម​វីដេអូ​ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេត​យ៉ាង​ព្រោងព្រាត​នោះ គឺ​វា​ហាក់ដូចជា​ការធ្វើ​ទារុណកម្ម​មួយ​យ៉ាង​ព្រៃផ្សៃ​បំផុត ដោយ​ដុត​សម្លាប់​មនុស្ស​ទាំងរ​ស់បែ​ប​នេះ​។ វីដេអូ​នេះ​បាន​ធ្វើឱ្យ​ពិភពលោក ជាពិសេស​គឺ​រដ្ឋាភិបាល ប្រជាជន​ហ្ស៊កដានី រួមទាំង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ផ្ទាល់​តែម្ដង ទប់​អារម្មណ៍​មិនបាន ហើយក៏​មិន​ជឿ​ថា​វា​គឺជា​ការពិត​ទៅ​ទៀត​។ សួរថា ហេតុអ្វី​បាន​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​IS​ឬក៏​ISIS​មិន​កាត់​ក្បាល​លោក​Kasasbeh ដូច​ចំណាប់ខ្មាំង​ដទៃទៀត តែ​បែរជា​ដុត​ទាំង​រស់​ទៅវិញ​។


​ជាដំបូង​សូមបញ្ជាក់​ពី​លោក​Kasasbeh​បន្ដិច​សិន​។ លោក​Kasasbeh​កើត​នៅ​ថ្ងៃទី​២៩ ខែ​ឧសភា​ឆ្នាំ​១៩៨៨ លោក​គឺជា​ជនជាតិ​ហ្ស៊កដានី ហើយក៏​ជា​អ្នកបើក​យន្ដហោះ​យោធា​ម្នាក់​របស់​ហ្ស៊កដានី​ផងដែរ​។ ក្រោយពេល​រដ្ឋាភិបាល​ហ្ស៊កដានី​យល់ព្រម​ចូល​ជាមួយស​ម្ព័​ន្ធ​អន្ដរជាតិ បើក​ការវាយប្រហារ​បង្ក្រាប​ក្រុម​អ៊ីស្លាម​ISIS លោក​Kasasbeh​ក៏​ជា​សាជិ​កម្នាក់​របស់​ហ្ស៊កដានី ដែល​ធ្វើ​ប្រតិ​បត្ដិកា​រ​បង្ក្រាប​ក្រុម​អ៊ីស្លាម​ISIS​។ ប៉ុន្ដែ​ជា​សំណាងអាក្រក់​សម្រាប់​រូបលោក យន្ដហោះ​ដែល​លោក​បាន​បើក​ធ្វើ​ប្រតិ​បត្ដិកា​របាន​ជួប​បញ្ហា ហើយ​បាន​ធ្លាក់​នៅ​ជិត​ទីក្រុង​Raqqa​ប្រទេស​ស៊ី​រី​។ បន្ទាប់​លោក​Kasasbeh​ក៏​ត្រូវ​ក្រុម​អ៊ីស្លាម​ISIS​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤​។​


​តាមពិត​ទៅ​នោះ​បើ​តាម​ការចុះ​ផ្សាយ​ព័ត៌មាន​លោក​Kasasbeh បាន​ស្លាប់​តាំងពី​ថ្ងៃ​ទី​០៣ ខែ​មករា​មក​ម្លេះ ប៉ុន្ដែ​វីដេអូ​នៃ​ការសម្លាប់​រូប​លោក​ទើបតែ​បង្ហាញ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ទេ​។ ទាក់ទង​នឹង​មូលហេតុ​ដែល​លោក​ត្រូវបាន​គេ​ចាប់​ដាក់​ទ្រុង​ដែក ហើយ​ធ្វើ​ទារុណកម្ម​ដុត​សម្លាប់​ទាំង​រស់ យើង​អាច​សិក្សា​ទាំងអស់គ្មា​បាន​ថា វា​គឺជា​សកម្មភាព​មួយ​ដែល​ក្រុម​អ៊ីស្លាម​ISIS​ព្រមាន​ដល់​ហ្ស៊កដានី ដែល​ចូល​ដៃ​ជាមួយ​អន្ដរជាតិ​សម្លាប់​ពួកគេ​។ ការដាក់ទណ្ឌកម្ម​ដោយ​ដុត​ទាំង​រស់ គឺ​ដើម្បី​បង្ហាញ​ថា​លោក​Kasasbeh ជា​អ្នកបើក​យន្ដហោះ​ទម្លាក់​គ្រាប់​សម្លាប់​ពួកគេ ដូច្នេះ​ការសម្លាប់​រូបលោក​ត្រូវបាន​ក្រុម​អ៊ីស្លាម​ISIS ធ្វើ​យ៉ាងឃោ​ឃៅ​ជាង​អ្នក​ផ្សេង​ដែល​គ្រាន់តែ​ជា​ចំណាប់ខ្មាំង​ធម្មតា​។


