ថ្ងៃទី១១កក្កដា ត្រូវនឹងថ្ងៃ១៥កើត ខែអាសាឍ ជាថ្ងៃទីពីរនៃព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រខ្មែរ។ ព្រះរាជពិធីកាលពីព្រឹកថ្ងៃដដែលនោះ បានប្រព្រឹត្តទៅក្រោមវត្តឥស្សរជនជាន់ខ្ពស់ និងប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករចូលរួម។ ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណាព្រះមហាវីរៈ ក្សត្រ មានការហែរហមយ៉ាងអធិកអធ័ម មានបារគូថ្វាយស័ង្ខ មានគងជ័យ និងស្គរជ័យ ប្រគំថ្វាយ មានសម្លេងរណ្តំ ធ្វើឲ្យអ្នកចូលរួមហែហម មានអារម្មណ៍ក្តុកក្តួលឥតឧបមា។
ចង់ដឹងថា ប្រជាពលរដ្ឋដែលចូលរួមដង្ហែព្រះបរមអដ្ឋិរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរមានអារម្មណ៍យ៉ាងណា? ជាបន្តសូមប្រិយមិត្តស្តាប់បទយកការណ៍ដែលរៀបចំដោយ អ៊ុន សុខឡាដូចតទៅ៖
សម្លេងផ្លេងស្គរជ័យ៖
សំម្លេងបារគូថ្វាយស័ង្ខ ភ្លេងទាំងអស់មានគងជ័យ និងស្គរជ័យ ប្រគំថ្វាយ ត្រូវបានបន្លឺ យ៉ាងកងរំពង តាមផ្លូវដង្ហែព្រះបរមរតនកោដ្ឋ។ ពោលគឺព័ទ្ធជុំវិញព្រះបរមរាជវាំង តាមមហាវិថីសម្តេចសុធារស មហាវិថីសម្តេចព្រះធម្មលិខិតអ៊ុក តាមហាវិថីព្រះនរោត្តម រហូតដល់ព្រះឧបោសថរតនារាម ព្រះកែវមរកត។
អមដោយអ្នកចូលរួមបានដើរដង្ហែ គ្រងដោយសំលៀកបំពាក់ព៌ណស លាយខ្មៅ អ្នកខ្លះបានកាន់ព្រះឆ័យលក្ខណ៍ របស់ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ និងខ្លះទៀតបានកាន់ផ្កាផ្ញី បោះជំហានដើរសន្សឹមៗ ស្របតាមសម្លេងភ្លេងដែលបានប្រគុំដង្ហែថ្វាយ។
ដោយឡែកតាមដងផ្លូវដែលដង្ហែព្រះអដ្ឋិព្រះករុណា ត្រូវបានគេប្រទះឃើញមានប្រជាពលរដ្ឋមួយចំនួន អង្គុយលើកដៃប្រណព្យទាំងទឹកមុខស្រពាប់ស្រពោន លាយឡំអារម្ភ ក្តុកក្តួលពន់ពេក។ លោកយាយណយ ស្លៀកសំពត់ពណ៍ខ្មៅ អាវពណ៌ស គ្រងក្រម៉ាពានាពណ៌ស មានជន្មាយុជិត៧០វស្សាបានខ្នះខ្នែង ធ្វើដំណើរតាំងពីខេត្តកណ្តាល មកភ្នំពេញដើម្បីចូលរួមពិធីដង្ហែព្រះអដ្ឋិ។ ទោះបីជាលោកយាយមិនមានកម្លាំងដើរដង្ហែព្រះបរមអដ្ឋិព្រះករុណាក៏ដោយ ប៉ុន្តែលោកយាយបានអង្គុយប្រណព្យ មុខព្រះបរមរាជវាំងតាំងពីព្រឹកព្រលឹម។
លោកយាយ ណយ៖
ដោយសារតែជីវភាពខ្វះខាត និងការគោរពស្រឡាញ់ព្រះករុណា អ្នកមីង សន ចន្ថាបានធ្វើដំណើរដោយថ្មើរជើង ពីទួលសង្កែតាំងពីមាន់រងាវ ដើម្បីមកឲ្យទាន់ពិធីដង្ហែព្រះបរមអដ្ឋិព្រះ បរមរតនកោដ្ឋ។ អ្នកមីងបានបង្ហាញពីអារម្មណ៍ ដែលបានចូលរួមនៅក្នុងកម្មវិធីដង្ហែព្រះអដ្ឋិថា ដោយសារតែការនឹករលឹក សោកស្តាយព្រះករុណា ទើបជម្រុញអ្នកមីងរូតរះដើរមកតែម្តង៖
អ្នកមីង សន សន្ថា៖
