បច្ចេកវិទ្យា

ក្រុមហ៊ុន​គ្រាក់ៗ​​ពីរ​​របស់​អាល្លឺម៉ង់​​ចាប់ដៃគ្នា​​ផលិត​ប្រព័ន្ធ​​បើកបរ​ស្វ័យប្រវត្ដិ​

ដោយ៖ ពេញ ផេង    02-03-2019 11:23 AM    529
ឡូហ្គោសម្គាល់ក្រុមហ៊ុនBMW​និង​Daimler

​ការ​ប្រណាំងប្រជែង​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្ដិ កំពុងតែ​ចាប់ផ្ដើម​ហើយ​ជាមួយនឹង​ការចំណាយ​ក៏​សម្បើម​ដែរ​។ ដូច្នេះ​ដើម្បី​អាច​ប្រជែង​បាន ការ​ចាប់ដៃ​សហការគ្នា​រវាង​ក្រុមហ៊ុន​មួយ​នឹង​មួយ គឺជា​រឿង​ដែល​ចាំបាច់​បំផុត ហើយក៏​ជា​វិធីសាស្ដ្រ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ដ​គ្រា​ក់ៗ​របស់​អាល្លឺម៉ង់​ចំនួន​ពីរ គឺ​BMW​និង​Daimler​បានចាប់ផ្ដើម​អនុវត្ដ​។ 

​ក្រុមហ៊ុន​ផលិត​រថយន្ដ​ទាំងពីរ​បានប្រកាស​កាល​ពីថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ថា ពួកគេ​នឹង​ធ្វើការ​រួមគ្នា​អភិវឌ្ឍ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ដិ​។ ដូច​ដឹង​ហើយ​ថា​ក្រុមហ៊ុន​Daimler​មាន​រថយន្ដ​ដ៏​ល្បីឈ្មោះ​របស់ខ្លួន​ម៉ាក​Mercedes-Benz ហើយ​BMW​ក៏​ល្បីល្បាញ​មិន​ចាញ់​គ្នា​។ ហេតុនេះ​ពួកគេ​នឹង​ចាប់ដៃ​បង្កើត​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ដិ សម្រាប់​ការធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​និង​សម្រាប់​ការចត​។​

​ក្រុមហ៊ុន​ទាំងពីរ​ក៏​បើកទ្វារ​ជានិច្ច​សហការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ស្វ័យប្រវត្ដិ​កម្រិត​ខ្ពស់ ដែល​ចាំបាច់​សម្រាប់​តំបន់​ទីប្រជុំជន​។ ក្រុមហ៊ុន​ទាំងពីរ​ជា​គូប្រជែង​ដ៏​ខ្លាំង​បំផុត​ក្នុង​ទីផ្សារ​រថយន្ដ​ប្រណីត​លើ​ពិភពលោក​។ ការចាប់​ដៃគូ​ជាមួយគ្នា​ពួកគេ​សង្ឃឹម​នឹង​អាច​ឈានទៅរក​ជ្រុង​មួយ​កាន់តែ​ប្រសើរ​ក្នុង​ការប្រកួតប្រជែង ហើយ​អាច​បង្កើន​តម្លៃ​បាន​ខ្ពស់​ផងដែរ​។​

​គួរ​បញ្ជាក់ថា សព្វថ្ងៃនេះ​ក្រុមហ៊ុន​Honda​របស់​ជប៉ុន បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​General Motors​របស់​អាមេរិក​រួចហើយ លើ​ការផលិត​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​។ ចំណែក​ក្រុមហ៊ុន​Volkswagen​របស់​អាល្លឺម៉ង់ កំពុង​បន្ដ​ចរចា​ជាមួយ​ក្រុមហ៊ុន​Ford​របស់​អាមេរិក ពី​ការ​ចងសម្ព័ន្ធភាព​លើ​ការផលិត​រថយន្ដ​ស្វ័យប្រវត្ដិនេះ​ដូចគ្នា​៕