សិស្ស​ថ្នាក់​​ទី​១២​ត្រៀម​ខ្លួន​​រួចជាស្រេច​​បើទោះជា​​ការប្រឡង​​រឹតបន្ដឹង​​ខ្លាំង​

16-07-2014 5:30 pm 1676
ទិដ្ឋភាពប្រលងបាក់ឌុបកន្លងទៅ

​កាល​ពី​ថ្មី​នេះ ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ចេញ​សេចក្ដីសម្រេច​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ គឺ​ពិន្ទុ​ឆមាស​ទី​១ នឹង​ពិន្ទុ​ឆមាស​ទី​២​មិន​អាច​បូក​ជាមួយ​ថ្នាក់​ជាតិ​នោះ​ទេ ពោល​គឺ​យក​តែ​ពិន្ទុ​ថ្នាក់ជាតិ​ប៉ុណ្ណោះ ធ្វើ​ជា​ចំណាត់ថ្នាក់​។​ហើយ​​ម្យ៉ាង​​វិញ​ទៀត ​ការ​ប្រលង​​តឹង​​ឆ្នាំ​នេះ តឹងរឹង​ជាង​មុន នឹង​មិន​មាន​ការស៊ីសំណូក​ពី​មេ​ប្រយោគ​ទៀតឡើយ ព្រោះ​មាន​គណកម្មាធិការ​ត្រួត​ពិនិត្យ​ជា​និច្ច​។ ទោះបីជា​មាន​ការ​រឹង​បន្តឹង​ជាង​មុន​ក៏ដោយ  សិស្ស​មួយចំនួនធំ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ប្រឡង ។​ជា​បន្ត​សូម​ស្ដាប់​បទ​យកការណ៍​រៀបចំ​ដោយ លាង​ធីតា​ដូចតទៅ​៖


​សិស្ស​ថ្នាក់​ទី​១២​មួយចំនួន​ធំ​មិន​ព្រួយបារម្ភ​ឡើយ​សម្រាប់​ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ​នៅពេល​ខាងមុខ ខណៈ​ក្រសួង​អប់រំ​ចេញ​វិធានការ​រឹតបន្តឹង​ជាង​ឆ្នាំ​មុន​។ មិន​ត្រឹមតែ​រឹតបន្តឹង​នោះទេ ថែមទាំង​មិន​បូក​សរុប​ឆមាស​ទី​១ ទី​២​យក​មក​បន្ថែម​ដើម្បី​បាន​ចំណាត់ថ្នាក់​ផងដែរ​។​


​យុវតី​ណាវិន បាន​ដើរចេញ​ពី​រៀន​គួរ​សម្រាប់​ប្រលង​ថ្នាក់ជាតិ​នា​ខាងមុខ បានបញ្ជាក់​ថា ទោះបីជា​មាន​ការរារាំង​មិន​ឱ្យ​ចម្លង​គ្នា ឬ​បើកប្រ៊ី​យ៉ុង​ក៏ដោយ សម្រាប់​កញ្ញា​ផ្ទាល់​មិនមាន​អ្វី ជា​ឧបសគ្គ​នោះទេ ព្រោះ​ការប្រលង​ថ្នាក់​ជាតិ​ខាងមុខ កញ្ញា​ពឹង​សមត្ថភាព​ខ្លួនឯង​ផ្ទាល់ ហើយ​ជឿជាក់ថា​នឹង​ប្រលង​ជាប់​ជាក់​ជាមិនខាន​។​

 

សំឡេងៈ


​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ យុវជន​ឡងឌី បាន​បញ្ជាក់​ដែរ​ថា ការប្រលង​ថ្នាក់ជាតិ​ខាងមុខ មិនមាន​អ្វី​ជះ ឥទ្ធិពល​ឱ្យ​ធ្លាក់​នោះ ទោះបីជា​ក្រសួង​អប់រំ​តឹង​បន្ដឹង​យ៉ាងណាក៏ដោយ ព្រោះ​ឡងឌី​មាន​សមត្ថភាព​ពេញលេញ​សម្រាប់​ត្រៀម​ទុក​នៅ​ពេល​ប្រលង​ខាងមុខ ហើយ​មួយទៀត​ការ​រិត​បណ្ដឹង​ការប្រលង​វា​ជា​រឿង​ធម្មតា​ទេ​។​


សំឡេងៈ


​ជាមួយគ្នានេះដែរ យុវជន​ឌី​ណា​បាន​និយាយថា​មិន​មាន​បញ្ហា​ទេ​នៅ​ពេល​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ពេល​ខាងមុខ​នេះ​។​

 

សំឡេងៈ

 

​ដោយឡែក យុវតី​មីនា​អង្គុយ​នៅក្នុង​ថ្នាក់រៀន​គួរតែ​ម្នាក់​បញ្ចេញ​ទឹកមុខ​ស្រពាប់​ស្រពោន កញ្ញា​បញ្ជាក់ថា ចំពោះ​ការប្រលង​បាក់​ឌុប​នេះ មាន​ព្រួយបារម្ភ​ខ្លាំងណាស់​។ ព្រួយបារម្ភ​ត្រង់​ថា​កញ្ញា​រៀន​ផ្នែក​គណិតវិទ្យា និង​គីមីវិទ្យា​មិនសូវ​ពូកែ​ទេ ហើយ​ណាមួយ​ខ្លាច​តែ​គ្រូ​កែ​វិញ្ញាសារ​តឹងរឹង​ពេក​អាច​និង​ធ្លាក់​ជាក់​ជាមិនខាន​។​

 

សំឡេងៈ

 

ជា​ការកត់សម្គាល់ កាលពី​ពេល​ថ្មីៗ​នេះ ក្រសួង​អប់រំ​បាន​សម្រេច​តែងតាំង​លោករ​ស់ សា​លីន ជា​អ្នកនាំពាក្យ​ដើម្បី​ពិនិត្យ​គុណភាព ប្រសិទ្ធភាព យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច ទទួលយកបាន ពី​ការប្រឡង​មធ្យមសិក្សា​បឋមភូមិ និង​មធ្យមសិក្សា​ទុតិយភូមិ ។​

 

ហើយ​ក្នុងនោះ​មាន​វិធានការ​តឹងតែង​ពី​មិន​មាន​ការ​បូក​សរុប​ពិន្ទុ​ឆមាស​ទី​១ និង​ទី​២​ជា​ចំណាត់ថ្នាក់​ទេ គឺ​យក​តែ​ពិន្ទុ​ប្រលង​ថ្នាក់ជាតិ មក​ធ្វើជា​ចំណាត់​តែប៉ុណ្ណោះ តែ​ទោះជា​យ៉ាងណាក្ដី ក៏​សិស្សានុសិស្ស​មិន​មាន​បញ្ហា​ទេ​សម្រាប់​ប្រលង​នាពេលខាងមុខ​។ គួ​រម្លឹកថា ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​ប្រលង​បាក់​ឌុប ប្រព្រឹត្តិ​ឡើង​រយៈពេល​២​គឺ​ចាប់ពី​ថ្ងៃ​ទី​៤​ដល់​៥​ខែ​សីហា ឆ្នាំ​២០១៤​ខាងមុខ​៕(ដោយ៖លាង ធីតា)

ព័ត៌មានផ្សេងទៀត