ក្រោយពីពិធីដង្ហែ ព្រះបរមអដ្ឋិព្រះករុណាបានដង្ហែមកដល់ ព្រះបរមរាជវាំង អ្នកមីង ស៊ីមួន បានអង្គុយប្រណព្យទាំងកណ្តាលថ្ងៃ នៅមុខព្រះបរមរាជវាំង។ ដៃលើកប្រណព្យបណ្តើរ អ្នកមីស៊ីមួនបានផ្តល់បទសម្ភាសន៍បណ្តើរថា នៅថ្ងៃដង្ហែព្រះអដ្ឋិព្រះករុណាថ្ងៃនេះ អ្នកមីងបានមកអង្គុយបួងសួង សុំឲ្យដួងព្រះវិញ្ញាណក្ខន្ធ ព្រះអង្គតាមបីបាច់ថែរក្សា កូនចៅដូចដែលព្រះអង្គនៅមានជីវិត៖
អ្នកមីង ស៊ីមួន៖
ដោយសារតែថ្ងៃប្រារពពីធីបូជាព្រះមរមសព ព្រះករុណា ព្រះបាទនរោត្តម សីហនុមិនបានចូលរួម ប៉ុន្តែនៅថ្ងៃប្រារពពិធីដង្ហែព្រះអដ្ឋិព្រះករុណា អ្នកមីង សានបានធ្វើដំណើរតាំងពីខេត្តសៀមរាបមកដល់ភ្នំពេញ។
អ្នកមីងបានបង្ហាញអារម្មណ៍ចេញពីដួងហទ័យអ្នកមីងថា អ្នកមីងមានអារម្មណ៍រំភើបខ្លាំងណាស់ ដែលបានមកចូលរួមពិធីដង្ហែ ព្រះបរមអដ្ឋិព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ។ មានអារម្មណ៍រំភើប ដោយសារតែអ្នកមីងចាត់ទុកព្រះករុណា ជាជាតិរបស់ខ្មែរ ជាអ្នកគ្រប់គ្រង ប្រទេសប្រកបដោយសុខដុមរម្យនា៖
អ្នកមីង សាន៖
នៅក្រោមម្លប់ដើមពោធិ៍ មុខព្រះបរមរាជវាំងពោពេញដោយមនុស្សម្នារច្រើនកុះករ សុទ្ធតែអ្នកចូលរួមពិធីដង្ហែព្រះអដ្ឋិ។ នៅទីដែលពោពេញទៅដោយមនុស្សម្នា ខ្ញុំក្រឡេកឃើញលោកយាយម្នាក់កំពុងអង្គុយបត់ជើងលើកដៃប្រណព្យ លាយឡំទឹកមុខស្រពាប់ស្រពោន នោះគឺលោកយាយយឺន បានស្វះស្វែងមកពីស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមពិធីដង្ហែព្រះអដ្ឋិព្រះករុណា ព្រះបរមរតនកោដ្ឋ។ លោកយាយបាននិយាយទាំងទឹកភ្នែករលីងរលោង ធ្លាក់លើថ្ពាល់របស់លោកយាយ ព្រមជាមួយពាក្រសម្តីអាឡោះអាល័យព្រះករុណាថា៖
លោកយាយ យឺន៖
ជាការកត់សំគាល់ព្រះរាជពិធីដង្ហែ និងតំកល់ព្រះបរមអដ្ឋិព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ព្រះមហាវារក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅដោយអធឹកអធ័ម ក្រោមវត្តមានចូលរួមពីមន្ត្រីរាជការនាម៉ឺនសព្វមុខន្ត្រីគ្រប់ក្រសួងមន្ទីរ (ទាហាន-ស៊ីវិល) មន្ត្រីកិត្តិយសនៅខាងមុខព្រះបរមរាជវាំង និងនៅខាងមុខព្រះទីនាំងទេវាវិនិច្ឆ័យ។
រួមទាំងការអញ្ជើញមកដល់ ពីសំណាក់ព្រះរាជវង្សានុវង្សរួម នឹងមន្ត្រីថ្នាក់ដឹកនាំរដ្ឋាភិបាលផងដែរ។ ព្រះរាជពិធីដង្ហែ និងតំដល់ព្រអដ្ឋិព្រះករុណាព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១១កក្កដានេះ បានធ្វើឲ្យអារម្មណ៍ប្រជាជនកម្ពុជាក្តុកក្តួលសារជាថ្មី ខណៈក្តីសង្វែកទាំងនោះធ្លាប់កើតមានម្តងរួចមកហើយ កាលពីព្រះអង្គសោយទីវង្គតកាលពី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កន្លងទៅ៕