បច្ចេកវិទ្យា

វៀតណាម​ថា​​ក្រុមហ៊ុន​​Facebook​​បន្ដ​រំលោភ​​លើ​ច្បាប់​​វៀតណាម​ដដែល​

ដោយ៖ ពេញ ផេង    10-01-2019 9:52 AM    5227
រូបភាពតំណាងឲ្យ​អ្នកកំពុងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក

បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បានឲ្យដឹងថា ក្រុមហ៊ុន​ហ្វេ​សប៊ុក​បាន​រំលោភ​លើ​ច្បាប់ថ្មី​ស្ដីពី សន្ដិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​។ រំលោភ​លើ​ច្បាប់​ថ្មី​នេះ ដោយសារតែ​ក្រុមហ៊ុន​ហ្វេ​សប៊ុក នៅតែ​បន្ដ​អនុញ្ញាតឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​របស់ខ្លួន បង្ហោះ​សារ​ប្រឆាំង​រដ្ឋាភិបាល​ដដែល​។ 

​បើទោះបីជា​មាន​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច និង​បើកចំហ​ចំពោះ​ការផ្លាស់ប្ដូរ​ក្នុងសង្គម​ពិតមែន ក៏​គណបក្ស​កុម្មុយនីស្ដ​វៀតណាម នៅតែ​រក្សា​ការត្រួតពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​តឹងរ៉ឹង​បំផុត និង​មិន​អត់ឱន​ឲ្យ​ពួក​ប្រឆាំង​ឡើយ​។ ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​និយាយថា ក្រុមហ៊ុន​ហ្វេ​សប៊ុក​មិនបាន​ឆ្លើយតបនឹង​សំណើ​របស់​វៀតណាម សុំឲ្យ​លុបចោល​គេហទំព័រ ដែល​បង្ក​សកម្មភាព​ប្រឆាំង​រដ្ឋ​ឡើយ​។ ក្រៅពីនេះ​ក្រុមហ៊ុន​ហ្វេ​សប៊ុក​បន្ដ​អនុញ្ញាតឲ្យ​មានគ​ណ​នី​ឯកជន បង្ហោះ​ព័ត៌មាន​ប្រឆាំង​រដ្ឋាភិបាល បង្កាច់បង្ខូច​និង​បរិហារកេរ្ដិ៍​បុគ្គល​និង​អង្គការក្រៅរដ្ឋាភិបាល​ថែមទៀត​។​

​យ៉ាងណាមិញ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ក្រុមហ៊ុន​ហ្វេ​សប៊ុក​បាន​និយាយថា ក្រុមហ៊ុន​មាន​ដំណើរការ​ច្បាស់លាស់​សម្រាប់​រដ្ឋាភិបាល​នានា រាយការណ៍​ពី​មាតិកា​ឬ​សារ​ដែល​ខុសច្បាប់​មក​ក្រុមហ៊ុន​។ ក្រុមហ៊ុន​នឹង​ពិនិត្យមើល​សំណើ​ទាំងអស់នោះ ប្រសិនបើ​មាន​ករណី​ប្រឆាំង​ច្បាប់​ក្រុមហ៊ុន និង​ប្រឆាំង​ច្បាប់​ក្នុងស្រុក​របស់​ប្រទេស​នោះ​៕