ជីវិត និងកម្សាន្ត

ការសិក្សា​៖​​ស្ដ្រីមីយ៉ា​ន់​ម៉ា​​រាប់ពាន់នាក់​​ត្រូវ​បង្ខំ​ឲ្យ​រៀបការ​​ក្នុងប្រទេស​ចិន​

ដោយ៖ vayofm team    08-12-2018 8:55 AM    430

​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​Johns Hopkins Bloomberg School of Public Health ដែល​ទើប​បង្ហាញ​របាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បានឲ្យដឹងថា​មាន​ស្ដ្រីជន​ជាតិមី​យ៉ាន់​ម៉ា​រាប់ពាន់នាក់ ត្រូវបាន​បង្ខំ​ឲ្យទៅ​រៀបការ​នៅ​ក្នុងប្រទេស​ចិន​។ ក្នុងចំណោម​នោះ​អ្នកខ្លះ​ស្ម័គ្រចិត្ដ និង​ខ្លះទៀត​ត្រូវ​រង​គំនាប​ពី​ក្រុមគ្រួសារ ត្រូវគេ​បោក​បញ្ឆោត និង​ត្រូវគេ​ជួញដូរ​ជាដើម​។ 

​នៅក្នុង​ប្រទេស​ចិន ស្ដ្រី​មានចំនួន​តិចជាងបុ​រស​ប្រមាណ​៣៣​លាន​នាក់ ដោយសារតែ​គោលនយោបាយ​មានកូន​តែមួយ​។ ដូច្នេះ​ដើម្បី​ដោះស្រាយ​ករណីនេះ មាន​ស្ដ្រី​ក្រីក្រ​រាប់ពាន់នាក់ មកពី​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ត្រូវបាន​គេ​លក់​ឲ្យទៅ​ធ្វើជា​កូនក្រមុំ​សម្រាប់​បុរស​ជន​ជាតិចិន​។ 

​ចំពោះ​ស្ដ្រីជន​ជាតិមី​យ៉ាន់​ម៉ា តាម​ការស្រាវជ្រាវ​លើកដំបូង​បង្ហាញថា មាន​ប្រមាណ​៧,៥០០​នាក់ រស់​តំបន់​ហែកហួរ​ដោយសារ​សង្គ្រាម​ក្នុង​រដ្ឋកា​ជីន​និង​រដ្ឋ​សាន ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ក្លាយជា​ជន​រង​ដោយសារ​ការបង្ខំ​ឲ្យ​រៀបការ​ក្នុងប្រទេស​ចិន​។ ផ្អែកលើ​ការសម្ភាសន៍​ស្ដ្រី​ជាច្រើន​ដែល​បាន​ត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ និង​ការសម្ភាសន៍​អ្នករស់នៅ​ក្នុងប្រទេស​ចិន ការសិក្សា​រកឃើញថា ស្ដ្រី​ភាគច្រើន​ដែល​ត្រូវគេ​ជួញដូរ ត្រូវ​បង្ខំ​ឲ្យ​ពរ​ពោះ​និង​បង្កើតកូន​សម្រាប់​បុរស​ជន​ជាតិចិន​។ នៅពេល​សម្រាលកូន​រួចហើយ ពួកគេ​ត្រូវបាន​លក់​បន្ដ​ទៅឲ្យ​បុរស​ផ្សេងទៀត យកប្រាក់​ចំណាយ​ទិញ​នាង​មកវិញ​។​

​សម្រាប់​ស្ដ្រីក្មេងៗ អាច​ទទួលបាន​តម្លៃ​ចន្លោះ​ពី​១​ម៉ឺន​ទៅ​១​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក​។  ពួកគេ​ខ្លះ​ត្រូវផ្គូផ្គង​ឲ្យ​រៀបការ​ជាមួយ​មនុស្ស​ប្រុស​វ័យ​ចំណាស់ អ្នកមាន​ជំងឺ និង​បុរស​ពិការ​នៅក្នុង​តំបន់​ជនបទ​។ ស្ដ្រី​ខ្លះក៏​រៀប​ការដោយ​ជោគជ័យ ហើយ​អ្នក​គ្មាន​ឯកសារ​គ្រប់គ្រាន់​ត្រូវ​បន្លំ​ឯកសារ​។ 

​ដោយ​មើលឃើញ​ពី​ហា​នី​ភ័យ​និង​ការរំលោភបំពាន​លើ​ស្ដ្រី ក្រុម​ស្រាវជ្រាវ​បាន​អំពាវនាវ​ឲ្យ​មី​យ៉ាន់​ម៉ា​បញ្ចប់សង្គ្រាម​ក្នុង​រដ្ឋកា​ជីន​និង​រដ្ឋ​សាន ហើយ​ត្រូវ​បង្រៀន​ឲ្យ​មន្ដ្រី​ប្រឆាំង​ការជួញដូរ​មនុស្ស អនុវត្ដ​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ទទួលស្គាល់​ស្ដ្រីជា​ជនរងគ្រោះ​៕