២ ​តើ​ក្រោយ​ពី​បានឃើញ​វីដេអូ​ដុត​សម្លាប់​នេះហើយ រដ្ឋាភិបាល​ហ្ស៊កដានី​បាន​ប្រតិកម្ម​យ៉ាងណាដែរ​?


​ប្រតិកម្ម​គឺ​ប្រាកដ​ណាស់​រដ្ឋាភិបាល កងទ័ព ប្រជាជន​ហ្ស៊កដានី​ខឹង​យ៉ាង​ខ្លាំង​ចំពោះ​ភាពឃោឃៅរ​បស់​ក្រុម​អ៊ីស្លាម​ជ្រុល​និយមនេះ​។ ហ្ស៊កដានី​បាន​បញ្ជាក់​ដែ​រថា នឹង​ប្រយុទ្ធប្រឆាំង​ជាមួយ​ក្រុម​អ៊ីស្លាម​ជី​ហាដ​ISIS​ដល់​ទីបញ្ចប់ ហើយ​គេ​នឹង​មិន​ឱ្យ​ឈាម​អ្នកបើក​យន្ដហោះ​របស់គេ​ស្រក់​ដោយ​ឥត​ប្រយោជន៍​ឡើយ​។ ដូច្នេះ​ការដុត​សម្លាប់​អាកាសយានិក​ហ្ស៊កដានី វា​ហាក់ដូចជា​ពួកគេ​យក​ភ្លើង​មក​ដុត​បំផ្លាញ​ខ្លួនឯង​អញ្ជឹង​ដែរ ព្រោះ​អន្ដរជាតិ​មិន​លើកលែង​ឱ្យ​ពួកគេ​ទេ​។


​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​០៤​កុម្ភៈ​នេះ ហ្ស៊កដានី​បាន​ប្រហារជីវិ​ត​អ្នក​ទោសពីរ​នាក់ ដែល​ជា​សមាជិក​របស់​ក្រុម​អ៊ីស្លាម​ដោយ​ព្យួរក​។ នេះ​គឺជា​សញ្ញា​មួយ​បង្ហាញ​ថា ហ្ស៊កដានី​ពិតជា​សងសឹ​ក​ទៅ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ពិតប្រាកដ​មែន ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការបំផ្លាញ​ពួកគេ​វិញ​។ ត្បិត​ហ្ស៊កដានី​ដឹង​ថា​ការធ្វើ​បែប​នេះ អាច​ត្រូវ​អន្ដរជាតិ​រិះគន់​ក៏ដោយ ប៉ុន្ដែ​ការឈឺចាប់​ដែល​ពួកគេ​ទទួល វា​ពិតជា​មិន​អាច​ឱ្យ​ពួកគេ​ទប់​អារម្មណ៍​បានឡើយ​។


​បន្ថែម​លើ​នេះ​មិន​ត្រឹមតែ​ហ្ស៊កដានី​នោះទេ​ដែល​ប្រតិកម្ម នៅ​មាន​អន្ដរជាតិ​ក៏​ដូចគ្នា​។ រីឯ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​បាន គីមូន​វិញ លោក​បាន​ថ្កោលទោស​ទៅលើ​ក្រុម​អ៊ីស្លាម​ISIS​ថា ជា​ក្រុម​ដែល​គ្មាន​ការគោរព​សិទ្ធិមនុស្ស ប្រព្រឹត្ដទង្វើ​ឃោ​ឃៅ​។ លោក​ក៏​បាន​ជំរុញ​ឱ្យ​អន្ដរជាតិ​គាំទ្រ​ទ្វេដង បើក​យុទ្ធនាការ​ប្រឆាំង​ក្រុម​ISIS​បន្ដទៀត​។ ចំពោះ​ក្រុមប្រក្សាសន្ដិសុខ​អង្គ​ការ​សហប្រជជាតិ​ដែល​មាន​សមាជិក​១៥​ប្រទេស ក៏បាន​លើកឡើង​ដូចគ្នា និង​បាន​បញ្ជាក់បន្ថែម​ថា សកម្មភាព​សម្លាប់​មនុស្ស​របស់​ក្រុម​ISIS គឺ​ដូចជា​វប្បធម៌​មួយ​ទៅ​ហើយ​។ សកម្មភាព​នេះ​មិន​ធ្វើឱ្យ​ពួកគេ​ភិតភ័យ​ទេ ប៉ុន្ដែ​ធ្វើឱ្យ​ពួកគេ​រឹតតែ​រឹងមាំ​ទៅវិញ ដូច្នេះ​គួរតែ​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។


