បច្ចេកវិទ្យា

YouTube​​ចេញ​សារ​​សុំទោស​​ក្រោយ​​មាន​​បញ្ហា​ធំ​មួយ​​រំខាន​​ដល់​​អ្នកប្រើប្រាស់​

ដោយ៖ ពេញ ផេង    17-10-2018 1:46 PM    510
ឡូហ្គោក្រុមហ៊ុនYouTube

​ក្រុមហ៊ុន​YouTube បាន​ជួប​បញ្ហា​ទាក់ទង​នឹង​សេវាកម្ម​របស់ខ្លួន​នា​ថ្ងៃទី​១៧​តុលា​នេះ ដោយ​អ្នកប្រើប្រាស់​មិនអាច​ចូល​មើល​វីដេអូ​បានទេ​។ បើតាម​សេចក្ដីរាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ ក្រុមហ៊ុន​បាន​ជួប​បញ្ហា​មិន​អាចឲ្យ​អ្នកប្រើប្រាស់​ចូល​មើល​វីដេអូ​បាន ព្រោះ​វា​លោត​សញ្ញា​Error នៅលើ​ទំព័រ​ដើម​របស់​YouTube ដែល​មើលទៅ​ឃើញតែ​ផ្ទាំង​ពណ៌​ស​ប៉ុណ្ណោះ​។

​ដោយឡែក​នៅលើ​កម្មវិធី​ទូរស័ព្ទដៃ មាន​លោត​សញ្ញា​ថា​"Error loading / Tap to retry​"។ បញ្ហា​នេះ​បាន​កើតឡើង​ប្រមាណ​ជា​៩០​នាទី ហើយ​ភ្លាមៗ​អ្នកជំនាញ​របស់​ក្រុមហ៊ុន​ក៏បាន​ត្រួតពិនិត្យ​រក​បញ្ហា ក្រោយ​ទទួលបាន​សារ​ពី​អ្នកប្រើប្រាស់​ជាច្រើន​។ ក្រុមហ៊ុន​ក៏​បានប្រកាស​សុំទោស​ដល់​អ្នកប្រើប្រាស់​ទូ​ទាំង​ពិភពលោក ដោយ​និយាយថា​ពេលនេះ​ក្រុមហ៊ុន​កំពុង​ដោះស្រាយ​ហើយ​។ ក្រុមហ៊ុន​នឹង​ជូនដំណឹង​ពី​បញ្ហា​រំខាន​នេះ​នៅពេល​ក្រោយ​។

សូមបញ្ជាក់ថា បញ្ហា​បើក​YouTube​មិន​ចេញ​នេះ កើតមានឡើង​នៅ​អាមេរិក អូស្ដ្រាលី សិង្ហ​បុរី ម៉ាឡេស៊ី ថៃ ជប៉ុន និង​អង់គ្លេស ហើយ​វា​មិនមែនជា​លើកទីមួយ​ទេ កន្លងមក​ក្រុមហ៊ុន​ក៏​ធ្លាប់​ជួប​បញ្ហា​នេះដែរ​៕