បច្ចេកវិទ្យា

Tesla​​ប្រកាស​ប្រមូល​​រថយន្ដ​ជាង​១​ម៉ឺន​គ្រឿង​​ចូល​ក្រុមហ៊ុន​វិញ​​ព្រោះ​បញ្ហា​មួយ​

ដោយ៖ ពេញ ផេង    18-01-2019 1:17 PM    4249
រូបភាពរថយន្ដអគ្គិសនីរបស់ក្រុមហ៊ុនដ​Tesla​

​ក្រុមហ៊ុន​ផលិត​រថយន្ដ​Tesla​របស់​អាមេរិក បានប្រកាស​ប្រមូល​រថយន្ដ​ចំនួន​១៤,១២៣​គ្រឿង ដែល​លក់​ចេញ​នៅក្នុង​ប្រទេស​ចិន​ចូល​ក្រុមហ៊ុន​វិញ ដោយសារតែ​បញ្ហា​ពោង​សុវត្ថិភាព​។ ពោង​សុវត្ថិភាព​ក្នុង​រថយន្ដ​ដែលមាន​បញ្ហា ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន​Takata​។ ចិន​ក៏​បានប្រកាស​ពី​ការជូនដំណឹង​នេះ នៅ​ថ្ងៃទី​១៨​មករា​រួចរាល់​ហើយ​ដែរ​។ 

​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​មួយ​នេះ ក៏បាន​ប្រកាស​ឲ្យ​នាំយក​រថយន្ដ​ស៊េរី​S​មួយចំនួន បាន​លក់​ចេញ​នៅក្នុង​ទីផ្សារ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧ ត្រឡប់​ចូល​ក្រុមហ៊ុន​វិញ​ផងដែរ បន្ទាប់ពី​បញ្ហា​ពោង​សុវត្ថិភាព​បណ្ដាលឲ្យមាន​គ្រោះថ្នាក់ រហូតដល់​ស្លាប់​បាត់បង់​ជីវិត​។ 

​ចំពោះ​ប្រភេទ​រថយន្ដ​ដែលមាន​បញ្ហា​នៅ​ចិន ក៏​ជា​រថយន្ដ​ស៊េរី​S​ដូចគ្នា ផលិត​ចន្លោះ​ពី​ខែកុម្ភៈ​ឆ្នាំ​២០១៤​ដល់​ខែធ្នូ​ឆ្នាំ​២០១៦​។ រថយន្ដ​ដែលមាន​បញ្ហា ក្រុមហ៊ុន​នឹង​ជួសជុល​ឡើងវិញ ប៉ុន្ដែ​ក្រុមហ៊ុន​Tesla​មិន​បានបញ្ជាក់​ទេ​ថា មាន​រថយន្ដ​ប៉ុន្មាន​គ្រឿង​ត្រូវបាន​លក់​ចេញ​នៅ​ក្នុងប្រទេស​ចិន​៕