បច្ចេកវិទ្យា

ក្រុមហ៊ុន​ហ្វេសប៊ុក​ប្រឈមនឹង​ការពិន័យ​១.៦៣​ពាន់លានដុល្លារ​ពីអឺរ៉ុប

ដោយ៖ ពេញ ផេង    03-10-2018 5:59 PM    691
រូបភាពលោកMark Zuckerbergនាយកប្រតិបត្ដិក្រុមហ៊ុនហ្វេសប៊ុក

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសថា គណនីអ្នកប្រើប្រាស់ប្រមាណ៥០លានគណនី ត្រូវបានក្រុមHackerចូលវាយប្រហារ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ​ទៅលើក្រុមហ៊ុនយក្ស​មួយ​នេះ​។​ ក្រុមហ៊ុនមិនបានប្រកាសព័ត៌មានច្បាស់លាស់ ទាក់ទងនឹងការចូលវាយប្រហារទេ។

ស្របពេលមិនទាន់​មានការ​បកស្រាយ​បំបាត់មន្ទិលដូច្នេះ ក្រុមហ៊ុនហ្វេសប៊ុក​អាចប្រឈម​នឹងការពិន័យ​ពីក្រុម​ឃ្លាំមើល​មួយរបស់​សហភាពអឺរ៉ុប ចំនួន១.៦៣​ពាន់លានដុល្លារ។ តាមរបាយការណ៍​​ចុះ​ផ្សាយ​ដោយ​កាសែត​Wall Street Journal​ថ្មីៗនេះ គណៈកម្មាធិការ​​ការ​ពារ​ទិន្នន័យ​ឯកជន ដែលដឹកនាំ​ការឃ្លាំមើល​យ៉ាងយកចិត្ដទុកដាក់​លើក្រុមហ៊ុន​ហ្វេសប៊ុក​នៅអឺរ៉ុប បានស្នើសុំឲ្យ​ក្រុមហ៊ុនហ្វេសប៊ុក​បញ្ជូនព័ត៌មាន​លម្អិត ទាក់ទង​នឹងការចូល​វាយប្រហារ​​គណនី​អ្នកប្រើប្រាស់​​៥០លាន​គណនី​ទៅឲ្យខ្លួន។ បើមិនអ៊ីចឹងទេ​ក្រុមហ៊ុនបណ្ដាញ​សង្គមយក្សមួយនេះ នឹងត្រូវប្រឈម​ការពិន័យ​ជាប្រាក់១.៦៣​ពាន់លានដុល្លារ ព្រោះតែការពារ​ទិន្នន័យ​អ្នកប្រើប្រាស់​មិនបាន។

សូមរម្លឹកថា ក្រុមហ៊ុនហ្វេសប៊ុក​ធ្លាប់បានប្រកាស​កាលពីដើម​ឆ្នាំនេះ​ដែរថា មានគណនីហ្វេសប៊ុក​របស់អ្នកប្រើប្រាស់​ប្រមាណ​៨៧លាននាក់ ត្រូវបានក្រុម​Hacker​លួចចូល​មើលទិន្នន័យ​ដោយគ្មាន​ការអនុញ្ញាត។ ការបែកធ្លាយ​នេះ​នាយកប្រតិបត្ដិ​ក្រុមហ៊ុនហ្វេស​ប៊ុកលោក​Mark Zuckerberg ក៏ត្រូវបានកោះ​ហៅឲ្យចូលបំភ្លឺ​ម្ដងរួចមកហើយ ពីសុវត្ថិភាព​នៃការរក្សា​ទិន្នន័យរបស់​អ្នកប្រើប្រាស់៕