៣ ​ដោយ​យោងទៅលើ​ភាពចម្រូងចម្រាស​នេះ តើ​ស្ថានការណ៍​នឹង​ទៅជា​យ៉ាងណា​បន្ដទៀត​?


​ទាក់ទង​នឹង​បញ្ហា​នេះ ក្រុមអ្នកវិភាគ​បាន​សន្និដ្ឋាន​ទុកជា​មុន​ថា វីដេអូ​ដែល​ក្រុម​អ៊ីស្លាម​ISIS​បាន​បង្ហោះ​នឹង​ជះ​ត្រឡប់មកវិញ​នូវ​ការវាយប្រហារ​ទៅលើ​ពួក​គេ ព្រោះ​ពួកគេ​កំពុងតែ​បញ្ឆេះ​ភ្លើង​ឱ្យ​ឆេះ​ពេញ​ពិភពលោក​ហើយ​។ ការ​បង្ហោះ​វីដេអូ​នេះ ប្រៀបដូចជា​ពួក​គេ​ចង់រ​កស​ត្រូវដាក់​ខ្លួន​ដូច្នេះ​ដែរ ព្រោះ​ហ្ស៊កដានី​បញ្ជាក់ហើយថា​ដាច់ខាត​ត្រូវតែ​សងសឹ​ក​។​ឧទ្ទាហរណ៍​ជាក់ស្ដែង​នោះ​ដូច​បាន​បញ្ជាក់​ខាងលើ​ហើយ គឺ​ហ្ស៊កដានី​បាន​ប្រហារជីវិ​ត​អ្នក​ទោសក្រុម​អ៊ីស្លាម​ពីរ​នាក់ ដើម្បី​ឆ្លើយតប​នឹង​វីដេអូ​ដុត​សម្លាប់​អាកាសយានិក​យោធា​ហ្ស៊កដានី​។


​លើសពីនេះទៅទៀត នឹង​មាន​ការគាំទ្រ​ដល់​ស្ដេច​ហ្ស៊កដានី Abdullah និង​សម្ព័ន្ធ​អន្ដរជាតិ ដើម្បី​ប្រឆាំង​ជាមួយ​ក្រុម​អ៊ីស្លាម​។ ការវាយប្រហារ​សងសឹក​គ្នា​នឹង​កើតឡើង​ខ្លាំងក្លា​បន្ដទៀត ព្រោះថា​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ISIS មិន​ព្រម​ទទួលយក​ការចរចា ឬក៏​ការដោះដូរ​ណាមួយ​ឡើយ​។ ដោយសារតែ​ភាព​រឹងទទឹង​របស់​ពួកគេ ទើប​អាមេរិក​បាន​សម្រេចចិត្ដ​ធ្វើ​ជា​អ្នកដឹកនាំ​អន្ដរជាតិ បើក​ការវាយប្រហារ​សម្លាប់​ក្រុម​អ៊ីស្លាម​ISIS ទាំង​នៅក្នុង​ប្រទេស​ស៊ី​រី និង​ប្រទេស​អ៊ីរ៉ាក់​។


​យើង​ក៏​មិនត្រូវ​ភ្លេច​ដែរ​ថា មុន​មាន​វីដេអូ​ដុត​សម្លាប់​អ្នកបើក​យន្ដហោះ​ហ្ស៊កដានី វីដេអូ​សម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ពីរ​នាក់​ក៏​ត្រូវ​បាន​បង្ហោះ​ដូចគ្នា​។ កាល​ណោះ​បាន​ធ្វើឱ្យ​ជប៉ុន​ខឹង​យ៉ាង​ខ្លាំង​ដែរ ហើយ​ជប៉ុន​ក៏​បញ្ជាក់​ជំហរ​ដូចគ្នា​នឹង​ហ្ស៊កដានី​ថា នឹង​សងសឹក​ទៅ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​មួយ​នេះ​វិញ​។


