បច្ចេកវិទ្យា

រដ្ឋាភិបាល​​ជប៉ុន​​នឹង​ផ្អាក​​កិច្ចសន្យា​​ទិញ​គ្រឿង​​បរិក្ខា​​ពី​ក្រុមហ៊ុន​ចិន​​Huawei​និង​ZTE

ដោយ៖ ពេញ ផេង    07-12-2018 9:30 AM    1049
រូបភាពឡូហ្គោក្រុមហ៊ុន​Huawei

​ប្រទេស​ជប៉ុន​គ្រោង​នឹង​ហាមឃាត់​រដ្ឋាភិបាល មិនឲ្យ​ទិញគ្រឿង​បរិក្ខា​ពីក្រុម​ហ៊ុន​បច្ចេកវិទ្យា​ចិន​Huawei​និង ZTE​ទេ​។ នេះ​បើតាម​មន្ដ្រី​ម្នាក់​បញ្ជាក់ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ​នៅ​ថ្ងៃទី​០៧​ធ្នូ​នេះ​។ កាសែត​Yomiuri​ដែល​ចេញផ្សាយ​ព័ត៌មាន​នេះ បាន​និយាយថា​រដ្ឋាភិបាល​នឹងធ្វើ​វិសោធនកម្ម​ច្បាប់​ផ្ទៃក្នុង​របស់ខ្លួន ដើម្បី​ទប់ស្កាត់​ការ​លេច​ធ្លាយ​ព័ត៌មាន​សម្ងាត់ និង​ការពារ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត​។ 

​ព័ត៌មាន​ដែល​ជប៉ុន​គ្រោង​ហាមឃាត់​រដ្ឋាភិបាល មិនឲ្យ​ទិញគ្រឿង​បរិក្ខា​ពីក្រុម​ហ៊ុនចិន​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​អាមេរិក​ទើប​សម្រេច​ហាមឃាត់​ដូចគ្នា​។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ថា ក្រុមហ៊ុន​Huawei​ជាប់​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​ចិន ហើយ​ការប្រើប្រាស់​ឧបករណ៍​ក្រុមហ៊ុន​នេះ អាច​ផ្ដល់​ភាពងាយស្រួល​សម្រាប់​ក្រុម​ចារកម្ម​លួច​យក​ព័ត៌មាន​។ ប៉ុន្ដែ​ក្រុមហ៊ុន​Huawei​ច្រានចោល​ការចោទប្រកាន់​នេះ​៕