បច្ចេកវិទ្យា

ក្រុម​K-pop BTS​​ខកខាន​​ការសម្ដែង​​ដ៏​ធំ​​ព្រោះ​រឿង​​មិន​នឹកស្មាន​ដល់​​មួយ​

ដោយ៖ ពេញ ផេង    10-11-2018 8:09 AM    346
រូបភាពក្រុម BTS កូរ៉េខាងត្បូង

​ទូរទស្សន៍​មួយ​របស់​ជប៉ុន​បាន​លុបចោល​កម្មវិធី​សម្ដែង​ក្រុម​ចម្រៀង​K-pop BTS​កូរ៉េខាងត្បូង ក្រោយ​មាន​ភាពចម្រូងចម្រាស​ទាក់ទង​នឹង​សមាជិក​ក្រុមចម្រៀ​ង​ម្នាក់ បាន​ពាក់​អាវយឺត​ដែលមាន​អក្សរ​និង​មាន​រូបភាព​នៃ​ការទម្លាក់​គ្រាប់បែកបរមាណូ​របស់​អាមេរិក​លើ​ប្រទេស​ជប៉ុន ដែល​កាលនោះ​សម្លាប់​មនុស្ស​រាប់ពាន់នាក់​។ រូបភាព​លោក​Jimin​ពាក់​អាវយឺត​ពណ៌​នាពី​ការទម្លាក់​គ្រាប់បែក​លើ​ប្រទេស​ជប៉ុន បាន​ចែករំលែក​លើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេត បង្កឲ្យមាន​កំហឹង​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នកគាំទ្រ​ជនជាតិ​ជប៉ុន ដែល​ពួកគេ​ចាត់ទុកថា​ជា​ការប្រមាថ​។ ក្រោយមក​BTS​ក៏បាន​សុំទោស​ដល់​អ្នកគាំទ្រ​ខ្លួន​ផងដែរ​។

​អាវយឺត​ដែលមាន​រូបភាព​គ្រាប់បែក​អាមេរិក​ទម្លាក់​លើ​ប្រទេស​ជប៉ុន ក៏មាន​ពាក្យស្លោក​ឯករាជ្យ​ជាតិ​របស់​កូរ៉េខាងត្បូង​។ មានន័យថា​ដោយសារតែ​ការទម្លាក់​គ្រាប់បែក​នេះហើយ ទើប​កូរ៉េខាងត្បូង​អាច​ទទួលបាន​ឯករាជ្យ ពី​ការត្រួតត្រា​របស់​ជប៉ុន​ក្នុងសម័យ​សង្គ្រាមលោកលើកទី​ពីរ​។​

​សូមបញ្ជាក់ថា ទូរទស្សន៍​Asahi​ជប៉ុន​គ្រោង​នឹង​រៀបចំ​កម្មវិធី​សម្ដែង​របស់​ក្រុម​BTS​កាលពី​ថ្ងៃទី​០៩​វិច្ឆិកា ប៉ុន្ដែ​ដោយសារ​មាន​រឿងចម្រូងចម្រាស​ក៏​សម្រេច​ផ្អាក​វិញ​។ តាម​សេចក្ដីថ្លែងការណ៍​ទូរទស្សន៍​បញ្ជាក់ថា ខ្លួន​មិនដឹង​សមាជិក​ក្រុម​BTS​ពាក់​អាវយឺត​ដែល​បង្ក​ភាពចម្រូងចម្រាស​នេះ​នៅពេលណា​ពិតប្រាកដ​ទេ គ្រាន់តែ​ដឹង​រូបភាព​របស់លោក​បាន​ចែកចាយ​លើ​អ៊ី​ន​ធឺ​ណេត​កាលពី​ខែតុលា​។ យ៉ាងណាមិញ​ស្ថានីយទូរទស្សន៍​នឹង​រៀបចំ​កម្មវិធី​សម្ដែង​នេះ​នៅពេល​ក្រោយ ប៉ុន្ដែ​មិនទាន់​បញ្ជាក់​ពេលវេលា​ទេ​៕