ជីវិត និងកម្សាន្ត

ប្រើពាក្យ​​ប្រមាថ​​តាម​ហ្វេ​សប៊ុក​​ស្ដ្រី​ម្នាក់​​ប្រឈម​នឹង​​ជាប់ពន្ធ​នា​គារ​​ពីរ​ឆ្នាំ​នៅ​ឌូ​បៃ​

ដោយ៖ vayofm team    08-04-2019 11:39 AM    758

​ស្ដ្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ នៅក្នុង​ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម ដោយសារតែ​ការសរសេរ​ពាក្យពេជន៍​រិះគន់​ក្នុងន័យ​ប្រមាថ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។ ស្ថិតនៅក្រោម​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​ប្រពន្ធ​អ៊ី​ន​ធឺ​ណេត​របស់​អារ៉ាប់​រួម អ្នក​ដែល​សរសេរ​បង្ខូច​ឬ​បរិហារកេរ្ដិ៍​នៅលើ​បណ្ដាញ​សង្គម នឹងត្រូវ​ប្រឈម​ការជាប់​ពន្ធនាគារ​រួមទាំង​ការពិន័យ​ជា​ប្រាក់​ផងដែរ​។​

​ជាក់ស្ដែង​អ្នកស្រី​Laleh Shahravesh​អាយុ​៥៥​ឆ្នាំ ទោះបី​ពាក្យពេជន៍​រិះគន់​អ្នកស្រី​បាន​សរសេរ​ពេល​អ្នកស្រី​ស្ថិតនៅក្នុង​ប្រទេស​អង់គ្លេស​ក៏ដោយ ប៉ុន្ដែ​នៅពេល​ធ្វើដំណើរ​ទៅ​ប្រទេស​អារ៉ាប់​រួម​អ្នកស្រី​ក៏​ត្រូវបាន​ចាប់ខ្លួន​។ ពាក់ព័ន្ធ​នឹង​សារ​ចាត់ទុកជា​ការប្រមាថ​នោះ គឺ​អ្នកស្រី​បាន​សរសេរ​ហៅ​ស្ដ្រី​ម្នាក់​ជា​ភរិយា​អតីត​ស្វាមី​ថា​ជា​សត្វ​សេះ​។ អ្នកស្រី​បាន​បង្ហោះ​សារ​រិះគន់​នៅលើ​ហ្វេ​សប៊ុក​ថា “​ខ្ញុះ​សង្ឃឹមថា​អ្នកនឹង​ធ្លាក់​ទៅ​ឋាន​ក្រោម​ព្រោះ​អ្នកជា​មនុស្ស​ល្ងីល្ងើ​។ អ្នកជា​មនុស្ស​ចង្រៃ អ្នក​ចាកចេញ​ពី​ខ្ញុំ​ដោយសារតែ​សេះ​នេះ​។​” ពាក្យ​សេះ​គឺ​អ្នកស្រី​ចង់​សំដៅលើ​ភរិយា​ក្រោយ​របស់​អតីត​ស្វាមី​។ 

​ក្រោយ​បង្ហោះ​សារ​បែបនេះហើយ ពេល​អ្នកស្រី​ធ្វើដំណើរ​ទៅ​ចូលរួម​បុណ្យសព​អតីត​ស្វាមី​ជាមួយ​កូនស្រី នៅក្នុង​ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម អ្នកស្រី​ក៏​ត្រូវបាន​ឃាត់ខ្លួន​តែម្ដង​។ គួរ​បញ្ជាក់ថា អ្នកស្រី​បាន​លែងលះ​ជាមួយ​ស្វាមី​អ្នកស្រី​រួចហើយ មុនពេល​លោក​ទៅ​រៀបការ​នឹង​ភរិយា​ថ្មី​៕