បច្ចេកវិទ្យា

ដោយសារ​​អាមេរិក​​ចោទ​ខ្លាំង​ពេក Huawei​ធ្វើ​រឿង​​មួយ​បញ្ជាក់​​ភាព​ស្អាតស្អំ​

ដោយ៖ ពេញ ផេង    01-03-2019 5:21 PM    346
ឡូហ្គោសម្គាល់​ក្រុមហ៊ុន​Huawei

​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​របស់​ចិន​គឺ​ក្រុមហ៊ុន​Huawei បានប្រកាសឲ្យ​ដឹង​កាល​ពី​ថ្ងៃទី​២៨​កុម្ភៈ​ថា បានចេញ​លិខិតអញ្ជើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ឲ្យមកធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​ដោយផ្ទាល់ និង​ជួប​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន ដើម្បី​ពិនិត្យមើល​ឲ្យ​ច្បាស់​ជុំវិញ​ការចោទប្រកាន់​របស់​អា​មេរិក​។ អាមេរិក​ចោទថា​ក្រុមហ៊ុន​នេះ​ចាប់ដៃ​ជាមួយ​រដ្ឋាភិបាល​ចិន លួច​បង្កប់​ឧបករណ៍​ស៊ើបការណ៍​សម្ងាត់​លើ​ផលិតផល​របស់ខ្លួន​ក្នុងន័យ​លួច​ធ្វើ​ចារកម្ម ប៉ុន្ដែ​ក្រុមហ៊ុន​បាន​បដិសេធ​ដាច់ខាត​។​

​ក្រុមហ៊ុន​បាន​បកស្រាយ​ច្រើនលើកច្រើនសារ ប៉ុន្ដែ​នៅតែមាន​មន្ទិលសង្ស័យ​ដដែល ដូច្នេះ​ក៏​សម្រេច​ផ្ញើ​លិខិតអញ្ជើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ឲ្យមក​ពិនិត្យ​ផ្ទាល់​ភ្នែក​តែម្ដង ថា​ដូចជា​ការចោទប្រកាន់រ​បស់​អាមេរិក​មែនឬ​យ៉ាងណា​។ គួរ​បញ្ជាក់ថា ដោយសារតែ​ករណី​ចោទប្រកាន់​រឿង​លួច​ធ្វើ​ចារ​កម្ម មាន​បណ្ដា​ប្រទេស​មួយចំនួន​ផ្អាក​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ក្រុមហ៊ុន​Huawei៕