បច្ចេកវិទ្យា

Nike​ផលិត​​បាន​​ស្បែកជើង​​បញ្ជា​​ដោយ​ស្មា​ត​ហ្វូន​​គ្រោង​ចេញលក់​​ឆាប់ៗ​នេះហើយ​

ដោយ៖ ពេញ ផេង    17-01-2019 8:43 AM    4487
រូបភាពស្បែកជើង​​ដែលអាច​បញ្ជា​ដោយទូរស័ព្ទ​ស្មាតហ្វូន

​នៅ​ទីបំផុត​ក្ដី​សុបិន​របស់​អ្នកគាំទ្រ​ផលិតផល​ក្រុមហ៊ុន​Nike បាន​ក្លាយជា​ការពិតហើយ​។ ក្រុមហ៊ុន​បានបង្ហាញ​ប្រភេទ​ស្បែកជើង​កីឡា ដែលមាន​សមត្ថភាព​យ៉ាង​ពិសេស អាច​បញ្ជា​ដោយ​ប្រើ​កម្មវិធី​តាមរយៈ​ស្មា​ត​ហ្វូន​បាន​ផងដែរ​។ ស្បែកជើង​នេះ​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ដែល​គេ​ហៅថា “power laces” មានន័យថា​ប្រព័ន្ធ​ថាមពល​រឹតខ្សែ​ពិសេស គឺ​អ្នកប្រើប្រាស់​អាច​បន្ដឹង​និង​បន្ធូរ កុំឲ្យ​ណែន​ពេ​ករលុងពេក តាមរយៈ​ការ​ចុច​ប៊ូ​តុង​នៅលើ​ស្បែង​ជើង ឬ​អាច​បញ្ជា​តាម​កម្មវិធី​នៅលើ​ស្មា​ត​ហ្វូន​ក៏បាន​។​

​ការ​រចនា​ស្បែកជើង​នេះ​ឡើង​សម្រាប់​ប្រភេទ​កីឡា​បាល់បោះ ប៉ុន្ដែ​វា​ក៏មាន​បំពាក់​កម្មវិធី​ដើម្បីឲ្យ​ចងចាំ​នូវ​ភាពសមស្រប​ផ្សេងៗ​គ្នា ដែល​អ្នកប្រើប្រាស់​អាច​ផ្លាស់ប្ដូរ​ក្នុងស្ថានភាព​នី​មួយៗ​។ តួយ៉ាង​ដូចជា​ការផ្លាស់​ប្ដូរ​ពី​កន្លែង​លេង​កីឡា ទៅ​កន្លែង​អង្គុយ​ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​Nike​។ អ្នកប្រើប្រាស់​ក៏​អាច​កំណត់​ពន្លឺ និង​ទាញយក​កម្មវិធី​អាប់​ឌែ​ត​នៅលើ​ស្បែកជើង​ផងដែរ ដែល​ស្បែកជើង​នេះ​ក៏​នឹង​តម្រូវឲ្យ​សាក​ថ្ម​។ 
​សូមបញ្ជាក់ថា ក្រុមហ៊ុន​គ្រោង​នឹង​ផលិត​ស្បែកជើង សម្រាប់​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត​ជាច្រើន​នៅ​ពេលអនាគត​។ ដោយឡែក​ចំពោះ​ស្បែកជើង​ប្រភេទ​ថ្មី​របស់​ក្រុមហ៊ុន​Nike​មួយ​នេះ ជំហាន​ដំបូង​នឹង​ដាក់លក់​នៅ​អាមេរិក​មុនគេ​ក្នុងតម្លៃ​៣៥០​ដុល្លារ​អាមេរិក​។ ក្រោយមក​នឹងមាន​លក់​នៅ​គ្រប់​ទីផ្សារ​ទូទាំង​ពិភពលោក ចាប់ពី​ថ្ងៃទី​១៧​ខែកុម្ភៈ​ខាងមុខ​៕