បច្ចេកវិទ្យា

Huawei​​នៅតែ​ប្រឹង​ជ្រៀត​ចូល​​ប្រណាំង​ប្រជែង​​ក្នុង​ប្រព័ន្ធ​5G

ដោយ៖ ពេញ ផេង    14-02-2019 3:57 PM    737
រូបភាពស្នាក់ការក្រុមហ៊ុនHuawei

​ទោះបីជា​ត្រូវ​អាមេរិក​ព្យាយាម​ខ្ទាស់​ជើង​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​Huawei​នៅតែ​ប្រឹង​ប្រជ្រៀតចូល​ប្រកួតប្រជែង​ក្នុង​ប្រព័ន្ធ​5G​។ តាមរយៈ​ការបញ្ជាក់​ពី​មន្ដ្រីជាន់ខ្ពស់​បានឲ្យដឹងថា ក្រុមហ៊ុន​ត្រៀមខ្លួន​រួចជាស្រេច​ដោះស្រាយ​បញ្ហា​ប្រឈម ទាក់ទង​នឹង​រឿង​សន្ដិសុខ ដែល​ក្រុមហ៊ុន​កំពុង​រង​ការចោទប្រកាន់​ទាំង​គ្មាន​ភស្ដុតាង ពី​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​ឆាក​អន្ដរជាតិ ពិសេស​គឺ​អាមេរិក​ជា​មេ​នាំ​អាទិ៍​។ 

​ក្រុមហ៊ុន​Huawei​បានបញ្ជាក់​ជំហរ​យ៉ាង​ច្បាស់លាស់​ថា នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​បណ្ដា​ប្រទេស​នានា ចាត់វិធានការ​ស្វែងរក​ភស្ដុតាង​មក​បង្ហាញថា ក្រុមហ៊ុន​ពិតជា​មានបំណង​ធ្វើ​ចារកម្ម​តាមរយៈ​ឧបករណ៍​របស់ខ្លួន ឬ​គ្រាន់​ជា​ការមូល​បង្កាច់​។ ក្រុមហ៊ុន​ក៏​សង្ឃឹម​នឹងមាន​ប្រទេស​ងាក​មក​សហការ​ក្នុង​ប្រព័ន្ធ​5G​ជាថ្មី ទោះបីជា​មាន​ប្រទេស​ខ្លះ​ប្រកាស​ផ្អាក​កិច្ចសន្យា​ក៏ដោយ​។​

​គួរ​បញ្ជាក់ថា អាមេរិក​ទើបតែ​ប្រកាស​ថ្មីៗ​ឲ្យ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ឈប់​ប្រើប្រាស់​ឧបករណ៍​របស់​ក្រុមហ៊ុន​Huawei ដោយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ទិន្នន័យ​។ អាមេរិក​ចោទថា​ក្រុមហ៊ុន​Huawei សហការ​ជាមួយ​រដ្ឋាភិបាល​ចិន លួច​បង្កប់​ឧបករណ៍​សម្ងាត់​ស៊ើបការណ៍​ព័ត៌មាន​អ្នកប្រើប្រាស់​។ ប៉ុន្ដែ​យ៉ាងណាមិញ​ការចោទប្រកាន់​របស់​អា​មេរិក គ្មាន​ភស្ដុតាង​មក​បង្ហាញ​ឡើយ ហើយ​ក្រុមហ៊ុន​ក៏​ចេញមុខ​បដិសេធ​ដាច់ខាត​ដែរ​៕