ជីវិត និងកម្សាន្ត

ករណី​លួច​បង្កប់​​កាមេរ៉ា​​ថតរូប​អាសអាភាស​​នៅតែ​ជា​​បញ្ហា​​សម្រាប់​​កូរ៉េខាងត្បូង​

ដោយ៖ vayofm team    22-03-2019 12:32 PM    1218

​ករណី​លួច​បង្កប់​កាមេរ៉ា​ដើម្បី​ថតរូប​អាសអាភាស នៅតែ​ជា​បញ្ហា​ប្រឈម​ក្នុងប្រទេស​កូរ៉េខាងត្បូង​ដដែល​។ បន្ដ​ជា​បញ្ហា​ប្រឈម​ព្រោះ​មាន​ជនខិលខូច​លួច​បង្កប់​កាមេរ៉ា​ជា​បន្ដបន្ទាប់ ក្នុងន័យ​បម្រើឲ្យ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​កូរ៉េខាងត្បូង មាន​បុរស​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងពេល​ថ្មីៗ​ក្រោម​ការចោទប្រកាន់ថា បាន​លួច​បំពាក់​កាមេរ៉ា​ក្នុង​បន្ទប់​សណ្ឋាគារ​ចំនួន​១,៦០០ ហើយ​យក​វីដេអូ​ថត​បាន​លក់​តាម​អ៊ី​ន​ធឺ​ណេត​។​

​កាមេរ៉ា​តូចៗ​ត្រូវបាន​បង្កប់​តាម​ទូរទស្សន៍ ម៉ាស៊ីន​ផ្លុំ​សក់ និង​រន្ធ​តូចៗ​តាម​បន្ទប់​សណ្ឋាគារ​ដែល​ភ្ញៀវ​ស្នាក់នៅ​។ បុរស​ដែល​ចាប់ខ្លួនបាន​បញ្ជាក់ថា ពួកគេ​អាច​រកប្រាក់​ពី​ការ​បង្ហោះ​វីដេអូ​ដែល​ថត​បាន រហូតដល់​ទៅ​៦,២០០​ដុល្លារ​អាមេរិក​។ បុរស​ទាំង​បួន​នាក់​អាច​ប្រឈម​ការ​ជាប់ពន្ធនាគា​ររ​ហូ​តដល់​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៣០​លាន​វ៉ុន​ស្មើនឹង​២៦,៥៧១​ដុល្លារ​អាមេរិក​បើសិន​ត្រូវ​កាត់ទោស​។​

​ការថត​វីដេអូ​អាសអាភាស​ឬ​រូបភាព​អាក្រាតកាយ​នេះ បាន​រីក​រាលដាល​រហូត​បង្កឲ្យមាន​ការតវ៉ា​ផងដែរ​។ កូរ៉េខាងត្បូង​មាន​ករណីនេះ​កើតឡើង​ជាង​៦​ពាន់​ករណី​ក្នុង​ឆ្នាំ​២០១៧ កើនឡើង​ពី​២,៤០០​ករណី​ក្នុង​ឆ្នាំ​២០១២​។ មាន​មនុស្ស​ជាង​៥,៤០០​នាក់​ត្រូវបាន​ចាប់ខ្លួន​ជុំវិញ​ការ​លួច​បង្កប់​កាមេរ៉ា​ក្នុង​ឆ្នាំ​២០១៧ ប៉ុន្ដែ​អ្នក​ជាប់ពន្ធនាគារ​មាន​តិចជាង​២​ភាគរយ​៕