​សូម​រម្លឹក​បន្ដិច​ទាក់ទង​នឹង​ការសម្លាប់​ដោយ​កាត់​ក្បាល និង​បង្ហោះ​ចូល​បណ្ដាញ​អ៊ី​ន​ធឺ​ណេត​ដំបូង​គេ គឺ​ការសម្លាប់​អ្នកកាសែត​អាមេរិក​លោក​James Foley ដែល​ត្រូវ​ក្រុម​អ៊ីស្លាម​ISIS​បង្ហោះ​វីដេអូ​កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា​ឆ្នាំ​២០១៤​។ ក្រោយ​ឃើញ​វីដេអូ​នេះ​ភ្លាម អាមេរិក​បាន​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​បាន​កៀងគរ​សម្ព័ន្ធ​អន្ដរ​ជា​តិឱ្យ​ចូល​ដៃ​ជាមួយ​ខ្លួន បើក​ការវាយប្រហារ​ប្រឆាំង​ក្រុម​អ៊ីស្លាម​។


​លោក​James Foley​គឺជា​អ្នកកាសែត​ម្នាក់​របស់​អា​មេរិក ប៉ុន្ដែ​ក្រោយពេល​ស្លាប់​អាមេរិក​ក៏​បាន​កៀងគរ​អន្ដរជាតិ​ប្រយុទ្ធ​តាម​ជើង​អាកាស​។ ចុះ​ទម្រាំ​លោក​Kasasbeh​ជា​មន្ដ្រី​កង​យោធា​ហ្ស៊កដានី ជា​អ្នកបើក​យន្ដហោះ​ចម្បាំង​ដ៏​ឆ្នើម​របស់​ហ្ស៊កដានី​ផង ហើយ​ជាពិសេស​ហ្ស៊កដានី​បានចាត់ទុក​រូបលោក​ជា​វីរបុរស​ថែមទៀត រឿង​អី​ដែល​ហ្ស៊កដានី​មិន​រក​ជំនួយ​ពី​អន្ដរជាតិ​ដើម្បី​សងសឹក​ទៅ​ក្រុម​អ៊ីស្លាម​ISIS​វិញ​នោះ​។ ចំណុច​នេះ​ហើយ​ដែល​យើង​អាច​និយាយបាន​ថា ការវាយប្រហារ​សងសឹក​គ្នា​នឹង​ធ្វើ​ឡើង​កាន់តែ​ខ្លាំង​ជាង​មុន​នោះ​។


​ចាប់អារម្មណ៍​ទៅលើ​ក្រុម​ISIS​វិញ​បន្ដិច ពួកគេ​ក៏​នឹង​អាច​មាន​សកម្មភាព​ឆ្លើយតប​វិញ​ដែរ ហើយ​បើ​តាម​ការចុះផ្សាយ​ឱ្យ​ដឹង​នោះ ក្រុម​អ៊ីស្លាម​មួយ​នេះ​យ៉ាងហោចណាស់​ក៏​មាន​ចំណាប់ខ្មាំង​ជា​ប្រជាជន​ប្រទេស​លោកខាងលិច​ពីរ​នាក់​ដែរ នៅក្នុង​ដៃ​ពួកគេ​បច្ចុប្បន្ន​គឺ​លោក​John Cantlie ជា​អ្នកកាសែត​អង់គ្លេស និង​ស្ដ្រី​ជា​ជនជាតិ​អាមេរិក​ម្នាក់​ទៀត​ដែរ​។ យើង​ក៏​មិន​អាច​ដឹង​មុន​ដែរ​ថា ចំណាប់ខ្មាំង​ទាំង​ពីរ​នាក់​នេះ នឹង​ត្រូវ​ស្លាប់​ទៀត​ឬ​យ៉ាងណា​នោះ​ទេ​។​


​តែ​យ៉ាងណាក៏ដោយ​ពិភពលោក​ប្រាកដជា​ជួប​ពិភាក្សា​គ្នា ដើម្បីរ​កវី​ធី​សាស្ដ្រ​ទប់ស្កាត់​សកម្មភាព​ក្រុម​ISIS​បន្ដទៀត ក្រៅពី​ការវាយប្រហារ​សម្លាប់​ពួកគេ​តាម​ជើង​អាកាស​៕​​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត