បច្ចេកវិទ្យា

វិស្វករ​ចិន​​ម្នាក់​​ត្រូវ​ចោទប្រកាន់​​ពីបទ​លួច​បច្ចេកវិទ្យា​​ផលិត​រថយន្ដ​​ក្រុមហ៊ុន​Apple

ដោយ៖ ពេញ ផេង    01-02-2019 9:43 AM    2743
រូបភាពឡូហ្គោក្រុមហ៊ុន​Apple

​វិស្វករ​ជន​ជាតិចិន​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ លួច​ព័ត៌មាន​អាថ៌កំបាំង​ស្ដីពី​គម្រោង​នៃ​ការផលិត​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​Apple​។ នេះ​គឺជា​បណ្ដឹង​ព្រហ្មទណ្ឌ​ថ្មី​មួយ​ត្រូវ​បានបង្ហាញ​ឲ្យដឹង​។ លោក​Chen Jizhong ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមករា មួយថ្ងៃ​បន្ទាប់ពី​លោក​បាន​កក់​សំបុត្រ​យន្ដហោះ​ធ្វើដំណើរ​ត្រឡប់​ទៅ​ប្រទេស​ចិន ជា​កន្លែង​លោក​បាន​ដាក់ពាក្យ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ដ​នៅ​ទីនោះ​។ នេះ​បើ​យោងតាម​ពាក្យបណ្ដឹង ដាក់​ប្ដឹងទៅ​តុលាការ​ក្នុង​រដ្ឋ​California​នា​សប្ដាហ៍​នេះ​។​

​បទចោទប្រកាន់​ពី​ការ​លួច​ព័ត៌មាន​ពាណិជ្ជកម្ម​សម្ងាត់ លោក​Chen​អាច​ជាប់ពន្ធនាគា​ររ​ហូ​តដល់​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២៥០,០០០​ដុល្លារ​អាមេរិក​។ លោក​Chen​ជា​វិស្វករ​អេឡិចត្រូនិ​ចម្នាក់ ដែល​ក្រុមហ៊ុន​Apple​បាន​ជួល​ឲ្យធ្វើ​ការ​កាលពី​ខែមិថុនា​ឆ្នាំមុន ជា​ផ្នែក​មួយ​នៃ​ក្រុម​រចនា​ផ្នែក​រឹង​របស់​ក្រុមហ៊ុន ធ្វើការ​លើ​គម្រោង​ផលិត​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​។ លោក​ត្រូវបាន​ក្រុមហ៊ុន​ផ្ដល់​ការបណ្ដុះបណ្ដាល ពី​ការការពារ​កុំឲ្យ​បែកធ្លាយ​ព័ត៌មាន​ក្រុមហ៊ុន សូម្បីតែ​សមាជិកគ្រួសារ​ក៏​មិន​ឲ្យដឹង​ដែរ​។ លោក​ក៏​ជា​បុគ្គលិក​ស្នូល​ម្នាក់ ក្នុងចំណោម​បុគ្គលិក​ស្នូល​១,២០០​នាក់​។​

​កាលពី​ខែធ្នូ​ឆ្នាំមុន លោក​Chen​ត្រូវបាន​ក្រុមហ៊ុន​Apple​កត់សម្គាល់​ឃើញថា ការងារ​របស់លោក​ត្រូវតែ​អភិវឌ្ឍ​បន្ថែម​។ ខែ​បន្ទាប់​បុគ្គលិក​ក្រុមហ៊ុន​បាន​កត់សម្គាល់ឃើញ​ទៀតថា លោក​Chen​បាន​លួច​ថតរូប​គម្រោង​រថ​យន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ រួច​ក៏​រាយការណ៍​ទៅកាន់​ថ្នាក់លើ​តែម្ដង​។ ក្រៅពីនេះ​លោក​បានកូពី​ឯកសារពី​កុំព្យូទ័រ​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន ដាក់​ក្នុង​កុំព្យូទ័រ​ឯកជន​របស់​លោក​ផងដែរ ដោយ​ក្នុងនោះ​មាន​ឯកសារ​ជាង​២​ពាន់​ហ្វាល សុទ្ធ​ជា​ឯកសារ​សម្ងាត់ ខុសពី​ការហាមឃាត់​របស់​ក្រុមហ៊ុន​៕